ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទំនើង​​បើក​រថយន្ត​​បុកម៉ូតូ​​​៦​គ្រឿង និង​រថយន្ត​​​២គ្រឿង​​ត្រូវប្រជា​ពល​រដ្ឋ​​​​ព្រួត​វាយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជ​នទំនើង​​២នាក់​​​ក្នុង​ចំណោម​​បក្សពួក​​​៥នាក់ ត្រូវ​​បានប្រជា​ពល​រដ្ឋ​​​ចោម​រោម​​វាយតប់​​រហូត​បែកមុខ បែកមាត់ និង​​បែក​ក្បាល​​ហូរ​ឈាម​​ ប្រឡាក់​​ពេញអាវ ​ព្រម​ទាំង​​​វាយ​កម្ទេច​​កញ្ចក់​​​រថ​យន្ត​​​បែក​ខ្ទេច​ខ្ទី ​ក្រោយ​ពី​​​យុវជននោះ​បើក​រថ​យន្ត​ម៉ាក​​កូរ៉ូឡា​ ពណ៌ស ពាក់​ស្លាកលេខ ​ភ្នំពេញ 2F-3200 ទៅ​បុកម៉ូតូ​​ម៉ាក​ឃ្លីក​មួយគ្រឿង​ជាប់​ក្រោម​​រថយន្ត តែមិន​​ព្រម​ឈប់ ព្យា​យាម​​បើក​រត់​បណ្តាល​​​ទៅ​បុក​ម៉ូតូ​​ជា​បន្ត​បន្ទាប់​​ចំនួន​​​៥​គ្រឿង ​និង​រថយន្ត​​ស៊េរី​ទំនើប​​​២គ្រឿង​ទៀត​ដែល​គេច​​ត​ស្ងៀម។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ឈាន​ដល់​ប្រើ​អំពើ​​ហិង្សា​នេះ​បានកើតឡើង​នៅ​ចំណុច​​មុខ​អាហារ​​ដ្ឋាន​យីហោ​​ស្លឹក​ឈើ ​កែង​ផ្លូវ​​លេខ​១៩ ​និង​​១៧២ ​ស្ថិត​ក្នុង​​​សង្កាត់ជ័យជំនះ ខណ្ឌ​​ដូន​ពេញ ​កាលពីវេលាម៉ោង​​៥​ល្ងាច​ថ្ងៃទី​​៣០ មីនា ២០១១ ​អ្នកបើក​​បរ​ត្រូវ​​បានឃាត់​ខ្លួន​​ប្រគល់​​ទៅ​ឱ្យនគរបាល​​ការិយាល័យ​​ចរា​ច​រណ៍​​ផ្លូវ​​គោក ​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញចាត់​ការ​តាមច្បាប់​ ។

សាក្សី​ដែល​ឃើញហេតុការណ៍​​បាននិយាយ​​​ឱ្យ​​ដឹង​ថា ​មុនពេល​កើតហេតុ​​រថយន្ត​​កូរ៉ូឡា ពណ៌ស ​ខាងលើ​នេះ​ បើក​តាម​បណ្តោយ​ផ្លូវ​​លេខ​​១៩ ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ លុះ​ដល់​មុខ​ផ្ទះ​លេខ​​១១៨ ស្រាប់តែ​​រថយន្ត​​បុក​ម៉ូតូម៉ាកឃ្លីក​ចំពីមុខ​​​បណ្តាល​​ឱ្យ​​ម៉ូតូជាប់​ក្រោម​រថ​យន្ត​​​ ​ហើយ​​រថយន្ត​​នោះ​បានបើក​​​ថយក្រោយ ​ក៏ប៉ះ​​នឹង​រថយន្ត​ឡិច​ស៊ីស ពាក់​ស្លាក​លេខរដ្ឋសភា និង​ប៉ះ​រថយន្ត​​កាម​រី​បាឡែន​​ ដែល​គេ​ចត​ស្ងៀម​នៅលើ​ចិញ្ចើម​​ថ្នល់ ។ ទោះ​បី​​​ជា​ដឹង​ថា ​បុកម៉ូតូ​ និង​រថយន្ត​​​របស់​​គេ​ក៏​ដោយ ក៏​យុវជន​​ស្ទាវ​ជា​ម្ចាស់​រថ​យន្ត​មិន​​ឈប់​ដោះស្រាយ​​នោះ​ទេ បែរ​ជា​​បន្ថែម​ល្បឿន​​​បើក​ទៅ​មុខ​ទៀត​ទាំង​ម៉ូតូ​ជាប់​ក្រោម​​​រថយន្ត​​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​ និង​បុក​ម៉ូតូ​ជា​បន្ត​បន្ទាប់​​​អស់​​​៥គ្រឿង​បន្ថែមទៀត បើ​ទោះ​​បីជា​ប្រជា​ពលរដ្ឋ​​នាំគ្នា​ស្រែក​ឱ្យ​រថ​យន្ត​​​​នោះ​ឈប់​​ក៏ដោយ ក៏​គេ​នៅ​តែ​មិនឈប់ ។

ខណៈ​​ពេល​រថយន្ត​​មក​ដល់​​កែ​ងផ្លូវ​លេខ​​១៧២ ទល់​មុខ​​អាហារដ្ឋាន​យីហោ​ស្លឹក​​ឈើ រថយន្តបត់​​ទៅទិស​ខាងលិច ក៏​ត្រូវ​​ប្រជា​ពលរដ្ឋ​​ដែលឃើញហេតុ​​ការណ៍​​បាននាំ គ្នា​​ខ្លះ​យក​ដុំ​ថ្ម និង​ខ្លះទៀត​​​លើក​ផើង​​ផ្កា​គប់ទៅ​លើ​រថយន្ត​​បង្ក​ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​រថយន្តទាំង​មុខ ទាំង​​ក្រោយ ទើប​រថយន្ត​នោះឈប់ ។ ​អ្នកបើក​រថ​យន្ត​​បង្ក​មានឈ្មោះ​​រ៉ុង ​សូ​សាតូ ភេ​ទប្រុស ​អាយុ​​​១៨​ឆ្នាំ ជាសិស្ស​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្នាក់នៅ​ផ្ទះលេខ​​​៤៥ ផ្លូវលេខ​​១៥ ​សង្កាត់​ផ្សារ​​កណ្តាលទី​២ ខណ្ឌ​ដូនពេញ៕