ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្ពុជា កាន់តែ​មាន​សក្ដានុពល​ក្នុង​អាជីវកម្ម​ក្នុង​ពេល​បច្ចុប្បន្ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​លើកកម្ពស់ និង​ជំរុញ​អោយ​ស្ត្រី​ចូលរួម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មានការ​គាំទ្រ រង់ចាំ​ការ​ជួយ​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​មានការ​លើកកម្ពស់ និង​ជំរុញ​អោយ​ស្ត្រី​ចូលរួម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មានការ​គាំទ្រ រង់ចាំ​ការ​ជួយ​បណ្ដុះបណ្ដាល​ដល់​ស្ត្រី​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា សហគ្រិន​ជា​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ និង​បាន​ធ្វើ​ឱ្យ​ស្ត្រី​កម្ពុជា​កាន់តែ​មាន​សក្ដានុពល​ក្នុង​អាជីវកម្ម ជា​ពិសេស​លើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ។ ជាក់ស្ដែង​លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ២០១៦ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាប់​ជំរើស​១២​រូប ក្នុង​នោះ​មាន​បេក្ខភាព​ជា​ស្ត្រី​៦​នាក់ ស្មើនឹង​បុរស ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​១២​រូប កាលពី​ថ្ងៃ​ទី​០៥ កក្កដា ២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សមាគម​សហគ្រិន​ស្ត្រី​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​ស្ត្រី ពង្រឹងសមត្ថភាព​ក្នុង​អាជីវកម្ម ដូច​ជា​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​នានា ជួយ​ដល់​ស្ត្រី​ក្នុង​សមាគម​សហគ្រិន​ស្ត្រី ។  លោកស្រី​មាន​ប្រសាសន៍​ថា «​ក្នុង​ចំណោម​សហគ្រិន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ត្រី​រហូត​ដល់​៦០​ភាគរយ ចឹ​ង​ហើយ​បានជា​យើង​បង្កើត​សមាគម​សហគ្រិន​ស្ត្រី​នេះ​ឡើង ដើម្បី​គៀងគរ​បណ្ដា​សហគ្រិន​ជា​ស្ត្រី ទទួល​បាន​នូវ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព ព្រមទាំង​យកចំណេះ​ដឹង​នានា ដែល​យើង​ផ្ដល់​ជូន​ទៅ​ចែករំលែក​ដល់​ស្ត្រី​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​»  ។

លោកស្រី​ឧកញ៉ា​បន្ត​ថា មិនតែប៉ុណ្ណោះ ដើម្បី​ឱ្យ​សហគ្រិន​ជា​ស្ត្រី​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម សមាគម​ក៏​បាន​ទាក់ទង​នឹង​បណ្ដា​ធនាគារ ហិរញ្ញវត្ថុ​នានា ផ្ដល់​ឥណ​ទាន​សម្រាប់​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវកម្ម ព្រោះថា កន្លង​មក នៅ​ពេល​ស្ត្រី​ទៅ​រក​ឥណទាន​ពី​ធនាគារ​មាន​ផលវិបាក​ច្រើន​ត្រូវការ​បំពេញបែបបទ​ច្រើន​។ ម្យ៉ាងទៀត​សមាគម​ក៏​បាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល ស្វែងរក​ការ​ជួយ​អន្តរជាតិ​ធ្វើ​យ៉ាងណា​សម្រួល​ដល់​សហគ្រិន​ស្ត្រី​ទាំង​ក្នុង​សមាគម និង​សហគ្រិន​ស្ត្រី​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល មាន​សហគ្រាស​ប្រមាណ​ជាង​៥២​ម៉ឺន ហើយ​ក្នុង​នោះ​៩៩,៨​ជា​សហគ្រាស​ធុន​តូច និង​មធ្យម និង​ផ្ដល់​ការងារ​សរុប​ប្រមាណ​៧០​ភាគរយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ។ ចំពោះ​ចំណូល​ពី​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ប្រមា​ន​៥៥​ភាគរយ​នៃ​ចំណូល​សរុប ដែល​វា​ជា​ចំណូល​មួយ​ធំ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

លោក ហេង សុខ​គង់ បាន​បន្ត​ថា « នៅ​ក្នុង​ចំណោម​សហគ្រាស​ទូ​ទាំង​ប្រទេស​ជាង​៥២​ម៉ឺន​សហគ្រាស​នោះ ស្ត្រី​ដែល​ជា​ម្ចាស់​សហគ្រាស​មាន​រហូត​ដល់​៦២​ភាគរយ ដែល​ចំនួន​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ត្រី​កម្ពុជា កាន់តែ​ច្រើន​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​អាជីវកម្ម » ។

គួរ​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ឆ្នាំ​២០១៦​នេះ ជា​លើក​ទី​២ រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ជ្រើសរើស​យក​សហគ្រិន​ឆ្នើម​ចំនួន​៤​រូប ដើម្បី​ទទួល​ពាន​ចំនួន​៤​ដែរ ទី​១-​ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ ២០១៦ ទី​២-​ពានរង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម ទី​៣-​ពានរង្វាន់​សហគ្រិន​ឆ្នើម​ស្ត្រី និង​ទី​៤-​ពានរង្វាន់​សហគ្រិន​វ័យឆ្លាត​ផ្នែក​បច្ចេកវិទ្យា ។ ចំពោះ​លទ្ធផល​នឹង​ប្រកាស​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ៕