ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរជិះម៉ូតូ ឆាបកង់បី ឆក់ទូរស័ព្ទរបស់ចិន មិន​បាន​សម្រេច តែក្រឡាប់​កង់បី​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿង ឆាបម៉ូតូកង់បី និងបានឆក់ទូរស័ព្ទ iPhone 13pro ពីបុរសជាជនជាតិចិន។ តែមិនបានសម្រេច បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី រងរបួសស្រាល។…

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿង ឆាបម៉ូតូកង់បី និងបានឆក់ទូរស័ព្ទ iPhone 13pro ពីបុរសជាជនជាតិចិន។ តែមិនបានសម្រេច បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី រងរបួសស្រាល។ ហេតុការណ៍ជនពាល ជិះម៉ូតូ ឆក់ទូរស័ព្ទ បណ្តាល​ឲ្យក្រឡាប់ម៉ូតូកង់បី​នោះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅមុខផ្សារទឹកថ្លា តាមបណ្ដោយមហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


បុរស​អ្នកបើកបរម៉ូតូកង់បី មានឈ្មោះ ភម ពៅ អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរៀបរាប់​ថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-9637  ដឹកបុរសជាជនជាតិចិនចំនួន ២នាក់ ចេញពីម្តុំស្ពានអាកាស ៧មករា បំណងទៅម្តុំផ្សារ​ជម្ពូវ័ន ​ធ្វើដំណើរតាម​បណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើត ទៅលិច។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមពីក្រោយ និងវ៉ាជែងខាងឆ្វេងម៉ូតូកង់បី រួចហើយជនសង្ស័យម្នាក់ ដែលអង្គុយខាងក្រោយ បាន​ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 13pro ពីដៃរបស់បុរសជាជនជាតិចិនម្នាក់ ក្នុងចំណោម ២នាក់។ ​ឃើញដូច្នេះ​បុរសជាអ្នកបើកបរម៉ូតូកង់បី ក៏បានព្យាយាមកាច់ចង្កូតម៉ូតូកង់បី ទៅខាងស្ដាំគេចពីជនសង្ស័យ បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី រងការខូចខាតបែកកញ្ចក់ខាងមុខ ហើយបុរសជាជនជាតិចិន រងរបួសស្រាលទាំងពីរនាក់។ ចំណែកឯជនសង្ស័យ ដោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច ក៏បន្ថែមល្បឿន ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះ​អន្តរាគមន៍ និងបាននាំជនរងគ្រោះ ទៅ​ដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់​ទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ