ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនម្នាក់ត្រូវ​ខ្សែ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ពេលប៉ុនប៉ង​​ចូលលួចទ្រព្យ​សម្បត្តិ​​ស្ត្រីមេ​ម៉ាយ

15 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ ​ជនម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​​ចោរ​បាន​ស្លាប់ដោយសារ​តែ​​ឆក់ខ្សែចរន្ត​អគ្គិសនី​​​ ក្នុងគ្រាដែល​​ប៉ុនប៉ង​​​ចូលលួច​ទ្រព្យ​សម្បត្តិ​​​ស្ត្រីមេម៉ាយ​​ម្នាក់ កាលពីវេលាម៉ោង​​​១​និង​​​៣០នាទី​​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​​១ មីនា នេះ ​នៅក្នុង​​​ក្រុម​​​ទី​៨ ភូមិបោះ​​​ពោធិ៍ ឃុំ​​អូរ​ដំបង​​១ ​ស្រុកសង្កែ ។

មន្ត្រីនគរបាល​មូលដ្ឋាន​បាននិយាយ​ថា ​ជនសង្ស័យ​​នោះ បាន​​ស្លាប់​ផ្កាប់​មុខ​​ក្រោម​​​សំយាប​ផ្ទះ​​​ស្ត្រីមេម៉ាយ​​កូនមួយម្នាក់ឈ្មោះ​​ ឈួន សាលី ​ហៅច្រិប ​អាយុ​​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​​ខាងលើ ។ ​​ឯ​ជនសង្ស័យ​​​​ត្រូវគេ​ស្គាល់​ថា ឈ្មោះ​ឈូក សារឿន ​ហៅភ័ក្រ ​អាយុ​​​២៣​ឆ្នាំ រស់នៅ​​ឃុំ​ព្រែក​​នរិន្ទ ​ស្រុកឯក​ភ្នំ ។ ​ជននេះ​​ស្លាប់​​ដោយ​សារ​​​ឆក់ខ្សែ​​ចរន្ត​អគ្គិសនី​​ ដែលស្ត្រី​​មេ​ម៉ាយ​​​ខាងលើ​​ដាក់​​ពង្រាយ​​ក្រោម​ផ្ទះ​របស់គាត់​ ដើម្បី​​ការ​​ពារ​ទ្រព្យ​សម្បត្តិ​​​ ហើយ​បុរស​​នេះ​ទំនង​​ប៉ុន​ប៉ង​​​ចូលក្រោម​​​ផ្ទះក្នុង​គោល​បំណង​​មិនល្អ ទើប​ជួប​សំណាង​​អាក្រក់​​បែប​នេះ ។

តាមការ​បំភ្លឺ​​ពីម្ចាស់ផ្ទះ​​ អ្នកស្រី​​ឈួន សាលី ​បានប្រាប់សមត្ថកិច្ច​​ថា គាត់​​​​ដេកតែ​ម្នាក់​ឯង​នៅ​លើ​ផ្ទះ​នេះ​ ដោយសារ​​កន្លងមក​​​មាន​​​ចោរ​ចូល​លួច​ទ្រព្យ​​​សម្បត្តិ​របស់​គាត់​​មិនឈប់ឈរ​សោះ ​ដូច្នេះហើយ​​ទើបគាត់​ប្រើ​វិធីនេះ​ដើម្បីរក​មុខ​​ចោរ​ម្តង ។ អ្នកស្រី​​​និយាយ​ថា ​ក្នុងគ្រាដែល​​គាត់​សម្រាក​លក់​​នា​វេលានោះ ​ស្រាប់តែ​ឮ​សំឡេង​ស្រែក​​ក្រោម​ផ្ទះ​ ​រួចគាត់បើក​​ភ្លើង​បំភ្លឺ​​​ខាងក្រៅ ​ហើយ​ចុះមក​​មើលក៏​ឃើញ​បុរស​​នោះដេក​ស្តូក ហើយ​រូបគាត់​ក៏ប្រាប់​​​អ្នកជិត​ខាង​​​ និង​រាយ​ការណ៍​​ទៅសមត្ថកិច្ច​​មូលដ្ឋាន​​ទាំង​យប់​​​តែម្តង ៕​