ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី៣០ មីនា បានអំពាវនាវដល់ប្រទេសរបស់លោកឱ្យកាត់បន្ថយការនាំចូលប្រេងឆៅ១ភាគ៣ នៅត្រឹមឆ្នាំ២០២៥ ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួននាពេលអនាគត ។ លោកអូបាម៉ា បានទទូចដូច្នេះក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Geogetwon ក្នុងទីក្រុងវ៉ាស៊ីនតោន ។ លោកប្រធានាធិបតីអូបាម៉ា ថ្លែងថា «ថ្ងៃនេះខ្ញុំចង់ប្រកាសពីទិសដៅថ្មីមួយ ដែលសមហេតុ សមផល ហើយអាចសម្រេចបាន និងចាំបាច់បំផុត ។ នៅពេលខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី អាមេរិកបាននាំចូលប្រេងឆៅចំនួន១១លានធុង ក្នុងមួយថ្ងៃ ដូច្នេះរយៈពេលជិតមួយទសវត្សទៀតយើងនឹងកាត់បន្ថយការនាំចូលប្រេង១ភាគ៣ ។
លោកអូបាម៉ា ថ្លែងថា «មធ្យោបាយតែមួយគត់ ដើម្បីផ្គត់ផ្គង់ថាមពលរបស់អាមេរិកគឺការកាត់បន្ថយការពឹងផ្អែករបស់យើងលើការនាំចូលប្រេង» ។ បើនិយាយពីការផ្គត់ផ្គង់កាលពីឆ្នាំ២០១០ កន្លងមក ការផលិតប្រេងរបស់អាមេរិក ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣មក។ រដ្ឋការរបស់លោកអូបាម៉ា កំពុងជំរុញឱ្យមានការរុករកប្រេងនៅក្នុងសមុទ្រ ។ លោកប្រធានាធិបតីអូបាម៉ា ថ្លែងថា «ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំប្រេងចូលរដ្ឋការរបស់ខ្ញុំកំពុងជំរុញឱ្យមានប្រតិបត្តិការរុករកប្រេងនៅក្នុងសមុទ្រ» ។ លោកអូបាម៉ា គូសបញ្ជាក់ថា សហរដ្ឋអាមេរិកប្រើប្រាស់ប្រហែល២៥ភាគរយនៃប្រេងលើពិភពលោក ។ ជាមួយគ្នានេះ លោកអូបាម៉ា គូសបញ្ជាក់ថា អាមេរិកនឹងបន្តអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ បើទោះបីជាមានគ្រោះមហន្តរាយនុយក្លេអ៊ែរកើតឡើងនៅប្រទេសជប៉ុនកាលពីពេលថ្មីៗកន្លងមកក៏ដោយ ៕
ចែករំលែកព័តមាននេះ