ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​វៀតណាម លួច​បង្កប់​ឈើប្រណិត​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត តាម​ប្រ​ម៉ា​ញ់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​វៀតណាម​លួច​បង្កប់​ឈើ​ក្រ​ញូ​ង​ក្នុង​រថយន្ត​ដឹក​ឆ្លង​ដែន​ចេញពី​កម្ពុជា​

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត តាម​ប្រ​ម៉ា​ញ់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​វៀតណាម​លួច​បង្កប់​ឈើ​ក្រ​ញូ​ង​ក្នុង​រថយន្ត​ដឹក​ឆ្លង​ដែន​ចេញពី​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ម៉ុ​កបាយ​។ ហើយ​ត្រូវ​កងរាជអាវុធហត្ថ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៩​កក្កដា ២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ចំបក់ ស្ថិត​នៅ​ភូមិ​ចំបក់​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំណុះ​៤៥​កៅអី ម៉ាក​ហ៊ី​យ៉ា់​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ 53N-9333 ពណ៌​ក្រហម​ដឹក​អ្នកដំណើរ​(​ទីក្រុង​ហូ​ជី​មិ​ញ​-​ភ្នំពេញ​-​សៀមរាប​) មាន​លួច​បង្កប់​ឈើ​ក្រ​ញូ​ង​ក្នុង​ឃ្លុប​រថយន្ត​ចេញពី​ខេត្តសៀមរាប​មក​រាជធានី​ភ្នំពេញ​រួច​បាន​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១​ឆ្ពោះ​មក​ខេត្តស្វាយរៀង​ទិស​ដៅ​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បា​វិត​-​ម៉ុ​កបាយ ប្រទេស​វៀតណាម​។

ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី គង់ កាន ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ឃាត់​រថយន្ត​សង្ស័យ ដោយ​មានការ​អញ្ជើញ​ចុះ​ឆែកឆេ​ដោយ​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​មាន​បង្កប់​ឈើ​ក្រ​ញូ​ង​ចំនួន​១០​កំណាត់​ស្មើ​១៨២​គីឡូក្រាម​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ង៉ូ វ៉ាំ​ង​ហុយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម​មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វិញ​ឡុ​ក​អា ខណ្ឌ​មិ​ញ​ថា​ន់ ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​(​ជា​ម្ចាស់​ឈើ​ក្រ​ញូ​ង​នេះ​) ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​បទល្មើស​ដឹកឈើ​ប្រណិត​( ក្រ​ញូ​ង​)​ដោយ​គ្មាន​លិខិតអនុញ្ញាត លោក​ព្រះរាជអាជ្ញា​បាន​ចាប់​ឃាត់​រថយន្ត​រួម​ទាំង​វត្ថុ​តាង និង​អ្នកបើកបរ​រថយន្ត​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង​តាម​នីតិវិធី​។

បើ​តាម​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ថា​លទ្ធផល​ការ​ពិនិត្យ​វាស់វែង​ឃើញ​ថា ឈើប្រណិត​ប្រភេទ​ក្រ​ញូ​ង​ចំនួន​១០​កំណាត់ ដែល​មាន​ប្រវែង​១​ម៉ែត្រ កម្រាស់​០,៥០​សង់ទីម៉ែត្រ ទទឹង​០,២០​សង់ទីម៉ែត្រ គិត​ជា​ទម្ងន់​ស្មើ​១៨២​គីឡូក្រាម ដកហូត​បាន​ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង​។​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បន្ត​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ង៉ូ វ៉ាំ​ង​ហុយ បាន​សារភាព​ថា ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ ដឹក​ភ្ញៀវ​ពី​ក្រុង​ហូ​ជី​មិ​ញ មក​ភ្នំពេញ​-​សៀមរាប ហើយ​បាន​ទិញ​ឈើប្រណិត​ពី​អ្នកលក់​ឈើ​នៅ​រាជធានី​ភ្នំពេញ​យក​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម​ដើម្បី​ធ្វើ​តុ​កៅអី​ប្រើប្រាស់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​ព្រះរាជអាជ្ញា​បាន​ធ្វើការ​ចោទប្រកាន់​ជន​ស​ង្ស​យ័​ឈ្មោះ ង៉ូ វ៉ាំ​ង​ហុយ ពី​បទ​ចោទ​តាម​មាត្រា​៩៦ និង​ពិន័យ​ជា​ប្រាក់​តាម​មាត្រា​៦៩ នៃ​ច្បាប់​ព្រៃឈើ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ស​ង្ស​យ័​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០១៦​នេះ​។

ចំពោះ​រថយន្ត និង​វត្ថុ​តាង​ឈើ​ក្រ​ញូ​ង​រក្សារ​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។ បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក គឺ​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​ជន​ទុច្ចរិត​លួច​បង្កប់​ឈើ​ក្រ​ញូ​ង​តាម​រថយន្តក្រុង​ពី​ខេត្ត​សៀ​បរាប​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ជា​ច្រើន​លើក​មក​ហើយ ក៏​ប៉ុន្តែ​ពិបាក​ក្នុង​ការ​កាក់​រថយន្ត​ឆែកឆេរ ដោយ​ជា​ទូទៅ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​វៀតណាម គឺ​ពិបាក​ឃាត់​ពិនិត្យ​ខ្លាំង​ណាស់ ឃាត់​ពិនិត្យ​ស្រួល​មិន​ស្រួល​ក្រុមហ៊ុន​វៀតណាម​ប្តឹង​របូត​សក្តិ​បាត់​៕