ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការ ១២ចំណុច ដើម្បីធានា​សន្តិសុខ សណ្តាប់ធ្នាប់ល្អ​ប្រសើរ​ក្នុងឱកាសបុណ្យចូលឆ្នាំ​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរាបរយល្អប្រសើរជូនបងប្អូន ដែលចូលរួមអបអរសាទរ និងសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី៣១មករា…

ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរាបរយល្អប្រសើរជូនបងប្អូន ដែលចូលរួមអបអរសាទរ និងសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី៣១មករា រហូតដល់ថ្ងៃទី៣កុម្ភៈខាងមុខនេះ ស្នងការដ្ឋាននគរបាល ​ខេត្តបន្ទាយមានជ័យ បានប្រជុំ និងដាក់ចេញផែនការ ១២ចំណុច​។

កិច្ចប្រជុំនោះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី​២៥ ខែ​មករា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកស្នងការ បានដាក់ចេញនូវវិធានការ​មួយចំនួន ដល់​លោក-លោកស្រី​ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែននីមួយៗ ដែលដឹកនាំទទួលខុសត្រូវ តាមបណ្តាអធិការនគរបាល​ក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង ៦៥ឃុំសង្កាត់​។

វិធានការទាំង ១២ចំណុច​នោះ មានដូចខាងក្រោម៖

១/យកចិត្តទុកដាក់ប្រមូលព័ត៌មាន​ពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឲ្យបាននូវ​ឧបាយកលសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល ដើម្បីមានវិធានការបង្ការ-ទប់ស្កាត់ បំបាត់ប្រសិទ្ធិភាព និងបង្ក្រាបបានទាន់ពេលវេលា​។

២/ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានាមួយចំនួនដែលមានការប្រារព្ធពិធីប្រពៃណីផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិន​ឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំ​ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ល្អប្រសើរ។

៣/ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងលំហូរចរាចរណ៍ ដោយបង្កើនការរឹតបន្តឹងត្រួតពិនិត្យ​ការអនុវត្ដច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេសការត្រួតពិនិត្យនូវចំណុចដើមទី និងមានផែនការជាមុនក្នុងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ តាមផ្លូវជាតិ ទីប្រជុំជន ពិសេសច្រកចេញ-ចូលទីរួមស្រុក/ក្រុង ឲ្យបានល្អធានាកាត់បន្ថយបាននូវការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈជូនអ្នកធ្វើដំណើរ សួរសុខទុក្ខបងប្អូន ឬទៅកំសាន្តសប្បាយតាម​តំបន់រមណីយដ្ឋាននានា ប្រព្រឹត្តិដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។ ទន្ទឹមគ្នានេះ ពង្រឹងកិច្ចសហការជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីស្ថានភាពចរាចរណ៍តាមដងផ្លូវ និងវិធានការនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។   

៤/ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការរំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គីសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់ មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និង​មធ្យោបាយប្រចាំការនៅនឹងកន្លែង ដើម្បីត្រៀមចេញ​អន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។

៥-បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ អំពីវិធានការសុខាភិបាលនៅតាមគោលដៅដែលមានការប្រមូលផ្តុំ​ប្រជាពលរដ្ឋច្រើន ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីបង្ការទប់ស្កាត់ និងសង្គ្រោះបានទាន់ពេល ។

៦/កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ជាពិសេសកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការ ផ្សព្វផ្សាយ និងស្រាវជ្រាវរកឲ្យឃើញពលរដ្ឋខ្មែរដែលចំណូលស្រុក ត្រឡប់មកពីក្រៅប្រទេស ដែលគេចវេសពីសមត្ថកិច្ច ត្រូវណែនាំពួកគាត់ឲ្យមកធ្វើចត្តាឡីស័កនៅផ្ទះ។

៧/ជំរុញការអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ឲ្យបានសកម្មផុសផុលនិងត្រូវយកចិត្តទុកដាក់គ្រប់គ្រង​មុខសញ្ញា​គ្រប់ប្រភេទ នៅតាមសហគមន៍ភូមិ/ឃុំ/សង្កាត់ ឲ្យបានហ្មត់ចត់ដោយប្រើគ្រប់វិធានការ ដើម្បីបំបាត់​ប្រសិទ្ធិភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាព បង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងអន្តរាយ​ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

៨/រៀបចំធ្វើការប្រមូលកម្លាំងរួមប្រជុំដាក់ផែនការពង្រឹងលើ ការងារការពារបូរណភាពដែនដី ការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការរាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និងការវិវាទផ្សេងៗ។

៩/កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ជាពិសេសកម្លាំងប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ត្រូវពង្រឹង​តាមខ្សែបន្ទាត់ព្រំដែន ចុះល្បាតត្រួតពិនត្យ និងរងចាំទទួលពលរដ្ឋខ្មែរចំណូលស្រុកត្រឡប់មកពីក្រៅប្រទេស ដែលអាជ្ញាធរថៃបញ្ជូនមក ឬមកដោយខ្លួនឯង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ជូនពួកគាត់​ទៅឲ្យក្រុមគ្រូពេទ្យ​ប្រចាំការនៅទីនោះ និងធ្វើការស្រាវជ្រាវរកមេខ្យល់ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។        

១០/ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីដោះ ស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

១១/លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែននីមួយៗ ត្រូវម្ចាស់ការដឹកនាំត្រួត ពិនិត្យសភាពការណ៍ និងកិច្ចសហប្រតិបត្តិការតាមក្រុង/ស្រុក គោលដៅរបស់ខ្លួនដែលបានបែងចែកទទួល ខុសត្រូវនិងរាយការណ៍ជាប្រចាំ​នូវសភាពការណ៍កើតឡើង។

១២/ផ្អែកតាមសេចក្តីណែនាំនេះ ត្រូវម្ចាស់ការធ្វើផែនការលំអិត និងលើកវិធានការប្រមូលផ្តុំកម្លាំងជំនាញ កម្លាំងអធិការ​នគរបាលក្រុង/ស្រុកទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥ប្រគល់ភារកិច្ចឲ្យបានច្បាស់លាស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមព្រះវិហារចិន វៀតណាម និងជាទីសក្ការៈ ព្រមទាំងគោលដៅផ្សារនិងរមណីយដ្ឋានផ្សេងៗ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត និងរៀបចំកម្លាំងល្បាត ដើម្បីចល័តការពារបន្ថែមគ្រប់គោលដៅកំសាន្តនានាក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដោយផ្អែកតាមសភាពការណ៍ និងភូមិសាស្រ្តនីមួយៗ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ