ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ទឹកកក​តំបន់​អាក​ទិ​ករ​លាយ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ

7 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយបង្អស់​របស់​មជ្ឈមណ្ឌល​ឧតុនិយម​អា​មេ​រិ​ក (NSIDC) បានឱ្យ​ដឹង​ថា ផ្ទាំង​ទឹកកក​នៅ​តំបន់​សមុទ្រ​អាក​ទិ​ក បាន​រលាយ​យ៉ាង​ខ្លាំង​ខុស​ពី​ធម្មតា ពោល​គឺ​៥៨០.០០០​គីឡូ​ម៉ែត្រការ៉េ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយបង្អស់​របស់​មជ្ឈមណ្ឌល​ឧតុនិយម​អា​មេ​រិ​ក (NSIDC) បានឱ្យ​ដឹង​ថា ផ្ទាំង​ទឹកកក​នៅ​តំបន់​សមុទ្រ​អាក​ទិ​ក បាន​រលាយ​យ៉ាង​ខ្លាំង​ខុស​ពី​ធម្មតា ពោល​គឺ​៥៨០.០០០​គីឡូ​ម៉ែត្រការ៉េ ក្នុង​ខែឧសភា ឆ្នាំ​២០១៦​នេះ ។ នាយក​ប្រតិបត្តិ​ប្រចាំ NSIDC លោក​សាស្ត្រាចារ្យ Mark Serreze បាន​ថ្លែង​ថា​៖ «​យើង​មិន​ដែល​ឃើញ​បាតុភូត​បែប​នេះ​ទេពី​មុន​មក ។ ការ​ស្រុត​ចុះ​នៃ​ផ្ទាំង​ទឹកកក​នេះ មាន​ទំហំ​ច្រើន​ជាង​ឆ្នាំ​មុន ។ ការ​រលាយ​ដ៏​ច្រើន​នេះ​វា​ហាក់ដូច​កាលពី​ឆ្នាំ​២០១២​អីុ​ចឹ​ង​ដែរ ។

ផ្ទាំង​ទឹកកក​នៅ​ក្នុង​សមុទ្រ​បាន​រលាយ​ច្រើន​ជាង​ការ​ធ្វើ​កំណត់​ត្រា​កាលពី​ខែឧសភា​ឆ្នាំ​មុន ប្រសិនបើ​យើង​ប្រៀបធៀប​មធ្យមភាគ​ខែឧសភា​ឆ្នាំ​១៩៨១ និង​ឆ្នាំ​២០១០ នោះ​ភាព​ខុស​គ្នា​មាន​កាន់តែ​មាន​ទំហំ​ធំ​ជាង » ។

ការ​រលាយ​ផ្ទាំង​ទឹកកក​នេះ មិន​បណ្តាល​ឱ្យ​កើន​នីវ៉ូទឹក​សមុទ្រ​ទេ ព្រោះ​ដុំ​ទឹកកក​ជា​ធម្មតា​អណ្តែត ។ ទោះបីជា​យ៉ាងណា​ក្តី ការ​រលាយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​មក​ផែនដី (​រលក​កម្តៅ​ព្រះអាទិត្យ​ជះ​មក​ផែនដី​កាន់​ខ្លាំង​)​។ ពេល​ដុំ​ទឹកកក​ចាប់ផ្តើម​រលាយ វា​នឹង​ធ្វើ​ឱ្យ​ផ្ទៃ​ទឹកសមុទ្រ​នៅ​តំបន់​នោះ​ប្រែជា​ខ្មៅ ដែល​ងាយ​នឹង​ស្រូប​ពន្លឺព្រះអាទិត្យ ជា​ហេតុ​ធ្វើ​ឱ្យ​ផែនដី​កើន​កម្តៅ​ជាង​មុន​។ បច្ចុប្បន្ន​នេះ​តំបន់​អាក​ទិ​ក​កំពុង​តែ​កើន​កម្តៅ​ទ្វេ​ដង ដូច​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ដែរ ។

NSIDC បាន​ចេញ​សេចក្តីថ្លែងការណ៍​ពន្យល់​ថា​ខ្យល់​បក់​ពី​ភាគ​ខាងជើង​តំបន់​អឺរ៉ុប និង​រដ្ឋ​អា​ឡា​ស្កា មាន​កម្រិត​ខ្ពស់​ជាង​ខ្យល់​បក់​ជា​មធ្យម​ចូល​ទៅ​តំបន់​សមុទ្រ​អាក​ទិ​ក ដោយ​បង្កើត​ឱ្យ​មាន​កម្តៅ​នៅ​តំបន់​នោះ ។ សីតុណ្ហភាព​ខ្យល់​កាលពី​ខែឧសភា គឺ ២,៨ អង្សា​សេ ដែល​សីតុណ្ហភាព​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​។

លោក​សាស្ត្រាចារ្យ Chris Rapley ពី​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​ថា​៖ «​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​ទឹកសមុទ្រ និង​ផ្ទៃដី​មាន​ភាព​ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់ ។ ជាង​នេះ​ទៅ​ទៀត​ស្ថានភាព​សព្វថ្ងៃ​នេះ​កំពុង​តែ​ផ្លាស់​ប្តូរ​បរិយាកាស​នៅ​តំបន់​សមុទ្រ » ។

បន្ថែម​លើ​ភាព​ថមថយ​នៃ​ផ្ទាំង​ទឹកកក​ក្នុង​តំបន់​នោះ ផ្ទាំង​ទឹកកក ក្រាស់​ៗ​ក៏​កំពុង​តែ​រលាយ ជា​ពិសេស​នៅ​សមុទ្រ Beaufort Sea (​ប្រហែលជា​៤០​សង្ទីម៉ែត្រ​ច្រើន​ជាង​ធ​ម្យ​ម​ភាគ​ឆ្នាំ​២០១១-២០១៦) រួម​ទាំង​នៅ​សមុទ្រ Barents និង​សមុទ្រ Kara (១០​ទៅ​៣០​សង្ទីម៉ែត្រ​ស្តើង​ជាង​ឆ្នាំ មុន​ៗ) ។

ដូច​បង្ហាញ​ក្នុង​រូបភាព​ដែល​ថត​ផ្តិត​ដោយ​អង្គការ NASA កាលពី​ថ្ងៃ​ទី​២១​ខែឧសភា ២០១៦ ឱ្យ​ដឹង​ថា បំណែក​ទឹកកក​ដ៏​ច្រើន​ផ្ទាំង​នៅ​សមុទ្រ Beaufort និង​ចន្លោះ​ដ៏​ធំ​នៃ​ផ្ទៃ​ទឹកសមុទ្រ ពុះ​ចែក​ដុំ​ទឹកកក​ពី​ឆ្នេរ​។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ឆ្នាំ​២០១៦​នេះ​អាច​នឹង​វិល​ទៅ​ដូច​សភាព​ក្នុង​កំណត់​ត្រា​ឆ្នាំ​២០១២ ឬ​យ៉ាងណា​នោះ​ទេ វា​អាស្រ័យ​លើ​សីតុណ្ហភាព​នៅ​រដូវក្តៅ ។

លោក​សាស្ត្រាចារ្យ Serreze និយាយ​ថា​៖ «​អ្វី​ដែល​យើង​អាច​និយាយ​បាន គឺថា​ពួក​យើង​កំពុង​ស្ថិត​នៅ​គោល​ជំហរ​ដ៏​អាក្រក់​មួយ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ វា​គឺជា​ផ្នែក​មួយ​នៃ​បម្រែបម្រួល​ដែល​យើង​ធ្លាប់​បានដឹង​មក​ហើយ ថា​តំបន់​អាក​ទិ​ក ងាយ​នឹង​ប្រែប្រួល ដូច​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ​» ៕