ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន លី​ហ៊ុយ និង កុយ ចាន់​តូ ទៅ​រួច​អត់​ពេល​ជួប​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​បារាំង?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ និង​កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ប្រទេស​​បារាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​

រាជធានី​ភ្នំពេញ ៖ ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ និង​កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ប្រទេស​​បារាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC​នា​ថ្ងៃ​សៅរ៍ ទី​២៣ កក្កដា ខានស្អែក​នេះ ។ អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ភាគច្រើន​កំពុង​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ មាន​សមត្ថភាព​តតាំង​ជាមួយ​ជើង​ខ្លាំង​មក​ពី​បារាំង​ដែរ​ឬ​យ៉ាងណា ។

ខុន លី​ហ៊ុយ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ​Louis Renault​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម រីឯ កុយ ចាន់​តូ ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ​Samuel Hardy Dessoures​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដូច​គ្នា ។ តាម​ការ​ឱ្យ​ដឹង កីឡាករ​បារាំង​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេពី​មុន​មក ទើប​គ្មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ទាំង​២​ច្បាស់លាស់ ។

ខុន លី​ហ៊ុយ ទាំង​មាឌ និង​កម្ពស់​គឺ​ចាញ់​ប្រៀប Louis Renault ប៉ុន្តែ​បើ​និយាយ​ពី​ល្បិច ប្រយុទ្ធ​វិញ​ប្រហែល​មិន​ចាញ់​ឡើយ ។ ជាក់ស្ដែង​លោក​មាស សុខ​គ្រី កាលពី​ប៉ុន្មាន​ថ្ងៃ មុន​បាន​អះអាង​ថា កីឡាករ​បារាំង​ទាំង​២​រូប​នេះ ធ្លាប់​ឡើង​សង្វៀន​មិន​ច្រើន​នោះ​ទេ ដូច្នេះ​ទោះបី​ពួក​គេ​មាន​កម្លាំង​ខ្លាំង និង​ល្បិច​ប្រកួត​មិន​អាច​មើល​ស្រាល​បាន ប៉ុន្តែ​ពេល​មក​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់​ដូច​ជា​ខុន លី​ហ៊ុយ នឹង​អាច​ជួប​លទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ ។

ចំណែក​ការ​ជួប​គ្នា​រវាង កុយ ចាន់​តូ និង​កីឡាករ​បារាំង​ឈ្មោះ​Samuel Hardy Dessoures​វិញ​នោះ ក៏​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​នោះ​ដែរ ។ កុយ ចាន់​តូ ជា​អ្នក​ប្រដាល់​​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់ក្រែល​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ដូច​គ្នា​មិន​ងាយ​មាន​អ្នក​ណា​ផ្ដួល​គេ​បាន​ឡើយ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​កីឡាករ​បារាំង​លើក​នេះ​គេ​មិន​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធ​ចាញ់​-​ឈ្នះ​ទេ បាន​ត្រឹមតែ​សន្យា​ថា នឹង​ព្យាយាម​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​មិន​ឱ្យ​អ្នកគាំទ្រ​ខក​ចិត្ត​ឡើយ ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ទៀត​ដូច​ជា​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។

ដោយឡែក សម្រាប់​ការ​ប្រកួត​ថ្ងៃអាទិត្យ​ទី​២៤ កក្កដា នៅ​លើ​សង្វៀន​ដដែល​នេះ​ដែរ​កីឡាករ ខុន សុវណ្ណ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ កូយ ឡាយ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ។ កីឡាករ សំខាន់ រ​ដ្ធា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ជា​ស្រេង មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ  ។ កីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​សាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ។ កីឡាករ សុ​ខុន រី​ហ្គា​វុ​ត្ថា មក​ពី​ក្លិប​កុមារ​ទេព ប្រកួត​ជាមួយ​កីឡាករ សៅ ដា​វុ​ធ មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ។ កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ជឹ​ម សា​រ៉ា​យ មក​ពី​ក្លិប​ខ្លា​ខិ​ន​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង ប៊ុ​ន​ហេង មក​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សន គឹ​ម​ស៊ា​ន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕