ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​លទ្ធផល​ហើយ! របួស ចាន់ វឌ្ឍនាកា ត្រូវ​កំណត់​​ឱ្យ​ផ្អាក​ប្រកួត​6​ខែ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​វិស័យ​បាល់ទាត់​មិន​តិច​ទេ បង្ហាញ​អារម្មណ៍​តក់ស្លុត ក្រោយ​ពី​កីឡាករ ចាន់ វឌ្ឍនាកា ប្រកាស​ជា​

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​វិស័យ​បាល់ទាត់​មិន​តិច​ទេ បង្ហាញ​អារម្មណ៍​តក់ស្លុត ក្រោយ​ពី​កីឡាករ ចាន់ វឌ្ឍនាកា ប្រកាស​ជា​សាធារណៈ​ថា របួស​ជើង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃមុន គឺ​បាន​ចេញ​លទ្ធផល​ហើយ គឺ​ដាច់ខាត​ត្រូវ​តែ​តម្រូវ​ឱ្យ​លោក​វះកាត់​សម្រាក​ព្យាបាល​រហូត​ដល់​៦​ខែ ។ លោក​បង្ហាញ​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​ត្រូវ​បង្ខំចិត្ត​ខកខាន​ពី​ការ​ប្រកួត​ធំ​ៗ ខណៈ​ដែល​ក្នុង​រយៈពេល​៦​ខែ​នេះ គឺ​សុទ្ធតែ​ជា​ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​លោក​រំពឹង​ថា នឹង​បាន​ជួយ​ក្រុម​កម្ពុជា​ឱ្យ​លេចធ្លោ​។

លោក​បាន​បង្ហោះ​នូវ​សារ​ក្រោយ​ពិនិត្យ​សុខភាព​ជា​ផ្លូវការ​ថា​«​កុំ​មានការ​តក់ស្លុត កុំ​មានការ​ភ័.យ​ខ្លា.ច ខ្ញុំ​គ្រាន់តែ​សម្រាក​មួយ​ពេល​ប៉ុណ្ណោះ វា​គ្រាន់តែ​ជា​ការ​វះកាត់​តូច​មួយ​ប៉ុណ្ណោះ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ខ្លាច ។ ខ្ញុំ​ធ្លាប់​នៅ​ក្រៅ​ទីលាន​ដោយ​មិន​ប្រកួត​៦​ខែ​ទៅ​៧​ខែ តែ​ខ្ញុំ​អាច​ត្រលប់​មក​វិញ​បាន ចុះ​គ្រាន់តែ​របួស​ប៉ុន​នេះ​ចង់​មក​រារាំង​ផ្លូវ​ជីវិត​របស់ខ្ញុំ​មិន​អាច​ទៅ​រួច​ទេ ។ អរគុណ​អ្នក​គ្រប់​គ្នា​ផ្ដល់​កម្លាំងចិត្ត​និង​លើកទឹកចិត្ត​ខ្ញុំ ជួប​គ្នា​៦​ខែ​ទៀត​ក្រោយ​ការ​វះកាត់​ជោគជ័យ​» ។

ជាមួយនឹង​ការ​បង្ហោះសារ​​នេះ ចាន់ វឌ្ឍនាកា មិន​អស់សង្ឃឹម​ឡើយ ទោះបី​រូបគេ​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​យ៉ាងតិច​រយៈពេល​៦​ខែ ដែល​អ្នកខ្លះ​យល់​ថា​នឹង​ធ្វើ​អោយ​លោក​អាច​នឹង​បាត់បង់​ភាព​លេចធ្លោ ពេល​ត្រលប់​មក​វិញ ។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បឹង​កេ​ត​រូប​នេះ នៅ​តែ​មាន​ក្តី​សង្ឃឹមថា ខ្លួន​នឹង​អាច​បង្ហាញ​ទម្រង់​ល្អ​ដូច​ដើម ក្រោយ​វះកាត់ និង​សម្រាក​ព្យាបាល​ហើយ ។ អ្នកគាំទ្រ​ច្រើន​ណាស់ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ ដែល​លោក​បែរជា​ជួប​រឿងរ៉ាវ​ដ៏​អាក្រក់​មួយ​នេះ ខណៈដែល​លោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​សម្រាប់​ការ​ប្រកួត​ធំ​ៗដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន ។

ការ​រ​បាត់បង់​ឱកាស​របស់​លោក គឺ​ស្មើនឹង​ក្រុម​គោព្រៃ​កម្ពុជា​បាត់បង់​កីឡាករ​ល្អ​ម្នាក់ ហើយ​ការ​វះកាត់​ជើងលើក​នេះ ដ្បិតថា​នឹង​ធ្វើ​ឱ្យ​លោក​អាច​មាន​សភាព​ជា​ដូច​ដើម តែ​ភាព​រស់​រវើក​នៅ​៦​ខែ​ក្រោយ ក៏​មិនមែន​ងាយ​សាង​នោះ​ដែរ ស្រប​ពេល​កីឡាករ​ស៊េរី​ក្រោយ ក៏​មាន​សមត្ថភាព ធ្វើ​ឱ្យ​គេ​មើលឃើញ​ពី​ភាព​ខ្លាំង​ជំនួស​លោក​ក្នុង​ក្រុម ។ ហ្វេ​ន​ហ្វេ​ន​ច្រើន​ណាស់ បាន​បង្ហោះ​ពី​ការ​ជូនពរ ហើយ​អ្នកគាំទ្រ​ក៏​មិន​តិច​នោះ​ដែរ ជឿជាក់​ថា លោក​ក្រោយ​ពេល​សះស្បើយ គឺ​ពិតជា​អាច​ត្រលប់​មក​បង្ហាញ​ទម្រង់​លេង​ល្អ​បាន​ដូច​ដើម ដោយសារ​តែ​លោក​ក៏​មាន​ឆន្ទៈ​មិន​តិច​ដែរ ថា​នឹង​ត្រឡប់​មក​កាន់​ទីលាន​វិញ​ក្រោយ​សម្រាក​៦​ខែ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែប្រយុទ្ធ​បឹង​កេ​ត ចាន់ វឌ្ឍនាកា បាន​រង​របួស​នៅ​ក្នុង​ជំនួប​វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup កាល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រី​ន​ស៍ ។ កីឡាករ​រូប​នេះ ដាច់​សរសៃ​ជង្គង់​ខាងស្ដាំ ហើយ​លោក​ត្រូវ​បាន​គ្រូពេទ្យ​តម្រូវ​ឱ្យ​វះកាត់ និង​សម្រាក​រហូត​ដល់​៦​ខែ ដោយ​មិន​អោយ​មាន​ចលនា​សាច់ដុំ​ជើង ក្នុង​រយៈពេល​សម្រាក​ព្យាបាល​នោះ​ទេ ទើប​មានការ​បារម្ភ​ថា នឹង​ប៉ះពាល់​ទម្រង់​លេង​ដ៏​ល្អ​របស់​លោក ស្រប​ពេល​ដែល ចាន់ វឌ្ឍនាកា ក៏​បារម្ភ​ដូច​គ្នា​ថា​តើ​ក្រោយ​សម្រាក​៦​ខែ តើ​លោក​អាច​ត្រឡប់​មក​កាន់​ទីលាន​បាន​ដូច​ដើម​ទៀត​ទេ ។ របួស​ដ៏​ធ្ងន់​របស់​លោក​បាន​ធ្វើ​ឱ្យ​បឹង​កេ​ត ដែល​នឹង​មានការ​ប្រកួត Cambodian Airway Pre-Season Cup មុន​បើក​រដូវ​កាល​លី​គ​កំពូល​(Cambodian Premier League) នៅ​អំឡុង​ខែកុម្ភៈ ត្រូវ​អវត្តមាន​លោក តែ​ក្រុម​នេះ​បាន​អះអាង​ថា មិន​ប៉ះពាល់​ដល់​ក្រុម​នោះ​ទេ ដោយ​ប្រធាន​ក្រុម​អះអាង​ថា ក្រៅពី​ចាន់ វឌ្ឍនាកា គឺ​មាន​កីឡាករ​ល្អ​ៗ ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ