ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ត្អូញត្អែ បញ្ហា​សណ្តែកបាយ​ធ្លាក់​ថ្លៃ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ ដែល​បាន​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​បាន​ត្អូញត្អែរ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ប្រមូល​ផល​សណ្តែកបាយ

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ ដែល​បាន​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​បាន​ត្អូញត្អែរ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ប្រមូល​ផល​សណ្តែកបាយ បាន​ជួបនឹង​បញ្ហា​ទីផ្សារ​សណ្តែកបាយ​ធ្លាក់​ចុះ នៅ​ពេល​លក់​កសិផល កសិករ​ខ្លះ​លក់​មិន​រួច​ថ្លៃដើម​ផង បើ​ធៀប​នឹង​ឆ្នាំ​មុន​។ រីឯ​ទិន្នផល​សណ្តែក​ធ្លាក់​ចុះ ដោយសារ​តែ​ការ​បំផ្លាញ​ដោយ​សត្វ​ដង្កូវ​ហ្វូង កាលពី​ខែមិថុនា​កន្លង​ទៅ  ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។

លោក ហុង ឯម អាយុ​៣២​ឆ្នាំ ជា​កសិករ​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ នៅ​ភូមិ​អូរ​ខ្លែង​ពណ៌ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា នៅ​ពេល​កំពុង​ប្រមូល​ផល ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក ក្នុង​ការ​ហាល​សណ្តែក ធ្វើ​ឲ្យ​សណ្តែក របស់​ពួក​គាត់​ហាល​មិន​ស្ងួត ជា​ពិសេស​តម្លៃ​ក៏​ធ្លាក់​ថ្លៃ​តាម​ហ្នឹង បើ​ធៀប​នឹង​ឆ្នាំ​មុន​តម្លៃ​ទីផ្សារ​សណ្តែកបាយ បាន​រហូត​ដល់ ទៅ​៤៥០០​រៀល ទៅ​៥០០០​រៀល ក្នុង​មួយ​គីឡូក្រាម តែ​បច្ចុប្បន្ន​នេះ​ទីផ្សារ​សណ្តែកបាយ​ធ្លាក់​ចុះ​ដល់ ៣០០០​រៀល ។ 

កសិករ​ដដែល និយាយ​ថា បើ​គិត​ទៅ​លើ​ការ​ថែទាំ​ដំណាំ និង​កម្មករ​បេះ​សណ្តែក មិន​អាច​ឲ្យ​ពួក​គាត់​សល់​លុយ​ចំណេញ ពី​ការ​លក់​សណ្តែកបាយ​របស់​ពួក​គាត់​ទៅ​ឲ្យ​ឈ្មួញ​នោះ​ទេ​។ កសិករ​ខ្លះ​លក់​ទៅ​ចំណេញ​តិច អ្នកខ្លះ​លក់​ទៅ​មិន​រួច​ថ្លៃដើម រីឯ​អ្នកខ្លះ​លក់​ទៅ​បាន​រួចខ្លួន​។ ជុំវិញ​បញ្ហា​នេះ លោក ថោ​ង សា​គឿ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​សណ្តែកបាយ ពិតជា​មានការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ប្រាកដ​មែន ដោយសារ​តែ​កសិករ​ខ្លះ​បាន​លក់​សណ្តែក​របស់​ពួក​គាត់​ដោយ​បង្ខំ កសិករ​ខ្លះ​លក់​សណ្តែក​ហាល​មិន​ស្ងួត​ល្អ ដែល​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ទៅ​តាម​ហ្នឹង​។

លោក បញ្ជាក់​ថា កសិផល​សណ្តែកបាយ​ទាំង​អស់នេះ ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម មក​ដល់​ពេល​នេះ​តម្លៃ​សណ្តែក មាន​តម្លៃ​ចាប់ពី​៣៤០០​រៀល ទៅ​៣៨០០​រៀល ដែល​ឈ្មួញកណ្តាល​នៅ​ទីនោះ​រង់ចាំ​ទិញ​ជា​ហូរហែ ដូច្នេះ​កសិករ​ទាំងអស់​គួរ​រង់ចាំ​បន្តិច ។ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​អះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​សណ្តែកបាយ​របស់​កសិករ​ខេត្តព្រះវិហារ បាន​ធ្លាក់​ចុះ​បន្តិច ដែល​ជា​រៀង​រាល់​ឆ្នាំ​មិន​ធ្លាប់​មាន ដោយសារ​តែ​បញ្ហា​កាលពី​១​ខែ​កន្លង​ទៅ​នេះ ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ អាកាសធាតុ​ក្តៅ ជា​ឱកាស​ដែល​សត្វ​ដង្កូវ​ហ្វូង​បាន​ស៊ី​បំផ្លាញ​ដំណាំ​ពួក​គាត់​ស្ទើរតែ​គ្រប់​ចម្ការ តែ​ត្រូវ​បាន​កម្ចាត់​ទាន់​ពេលវេលា​។

សូម​បញ្ជាក់​ថា តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ របស់​កសិករ​នៅ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​១​ម៉ឺន​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា រីឯ​ការ​បំផ្លាញ​ចម្ការ​សណ្តែកបាយ ដោយ​សត្វ​ដង្កូវ​ហ្វូង​កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ មាន​ប្រមាណ​ជា​២០០​ហិ​កតា​៕