ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​សមុទ្រ​កម្ពុជា​ ទទួល​សញ្ញា​បត្រ​​ផ្លូវ​ការ​​នៅ​ខែ​ឧសភា ឆ្នាំ​នេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ទី​ស្តី​ការ​​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី​២២ មីនា ​មាន​រៀប​ចំ​ពិធី​ប្រគល់​​-ទទួល​ឯក​សារ​របាយ​ការណ៍​ចុង​ក្រោយ ​ស្តី​ពី​យុទ្ធ​សាស្ត្រ​​ជាតិ​សមា​ហ​រណ​កម្ម​តំបន់​ឆ្នេរ និង​ប្លង់​គោល​ខេត្ត​​ព្រះ​សីហនុ សម្រាប់​អភិ​វឌ្ឍន៍​ប្រកប​ដោយ​​​ចីរ​ភាព ក្រោម​អធិបតី​ភាព​លោក​អ៊ឹម ឈុន​​លឹម ​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់។

រាជធានីភ្នំពេញ ៖ នៅ​ទី​ស្តី​ការ​​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី​២២ មីនា ​មាន​រៀប​ចំ​ពិធី​ប្រគល់​​-ទទួល​ឯក​សារ​របាយ​ការណ៍​ចុង​ក្រោយ ​ស្តី​ពី​យុទ្ធ​សាស្ត្រ​​ជាតិ​សមា​ហ​រណ​កម្ម​តំបន់​ឆ្នេរ និង​ប្លង់​គោល​ខេត្ត​​ព្រះ​សីហនុ សម្រាប់​អភិ​វឌ្ឍន៍​ប្រកប​ដោយ​​​ចីរ​ភាព ក្រោម​អធិបតី​ភាព​លោក​អ៊ឹម ឈុន​​លឹម ​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់។

​តាម​របាយ​ការណ៍​​​របស់​លោក​ឌុច វន​ទីតូ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រៀប​ចំ​ដែន​ដី​ និង​នគរូប​នីយ​កម្ម​បាន​ឱ្យ​ដឹង​ថា ដោយ​​អនុវត្ត​តាម​អនុ​ស្សរណៈ​យោគ​យល់​គ្នា​រវាង​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​ជប៉ុន (JICA) ជា​មួយ​នឹង​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់​​លើក​ទី​១​កាល​ពី​​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០០៨ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០០៨ ​ក្រុម​ការ​ងារ​បច្ចេក​ទេស​របស់ JICA និង​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម និង​សំណង់​​ ចាប់​ផ្តើម​​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សិក្សា​យុទ្ធ​សាស្ត្រ​​ជាតិ​សមា​ហរណ​កម្ម​តំបន់​ឆ្នេរ និង​ប្លង់​គោល​ខេត្ត​ព្រះ​សីហនុ ​សម្រាប់​ការ​​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព ដោយ​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី ២២ មីនា ឆ្នាំ​២០០៩ ។ កា​រ​សិក្សា​​នេះ​មាន​រយៈ​ពេល​១៦​​ខែ​ គិត​ចាប់​ពីថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០០៩ រហូត​ដល់​ចុង​ខែ​កក្កដា ឆ្នាំ​២០១០ ។

ក្នុ​ងការ​សិក្សា​នេះ ​មាន​​ការ​គាំទ្រ​ដោយ​ក្រុម​បច្ចេក​ទេស​របស់​អង្គ​ការ JICA ទាំង​អស់​ចំនួន​១៩​នាក់ ទៅ​តាម​ជំនាញ​ដោយ​ឡែក​ពី​គ្នា រួម​មាន​ ផែន​ការ​អភិ​វឌ្ឍន៍​តំបន់​ ផែ​នកា​រប្រើ​ប្រាស់​ដី និង​នគរូប​នីយ​កម្ម ផែ​នការ​គ្រប់​គ្រង​ទឹក​ស្អាត និង​កាក​សំណង់​រឹង​/រាវ ផែន​ការ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ ​ផ្នែក​វិភាគ​សេដ្ឋ​កិច្ច សង្គម​កិច្ច​ ជំនាញ GIS ផ្នែក​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​​សង្គម និង​បរិ​ស្ថាន និង​ផ្នែក​អភិ​វឌ្ឍន៍​សមត្ថ​ភាព។
ការ​សិក្សា​​ខាង​លើ​នេះ រួម​មាន ៣​ផ្នែក​​សំខាន់ៗ​គឺ ទី១-ការ​កសាង​យុទ្ធ​សាស្ត្រ​​ជាតិ​សមា​ហរណ​កម្ម​​តំបន់​ឆ្នេរ​នៃ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះ​​សីហនុ ខេត្ត​កំពត ខេត្ត​កោះ​កុង និង​ខេត្ត​កែប ចាប់​ពី​​ខែ​មីនា​ដល់​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩ ​ទី២-ការ​កសាង​ប្លន់​​គោល​ខេត្ត​ព្រះ​សីហនុ និង​យុទ្ធ​សាស្ត្រ​​អភិ​វឌ្ឍន៍​សម្រាប់​ខេត្ត​កំពត ចាប់​ពី​ខែ​តុលា ឆ្នាំ​២០០៩ ​ដល់​ខែ​មីនា ឆ្នាំ​២០១០ និង​ទី​៣-​ការ​កសាង​​ផែន​​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​​ចាប់​ពី​ខែ​មីនា ឆ្នាំ​២០០៩ ដល់​ខែ​មីនា​ ឆ្នាំ​២០១០ ។

ដោយ​ការ​​​សិក្សា​​គម្រោង​នេះ មាន​លក្ខណៈ​អន្តរ​​វិស័យ​ ក្រុម​ការ​ងារ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ ស្ថាប័ន​ អាជ្ញា​ធរ​ដែន​ដី និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​តាម​រយៈ ១-កិច្ច​ប្រជុំ​​អន្តរ​ក្រសួង​ចំនួន​៤​លើក ដើម្បី​ពិភាក្សា​ អំពី​​គោល​បំណង លទ្ធ​ផល​រំពឹង​ទុក វិធី​សាស្ត្រ​សិក្សា វឌ្ឍន​ភាព​គម្រោង បញ្ហា​ប្រឈម ចក្ខុ​វិស័យ ​និង​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិ​វឌ្ឍ ការ​ការ​ពារ​បរិ​ស្ថាន​ ផែន​ការ​អភិ​វឌ្ឍន៍​​សមត្ថ​ភាព​មន្ត្រី និង​អនុ​សាសន៍​​នានា​លើ​ការ​សិក្សា​។ ២-សិក្ខា​​សាលា​ថ្នាក់​ខេត្ត​​ចំនួន​៣​លើក ដើម្បី​ធ្វើ​ការ​ពិគ្រោះ​​យោបល់​​ជា​សាធារណៈ លើ​រំបក​គំហើញ​នានា​នៃ​ការ​សិក្សា​​របស់​ក្រុម​ការងារ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​មូល​ដ្ឋាន​ក្នុង​ខេត្ត​ទាំង​៤​នៃ​តំបន់​ឆ្នេរ។ ៣-សិក្ខា​សាលា​ថ្នាក់​ជាតិ​ចំនួន​២​លើក ដើម្បី​បង្ហាញ​នូវ​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្តី​ពី​យុទ្ធ​សាស្ត្រ​ជាតិ​​សមា​ហរណ​កម្ម​តំបន់​ឆ្នេរ ប្លង់​គោល​ខេត្ត​ព្រះ​សីហនុ និង​យុទ្ធ​សាស្ត្រ​​អភិ​វឌ្ឍន៍​សម្រាប់​ខេត្ត​កំពត ។ ​

ទន្ទឹម​នឹង​នេះ គម្រោង​ក៏​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​អំពី​ចំណេះ​ដឹង និង​បទ​ពិសោធន៍​នៃ​ការ​រៀប​ចំ​ផែន​ការ​ប្រើ​ប្រាស់​ដី និង​ការ​អភិ​វឌ្ឍ​ទី​ក្រុង​នៅ​ប្រទេស​ជប៉ុន ​ដល់​មន្ត្រី​​ជំនាញ​ថ្នាក់​​​ជាតិ អាជ្ញា​ធរ​ខេត្ត និង​មន្ត្រី​របស់​​មន្ទីរ​រៀប​​​​​​ចំ​ដែន​ដី នគរូប​នីយ​កម្ម សំណង់ និង​សុរិ​យោ​ដី​នៃ​ខេត្ត​តំបន់​ឆ្នេរ​​ទាំង​៤​ទៀត​ផង ។ ​ជា​លទ្ធ​ផល​នៃ​ការ​សិក្សា​គម្រោង​​ខាង​លើ​នេះ នៅ​ចុង​ឆ្នាំ​២០១០ ក្រុម​ការ​ងារ​បាន​បញ្ចប់​នូវ​ការ​ចង​ក្រង​ឯក​សារ​របាយ​ការណ៍​ចុង​ក្រោយ​​ដែល​បាន​រៀប​ចំ​ជា​៣​ប្រភេទ គឺ ឯក​សារ​របាយ​ការណ៍​ពិស្តារ​ជា​ភាសា​អង់​គ្លេស​​ ឯក​សារ​របាយ​ការណ៍​សង្ខេប​ជា​ភាសា​អង់​គ្លេស​ និង​ឯក​សារ​របាយ​ការណ៍​សង្ខេប​ជា​ភាសា​ខ្មែ​រ ​ដែល​តាម​ផែន​ការ​ក្រសួង​​គ្រោង​ដាក់​​ស្នើ​សុំ​ការ​អនុ​​ម័ត​ពី​រាជ​រដ្ឋា​ភិបាល​ក្នុង​ឆ្នាំ​២០១១ នេះ ។

លោក​​ទេស​រដ្ឋ​មន្ត្រី អ៊ឹម ឈុន​លឹម បាន​ថ្លែង​ថា តំបន់​ឆ្នេរ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គឺ​ជា​ប៉ូល​​សេដ្ឋ​កិច្ច​​មួយ​ដ៏​មាន​​សក្តានុ​ពល​ក្នុង​ចំណោម​ប៉ូល​សេដ្ឋ​កិច្ច​ធំៗ​ទាំង​៣ រួម​មាន​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ។ ការ​សិក្សា​នេះ​ក៏​បាន​ផ្តល់​នូវ​​របក​គំហើញ​ដ៏​មាន​សារ​​ប្រយោជន៍ និង​បាន​រួម​ចំណែក​យា៉ង​ច្រើន​ចំពោះ​ការ​ចូល​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​​​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ទទួ​ល​សញ្ញា​បត្រ​​​ជា​ផ្លូវ​​ការ​នៅ​ប្រទេស​​សេណេ​ហ្គាល់ ​នៅខែ​ឧសភា ឆ្នាំ​២០១១​ខាង​មុខ​នេះ ។ ​គម្រោង​សិក្សា​នេះ​​កាន់​តែ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​​ថែម​ទៀត ​សម្រាប់​នាំ​ផ្លូវ​ឆ្ពោះ​ទៅ​រក​តុល្យ​ភាព​រវាង​ការ​អភិ​វឌ្ឍ និង​ការ​អភិ​រក្ស​ក្នុង​តំបន់​ឆ្នេរ ។ ទន្ទឹម​នឹង​នេះ​ ការ​សិក្សា​លំអិត​អំពី​ផែន​ការ​ប្រើ​ប្រាស់​ដី​ក្នុង​តំបន់​ក្រុង​នីមួយៗ គឺ​ជា​ប្រការ​ដ៏​ចាំ​បាច់​មិន​អាច​ខ្វះ​បាន ដែល​ទាម​ទារ​ឱ្យ​ធ្វើ​ការ​សិក្សា​​ក្នុង​ជំហាន​បន្ត​បន្ទាប់​ទៀត ដើម្បី​ធានា​ការ​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព ។

លោក​អ៊ឹម ឈុន​លឹម បញ្ជាក់​ថា ពិធី​ប្រគល់​ និង​ទទួល​ឯក​សារ​របា​យការណ៍​ចុង​​ក្រោយ​​ដែល​បាន​រៀប​ចំ​​នា​ឱកាស​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​អំពី​លទ្ធ​ផល​នៃ​ការ​សិក្សា​គម្រោង​យុទ្ធ​សាស្ត្រ​ជាតិ​សមា​ហ​រណ​កម្ម​តំបន់​ឆ្នេរ និង​ប្លង់​គោល​​ខេត្ត​ព្រះ​សីហនុ​ សម្រាប់​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ទៅ​ដល់​គ្រប់​សមា​ជិក​នៃ​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ត្រួត​ពិនិត្យ​ ផ្តល់​សំណូម​ពរ និង​អនុ​សាសន៍​ជា​ចុង​ក្រោយ មុន​នឹង​ឯក​សារ​របាយ​ការណ៍​ចុង​ក្រោយ​នេះ បាន​រៀប​ចំ​ និង​បោះ​ពុម្ព​ជា​ផ្លូវ​ការ​ជា​ភាសា​ជាតិ ៕