ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ក្តារ​មឈូស​ជា​របរ​ដែលកាក់កប​ជាងគេ​នៅ​អែ​ល​សាល់​វ៉ា​ឌ័​រ

7 ឆ្នាំ មុន

មួយ​ថ្ងៃ​មានការ​សម្លា.ប់​មនុស្ស​២២​ករណី
ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ​នៅ​អា​មេ​រិ​ក​កណ្តាល​ជា​ប្រទេស​តូច​មាន​ប្រជាជន​មិន​ដល់​៦​លាន​នាក់​ផង តែ​សព្វថ្ងៃ​ប្រទេស​នេះ​កំពុង​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​កើត​មាន​

មួយ​ថ្ងៃ​មានការ​សម្លាប់​មនុស្ស​២២​ករណី
ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ​នៅ​អា​មេ​រិ​ក​កណ្តាល​ជា​ប្រទេស​តូច​មាន​ប្រជាជន​មិន​ដល់​៦​លាន​នាក់​ផង តែ​សព្វថ្ងៃ​ប្រទេស​នេះ​កំពុង​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​កើត​មាន​អំពើ​ហិង្សា​សម្លាប់​មនុស្ស​ខ្លាំងក្លា​ជាងគេ​បង្អស់ ។ ៦​ខែ​ដើមឆ្នាំ​២០១៥ គ្រាន់តែ​ទីក្រុង​សាន​សាល់​វ៉ា​ឌ័​រ​តែ​មួ​យ មានការ​សម្លាប់​មនុស្ស​២.៨៦៥​ករណី កើន​៥៥,៧​ភាគរយ បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ ចំណែក​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៦ នេះ គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មនុស្ស​ស្លាប់​នៅ​ទីក្រុង​សាន​សាល់​វ៉ា​ឌ័​រ​ចំនួន ២២​នាក់ ។ មិន​ត្រឹមតែ​ប្រជាជន​សាមញ្ញ​ទេ សូ​ម្បី​ប៉ូលិស​ដែល​មាន​អាវុធ​ក្នុង​ដៃ​ក៏​ត្រូវ​សម្លាប់​ដែរ ។ កាលពី​ឆ្នាំ​២០១៥ នាយ​ប៉ូលិស​៣១​នាក់ ពល​ប៉ូលិស​១២​នាក់ ត្រូវ​សម្លាប់ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អំពើ​ហិង្សា​សម្លាប់​មនុស្ស​នៅ​អែ​ល​សាន់​វ៉ា​ឌ័​រ​កើនឡើង​រហូត អត់​មាន​ឃើញ​ថមថយ​ឡើយ ។ ព្រោះតែ​ដូច្នេះ​ទើប​សព្វថ្ងៃ​គេ​ឃើញ​ឪពុក​ម្តាយ​ជា​ជនជាតិ​អែ​ល​សាល់​វ៉ា​ឌ័​រដឹក​ដៃ​កូន ទាំង​ហ្វូង​ៗ រត់​ទៅ​សហរដ្ឋអាមេរិក លែង​ខ្លាច​ត្រូវ​ចាប់ពី​បទ​អន្តោប្រវេសន៍​ខុសច្បាប់​ទៀត​ហើយ ទោះ​ជាប់​ពន្ធនាគារ​ក៏​ប្រសើរ​ជាង​ស្លាប់​នៅ​ស្រុក​កំណើត​ដែរ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ធំ​ៗ​ដូច​យ៉ាង​ពួក Barrio-18 ពួក MS-13 ជាដើម​បង្កើន​សកម្មភាព​ខ្លាំងក្លា​ពេញបន្ទុក​ហើយ ។

ការ​សើចចំអក​របស់​ព្រហ្ម​លិខិត
នៅ​ពេល​កើត​មាន​អំពើ​ហិង្សា​ដល់​ថ្នាក់​គ្រប់គ្រង​លែង​បាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ឥឡូវ​សេដ្ឋកិច្ច​អែ​ល​សាល់​វ៉ា​ឌ័​រហាក់​ដូច​ទន់ជង្គង់​ស្រុញ​នៅ​មួយ​កន្លែង​ដែរ ។ សហគ្រាស រោងចក្រ​ផលិត​ទំនិញ ផ្សេង​ៗ បិទទ្វារ​ជា​បន្តបន្ទាប់ ហើយ​ជំនួស​មក​វិញ​ដោយ​សហគ្រាស​ផលិត​ក្តារ​មឈូស​ទៅ​វិញ ។ លោក Cesar Cruz ម្ចាស់​សហគ្រាស​ផលិត​ក្តារ​មឈូស​មួយ និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ថា «​ទីប្រជុំជន​ដែល​ខ្ញុំ​កំពុង​រស់នៅ​នេះ ឈ្មោះ​ទីប្រជុំជន Jucuapa ។ ពី​មុន​នៅ​ទីប្រជុំជន​នេះ​មាន​សហគ្រាស​ផលិត​មឈូស​តែ​៣​កន្លែង​ប៉ុណ្ណោះ តែ​ឥឡូវ​កើន​៦​ដង គឺ​កើន​ដល់​១៨​កន្លែង ។ របរ​ផលិត​ក្តារ​មឈូស​ជា​របរ​កាក់កប​ជាងគេ​សម្រាប់​សភាពការណ៍​ដូច​អែ​ល​សាល់​វ៉ា​ឌ័​រ​សព្វថ្ងៃ​» ។

សហគ្រាស​ផលិត​មឈូស​របស់​លោក Cruz មាន​កម្មករ កម្មការិនី​១៦​នាក់ ផលិត​មឈូស​លក់​ចេញ​បាន​៤០​គ្រឿងក្នុង​មួ​យស​ប្តា​ហ៍ ប្រហាក់ប្រហែល​សហគ្រាស​ផលិត​មឈូស​១៧​កន្លែង​ផ្សេង​ទៀត​ដែរ ។ លោក Cruz និយាយ​បន្ត​ដោយ​និយាយ​ផង​ដកដង្ហើម​វែង​ផង «​នៅ Jucuapa សព្វថ្ងៃ​អ្នកមាន​លុយកាក់ ខ្លះ​ៗ​ឱ្យ​តែ​និយាយ​ដល់​ការ​រកស៊ី អ្នក​ណា​ក៏​នឹង​ឃើញ​មុខរបរ​ផលិត​មឈូស​លក់​ដែរ ។ ក្រៅពី​របរ​មួយ​នេះ ហ៊ាន​តែ​ប្រថុយ​ប្រកប​របរ​ផ្សេង មុខតែ​ដាច់​ពោះ​ស្លាប់​មិន​ខាន ។ នេះ​ជា​ការ​សើចចំអក​របស់​ព្រហ្ម​លិខិត​យ៉ាង​ពិតប្រាកដ​ហើយ​» ។

ក្តារ​មឈូស​ផលិត​នៅ​អែ​ល​សាល់​វ៉ា​ឌ័​រ ក្រៅពី​លក់​ក្នុង​ប្រទេស នៅ​បាន​បញ្ជូន​ទៅ​លក់​នៅ​ប្រទេស ផ្សេង​ៗ​នៅ​អា​មេ​រិ​ក​កណ្តាល​ដូច​គ្នា ដូច​យ៉ាង​ប្រទេស​ហុង​ឌុ​យ​រ៉ា​ស់ និង​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ជាដើម ព្រោះ​នៅ​ប្រទេស​ទាំងនោះ​ក៏​មាន​អំពើ​ហិង្សា​សម្លាប់​មនុស្ស​រាល់ថ្ងៃ​ដែរ គ្រាន់តែ​មិន​ធ្ងន់​ពេក​ដូច​នៅ​អែ​ល​សាល់​វ៉ា​ឌ័​រ​ប៉ុណ្ណោះ ៕