ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​ប៉ះ​វៀតណាម​ថ្ងៃស្អែក​នេះ​ដណ្ដើម​ឱកាស​ឡើង​ទៅ​យក​ពាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល​៣​ទល់​នឹង​សូន្យ បាន​រុញ​ឱ្យ​ក្រុម​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ឈាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល​៣​ទល់​នឹង​សូន្យ បាន​រុញ​ឱ្យ​ក្រុម​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ឈាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍ AFF Smart U16 Championship 2016 ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ ដោយឡែក​នៅ​ល្ងាច​នេះ ក្រុម​កម្ពុជា​នឹង​ប៉ះ​ជាមួយ​ក្រុម​វៀតណាម​នៅ​លើ​សមរភូមិ​វាលស្មៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​ដណ្ដើម​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាចព្រ័ត្រ​យក​ពាន ។ អីុចឹង​ហើយ ​ទើប​ការ​ប្រកួត​ល្ងាចស្អែក​​នេះ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

នៅ​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ស្អែក​នេះ គឺជា​ឱកាស​កាត់ក្ដី​ចុង​ក្រោយ​សម្រាប់​ក្រុម​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ ថា​ តើ​នឹង​មាន​វាសនា​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ដណ្ដើម​ពាន​ជា​ប្រវត្តិ​សាស្ត្រ ឬ​ក៏​អត់​។ ការ​ប្រកួត​ឈ្នះ​ទី​ម័​រ​ខាងកើត កាលពី​ថ្ងៃ​ទី​១៩ កក្កដា គឺជា​ហេតុផល​មួយ​ដែល​ជួយ​ឱ្យ​ក្រុម​កម្ពុជា បាន​ភ្លក់​រសជាតិ​ឈាន​ឡើង​មក​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ហើយ​ក៏​នឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​ប្រសិនបើ​ការ​ប្រកួត​ជាមួយ​វៀតណាម​នៅ​ល្ងាចស្អែក​នេះ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត​នោះ ។ ការ​ប្រកួត​នៅ​វេលា​ល្ងាច​ស្អែក​នេះ នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​កម្ពុជា​ក្ដុកក្ដួល​ក្នុង​ចិត្ត​មិន​តិច​ឡើយ ដោយសារ​តែ​ពួក​គេ​មិន​ចង់ឱ្យ​ការ​ប្រកួត AFF Smart U16 Championship 2016  មិន​មាន​វត្តមាន​ក្រុម​កម្ពុជា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ បើ​ទោះជា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​នៅ​ក្នុង​តំបន់​ក្ដី​។

យ៉ាងណា​ក៏​ដោយ គេ​មើលឃើញ​ថា ឱកាស​ឈាន​ឡើង​របស់​ក្រុម​ម្ចាស់ផ្ទះ នឹង​ស្ថិត​​ក្នុង​ភាព​ប្រទាញប្រទង់​ខ្លាំង​ណាស់ ដោយសារ​តែ​ក្រុម​វៀតណាម មិនមែន​ជា​ក្រុម​អន់​ឡើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ ការ​ប្រកួត​កន្លង​មក មាន​តែ​វៀតណាម និង​ថៃ​ទេ ដែល​​ត្រូវ​គេ​មើលឃើញ​មានឱកាស​កាន់​ពាន​ច្រើន​ជាងគេ ហើយ​កម្ពុជា​ក៏​ទំនង​នឹង​ត្រូវ​ប្រឈម​ខ្ពស់​ផង​ដែរ ​សម្រាប់​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃស្អែកនេះ ។ កម្ពុជា​បាន​សាង​ប្រវត្តិ​ឈាន​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ហើយ​ក៏​ចង់​បន្ត​ឈាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ ដើម្បី​បំបែក​កំណត់​ត្រា​អតីត​កាលដែល​មិន​ធ្លាប់​មានសំណាង​ទាល់​តែ​សោះ​នោះ ។ អ្នកគាំទ្រ​កម្ពុជា​ត្រូវការ​ឈ្នះ​ការ​ប្រកួត​សម្រាប់​ល្ងាចស្អែក​នេះ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ជឿ​ថា ចាញ់​ក៏​មាន​ចំនួន​ច្រើន​ដែរ ដោយសារ​តែ​វៀតណាម  មិនមែន​ជា​ក្រុម​ដែល​កម្ពុជា​ប្រដូច​បាន​ទាំង​ផ្នែក​បច្ចេកទេស និង​កម្លាំង​រត់​។ មានការ​ប៉ាន់​ស្មានថា ក្រុម​កម្ពុជា​នឹង​ត្រូវ​ក្រុម​វៀតណាម​ស៊ីមិន​តិច​ជាង​៣​គ្រាប់​នោះ​ទេ ប៉ុន្តែ​ក៏​មាន​អ្នក​បន់​ស្រន់​​ឱ្យ​ការ​ទស្សន៍​ទាយ​នោះ កុំឱ្យ​កើត​មាន​ឡើង​ផង​ដែរ ដោយសារ​តែ​ក្រុម​កម្ពុជា​មិន​ចង់​បាក់មុខ និង​មិន​ចង់​យក​ត្រឹម​លេខ​៣ ឬ​លេខ​៤ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ ការ​ប្រកួត​នេះ នឹង​ធ្វើ​ឱ្យ​មានការ​តាមដាន​ខ្លាំងក្លា បើ​ទោះជា​ក្រុម​កម្ពុជា​អាច​គេច​ផុត​ពី​ការ​រិះគន់​នៅ​ពេល​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​វៀតណាម​ក្ដី ។

នៅ​ក្នុង​ពូ​ល A វៀតណាម​បាន​ឈរ​លេខ​១ និង​មិន​ធ្លាប់​ប្រកួត​ចាញ់​ទាល់តែ​សោះ ដោយ​ធ្លាប់​ស្មើ​ជាមួយ​ហ្វី​លី​ពី​ន​តែ​ម្ដង​គត់ ហើយ​បើ​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មិនធម្មតា​ដែរ​។ ប៉ុន្តែ​គេ​ជឿជាក់​ថា បើ​កីឡាករ​កម្ពុជា​មាន​ទម្រង់​លេង​ល្អ នោះ​ក្រុម​វៀតណាម​នឹង​មិន​អាច​ឈ្នះ​គ្រាប់​បាល់​ក្នុង​រយៈពេល​៩០​នាទី និង​បញ្ចប់​ម៉ោង​បន្ថែម​បាន​ទេ ដែល​ពិតជា​នឹង​ធ្វើ​ឱ្យ​ការ​ឈ្នះ​ចាញ់​ត្រូវ​កាត់ក្ដី​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​មិន​ខាន ។

ទោះបី​យ៉ាងណា ប្រសិនបើ​ឈាន​ដល់​ការ​ស៊ុត​បាល់​បញ្ចូល​ទី គេ​មើល​មិនឃើញ​ក្រឡា​វៀតណាម​ចាញ់​ម្ចាស់ផ្ទះ​កើត​ទេ ដោយសារ​តែ​កីឡាករ​វៀតណាម​ភាគច្រើន គឺ​មាន​ថ្វី​ជើងល្អ​ជាង​កីឡាករ​កម្ពុជា ។ ឱកាស​ឈ្នះ​វៀតណាម​សម្រាប់​វគ្គ​នេះ គឺ​មាន​តែ​សំណាង​ហុច​ឱ្យ​ដូច​គេ​ថា បាល់​មូល​ប៉ុណ្ណោះ អីុចឹង​ហើយ​ទើប​អ្នកគាំទ្រ​ហាក់​បុក​ពោះ​ខ្លាំង​នៅ​ពេល​គិតដល់​ការ​ប្រកួត​ដែល​នឹង​កើតឡើង​នៅ​វេលា​ល្ងាច​នេះ​។ ម្នាក់​ៗ​មិន​ហ៊ាន​រំពឹង​ច្រើន​ទេ​ថា​ឈ្នះ ប៉ុន្តែ​បើ​ឈ្នះ​វៀតណាម​ហើយ​បាន​ឈាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ពិតជា​ធ្វើ​ឱ្យ​កក្រើក​នៅ​ក្នុង​ស្រទាប់​មហាជន​កម្ពុជា ។ ម្នាក់​ៗ​បាន​បន់ស្រន់​កុំឱ្យ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​៤ ក្រោយ​ការ​បញ្ចប់​ពាន ដោយសារ​តែ​ការ​ឈាន​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ គឺជា​លើក​ទី​១ ​របស់​កម្ពុជា​ដែល​គួរតែ​មានសំណាង​ជាង​នេះ នៅ​ក្រោយ​ការ​ប្រកួត​ត្រូវ​បញ្ចប់ ។ 

កម្មវិធី​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ស្អែកនេះ មានការ​ផ្លាស់​ប្ដូរ​ម៉ោង​ប្រកួត ដោយ​ក្រុម​ថៃ​ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ក្នុង​ពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នឹង​ប៉ះ​ក្រុម​វៀតណាម​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។ ការ​ប្រកួត​របស់​២​ក្រុម​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​កក​ក្ដាំង​បើ​ទោះ​នេះ​មិនមែន​ជា​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ។ នោះ​គឺ​ដោយសារ​តែ​នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​កាន់​ពាន ។ បើ​ឱ្យ​មហាជន​ទស្សន៍​ទាយ គឺ​ក្រុម​ថៃ​នឹង​ឈ្នះ​ក្រុម​អូស្ត្រាលី ហើយ​ក្រុម​វៀតណាម នឹង​ឈ្នះ​ក្រុម​កម្ពុជា​ដូច​គ្នា ។ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​បាន​ត្រឹមតែ​រំពឹង​ថា ក្រុម​កម្ពុជា​អាច​ឈ្នះ​ក្រុម​អូស្ត្រាលី ហើយ​ឈរ​លេខ​៣​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ព្យាករណ៍​ដដែល​នេះ​សុទ្ធតែ​បាន​បន់ស្រន់​សុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កែប្រែ​ដោយ​កុំឱ្យ​ក្រុម​វៀតណាម​ទាត់​ឈ្នះ​ក្រុម​កម្ពុជា​វិញ​ម្ដង សម្រាប់​ការ​ប្រកួត​ល្ងាច​ស្អែកនេះ ៕