ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមុំ​ឥណ្ឌា​និយម​វះកាត់​ពន្លូត​ជើង ដើម្បី​ងាយ​រក​ប្ដី

7 ឆ្នាំ មុន

នៅ​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ នាង​ក្រមុំ​ណា​មាន​ប្រាក់ បង្គួរ​ៗ ចូល​ចិត្ដ​ចំណាយ​លើ​ការ​វះកាត់​ពន្លូត​ជើង​ឱ្យ​វែង ដោយ​សុខចិត្ដ​ទ្រាំ​ការ​ឈឺចាប់​គ្រប់យ៉ាង ដើម្បី​ឱ្យ​មាន​រាង​ស្វែ​ល​ងាយ​រក​ការងារ​ធ្វើ​ក៏​ដូច​ជា​ងាយ​រក​ប្ដី​ដែរ ។

នៅ​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ នាង​ក្រមុំ​ណា​មាន​ប្រាក់ បង្គួរ​ៗ ចូល​ចិត្ដ​ចំណាយ​លើ​ការ​វះកាត់​ពន្លូត​ជើង​ឱ្យ​វែង ដោយ​សុខចិត្ដ​ទ្រាំ​ការ​ឈឺចាប់​គ្រប់យ៉ាង ដើម្បី​ឱ្យ​មាន​រាង​ស្វែ​ល​ងាយ​រក​ការងារ​ធ្វើ​ក៏​ដូច​ជា​ងាយ​រក​ប្ដី​ដែរ ។

លោក​វេជ្ជបណ្ឌិត Smar Sarin ដែល​មាន​ជំនាញ​ខ្ពស់​ក្នុង​ការងារ​នេះ និយាយ​របៀប​ស្ទាក់ស្ទើរ «​ខ្ញុំ​ធ្លាប់​សួរ​ខ្លួនឯង​ដែរ សួរ​ថា​វះកាត់​ពន្លូត​ដៃ ឬ​ជើង​នេះ​ជា​ការងារ​ល្អ​ឬ​អត់? ពេល​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ចិត្ដ​ដូច្នេះ ស្រាប់តែ​ឃើញ​អតិថិជន​របស់​ខ្លួន​សម្ដែង​ក្ដី​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​ការ​វះកាត់​បាន​សម្រេច ខ្ញុំ​ក៏​ឆ្លើយ​ប្រាប់​ខ្លួនឯង​ភ្លាម​ថា​ជា​ការងារ​ល្អ ហើយ​ក៏​បន្ដ​អនុវត្ដ​រហូត​ដល់​សព្វថ្ងៃ​» ។

លោក​វេជ្ជបណ្ឌិត Smar Sarin បញ្ជាក់​បន្ថែម​ថា គាត់​តែង​ប្រាប់​អតិថិជន​អំពី​គ្រោះថ្នាក់​នៃ​ការ​វះកាត់​ពន្លូត​ដៃជើង​នេះ ដែល​វា​អាច​កើត​មាន​ជាយថាហេតុ​គ្រប់ពេល ហើយ​ទូន្មាន​ពួក​គេ​ឱ្យ​ពិចារណា​ឡើង​វិញ តែ​គ្មាន​អ្នក​ណា​ព្រម​ប្ដូរ​គំនិត​ទាល់តែ​សោះ ។ គាត់​ថា ជួនកាល​ម្ដាយ​ឪពុក​តែ​ម្ដង​ជា​អ្នក​ជម្រុញ​ឱ្យ​កូនស្រី​ពន្លូត​ជើង​ដើម្បី​ឱ្យ​មាន​សម្ពស់​សមរម្យ ដូច​យ៉ាង​ករណី​នារី​ម្នាក់​ឈ្មោះ Komal អាយុ​២៤​ឆ្នាំ មាន​កម្ពស់​តែ​១,៣៧​មែ​៉​ត្រ ត្រូវ​ឪពុក​ម្ដាយ​លក់​ដី​កេរ​ដូនតា ប្រមូលប្រាក់​ឱ្យ​នាង​ពន្លូត​ជើង​ឱ្យ​មាន​កម្ពស់​សមរម្យ​នឹង​គេ ។ នាង​ចំណាយពេល​ដល់​ទៅ​មួយ​ខែ​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​គាត់ ដើម្បី​ឱ្យ​គាត់​ជួយ​នាង​ឱ្យ​មាន​កម្ពស់​សមរម្យ ។ លុះ​កិច្ចការ​បាន​សម្រេច នាង​ដើរទៅ​អួត​មិត្ដភក្ដិ​ដោយ​និយាយ​ថា តែ​ប៉ុណ្ណោះ​លែង​ចាំបាច់​ខ្លា​ចរក​ការងារ​ធ្វើ​លែង​បាន​ទៀត​ហើយ ។ កាល​នាង​ស្ថិត​ក្នុង​កម្ពស់​១,៣៧​ម៉ែ​ត្រ តែងតែ​ត្រូវ​គេ​បង្អាប់​ថា​ជាតិ​នេះ​រក​ការងារ​ធ្វើ​អត់​បាន​ទេ​, នាង​តឿ​អើយ !

លោក​វេជ្ជបណ្ឌិត Smar Sarin ឱ្យ​ដឹង​ថា ចំណូលចិត្ដ​ចង់​ពន្លូត​ដៃជើង ជា​និន្នាការ​ពេញ​និយម​ទៅ​ហើយ​នៅ​ឥណ្ឌា​, ខ្លួន​គាត់ មួយ​ថ្ងៃ​ៗ​ទទួល​ទូរស័ព្ទ​យ៉ាងតិច​២០​នាក់ សុទ្ធតែ​ជា​ទូរស័ព្ទ​សុំ​ការ​ប្រឹក្សា​រឿង​វះកាត់​ពន្លូត​ដៃជើង ។

នារី​ម្នាក់​ដែល​ទទួល​ការ​វះកាត់​បាន​សម្រេច​កាលពី​ឆ្នាំ​២០១៥ ឱ្យ​ដឹង​ថា នាង​ស្ទាបស្ទង់​វេជ្ជបណ្ឌិត​អស់​រាប់​សិប​នាក់ មុន​ពេល​ទៅ​ជួប​លោក​វេជ្ជបណ្ឌិត Smar Sarin ។

វេជ្ជបណ្ឌិត​ដែល​នាង​សួរ​ស្ទាបស្ទង់ មុន​ៗ អ្នកខ្លះ​ទើបតែ​ចូល​ប្រឡូក​វះកាត់​ឱ្យ​អតិថិជន​បាន​ម្នាក់​, ខ្លះ​បាន​បី​នាក់ ។ វេជ្ជបណ្ឌិត​ខ្លះ​ទៀត​មិន​ទាន់​ធ្លាប់​អនុវត្ដ​ម្ដងណា​សោះ ។ នាង​ចំណាយពេល​ជិត​មួយ​ឆ្នាំ​ទើប​រក​ឃើញ​វេជ្ជបណ្ឌិត​មាន​បទ​ពិសោធ​ពេញ​ខ្លួន Smar Sarin នេះឯង ។

ទោះជា​យ៉ាងណា​ក្ដី​ការ​វះកាត់​កែ​សម្រស់​តាម​របៀប​ពន្លូត​ដៃជើង​នេះ បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​ក្នុង​មជ្ឈដ្ឋាន​វេជ្ជបណ្ឌិត និង​មជ្ឈដ្ឋាន​ដទៃ​មិន​តិច​ឡើយ ។ កាលពី​ខែមេសា ឆ្នាំ​២០១៦​នេះ វេជ្ជបណ្ឌិត​មួយ​រូប​ទទួល​វះកាត់​ពន្លូត​ជើង​ឱ្យ​នារី​ម្នាក់​អាយុ​២៣​ឆ្នាំ​, គ្រាន់តែ​ការងារ​នេះ​ដំណើរការ​ចប់​ភ្លាម វេជ្ជបណ្ឌិត​រូប​នេះ​ត្រូវ​គណៈកម្មការ​សីលធម៌​រដ្ឋ Andhra Pradesh កោះហៅ​ទៅ​សួរ​ចម្លើយ ខណៈ​វេជ្ជបណ្ឌិត​ជា​ច្រើន​រូប​ទៀត​របស់​រដ្ឋ​នេះ​ហៅ​ការ​វះកាត់​ពន្លូត​ដៃជើង ជា​ការ​វះកាត់​ខុសធម្មតា ។

លោក​វេជ្ជបណ្ឌិត Sudhir Kapoor ប្រធាន​សមាគម​វេជ្ជបណ្ឌិត​វះកាត់​កែ​សម្រស់​ឥណ្ឌា​និយាយ​ថា មិនមែន​អ្នក​ណា​ក៏​ត្រូវ​វះកាត់​ពន្លូត​ដៃជើង​ទេ លើកលែងតែ​ជា​ករណី​ពិសេស​បំផុត ព្រោះ​ការ​វះកាត់​ពន្លូត​ដៃជើង​ប្រឈម​គ្រោះថ្នាក់​ជាយថាហេតុ​ច្រើន​ប្រការ​មែនទែន​, ជូន​កាល​ភ្លាំងភ្លាត់​តែ​បន្ដិច​ក្លាយជា​មនុស្ស​ពិការ​អស់​មួយ​ជីវិត ។

ការ​វះកាត់​ពន្លូត​ដៃជើង​ដំបូង​បង្អស់​អនុវត្ដ​ក្នុង​ឆ្នាំ​១៩៥០ ។ អ្នក​អនុវត្ដ​ដំបូង​នោះ​គឺ​វេជ្ជបណ្ឌិត​ជនជាតិ​ប៉ូ​ឡូញ​ឈ្មោះ Gavriil Ilizarov ជា​វេជ្ជបណ្ឌិត​ដែល​ធ្លាប់​ត្រូវ​គេ​ហៅ​ថា ធ្វើ​តែ​រឿង​ឡឺ​កឺ ។ ដំបូង​គំនិត​របស់ Ilizarov គ្រាន់តែ​ចង់​ជួយ​អ្នកមាន​ពិការ​ភាព​ពី​កំណើត ឬ​អ្នក​ជួប​គ្រោះថ្នាក់ ផ្សេង​ៗ​បណ្ដាល​ឱ្យដៃ ឬ​ជើងវែង​ខ្លី​មិន​ស្មើគ្នា ។ ការ​វះកាត់​ពន្លូត​ដៃជើង​នេះ «​ដំបូង​ហៅ​ថា វិធី​វះកាត់ Ilizarov » ។ ថ្វីបើ​បច្ចុប្បន្ន​មាន​វិធី​វះកាត​ទំនើប​ជាង និង​បន្ថយ​ការ​ឈឺចាប់​ច្រើន​ជាង​ក៏​ដោយ​ក៏ «​វិធី​វះកាត់ Ilizarov» នៅ​តែ​ជា​វិធី​វះកាត់​ទូលំទូលាយ​នៅ​ឥណ្ឌា ៕