រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង អ្នកជិះម៉ូតូអត់កញ្ចាក់ អត់ស្លាកលេខ ជាពិសេសរថយន្តអត់ស្លាកលេខ ឬពាក់ស្លាកលេខបណ្តោះអាសន្ន ប៉ុន្តែហួសកាលកំណត់ និងត្រួតពិនិត្យជនណាដែលធ្វើដំណើរមានភាពមិនប្រក្រតី។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩ មីនា ២០១១ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចផ្សារសេនជូរីប្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ ហើយកម្លាំងដែលចេញប្រតិបត្តិការដើម្បីសន្តិសុខ សណ្តាប់ធ្នាប់នេះសរុបជាង៥០នាក់ ក្នុងនោះមានកម្លាំងប៉ូលិស ប៉េអឹម ខាងសណ្តាប់ធ្នាប់ និងមន្ត្រីសាលាសង្កាត់-ខណ្ឌផងដែរ។ ការត្រួតពិនិត្យនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលផឹកស្រាស្រវឹងស្រែកឡូឡាបញ្ចេញឫកពារច្រងេងច្រងាងដាក់សមត្ថកិច្ច យកទៅឃុំនៅព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌ។
ឃាត់រថយន្តអត់ស្លាកលេខ១៣គ្រឿង និងម៉ូតូអត់មួក និងកញ្ចក់២០គ្រឿងដោយរថយន្តធ្វើការផាកពិន័យនៅនឹងកន្លែង ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឱ្យម្ចាស់ចូលទៅដោះស្រាយតាមច្បាប់នៅថ្ងៃបន្តបន្ទាប់ ។ ដោយឡែកមានរថយន្តខ្នាតធំមួយគ្រឿងដឹកខ្សាច់ធ្វើអាជីវកម្ម ប៉ុន្តែពាក់ស្លាកលេខ «ខ.ម» ត្រូវបានឃាត់យ៉ាងតឹងរ៉ឹង ចាត់ការតាមច្បាប់…៕


ចែករំលែកព័តមាននេះ