ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រឆាំង​បន្ត​ទទូច ឱ្យ​មានការ​ដោះ​លែង​មន្ត្រី និង​សកម្មជន​ជាប់​ពន្ធនាគារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស
ប្រជាជន​កម្ពុជា ល្មម​ដល់​ពេល

រាជធានី​ភ្នំពេញ ៖ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស
ប្រជាជន​កម្ពុជា ល្មម​ដល់​ពេល​ដោះ​លែង​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សកម្មជន​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ ។ ការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​គឺ​បន្ទាប់​ពី​បាន​ចូល​ជួប​លោក ហុង សុខ​ហួរ លោក អ៊ុំ សំ​អាន និង​លោក ស៊ា​ង ចែត នៅ​ពន្ធនាគារ​ព្រៃ​ស ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា នៅ​ពេល​មាន​សេរីភាព​វិញ នឹង​ធ្វើ​ការងារ​អ្វី​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ។ កត្តា​ដែល​ល្មម​ដល់​ពេល​ដោះស្រាយ​នោះ ដោយសារ​មាន​ប្រតិកម្ម​ពី​សំណាក់​អន្តរជាតិ ។ កន្លង​មកនេះ មាន​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​និង​ចូលរួម​កសាង​ប្រទេស​កម្ពុជា បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​នយោបាយ​ឱ្យ​ប្រសើរ​ឡើង​វិញ ។

លោក សុ​ន ឆ័​យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា បាន​ដឹកនាំ​ក្រុម​អ្នកតំណាង​រាស្ត្រ​ជាង​១០​រុ​ប ទៅ​សួរសុខទុក្ខ​តំណាងរាស្ត្រ​និង​សកម្មជន​គណបក្ស​នេះ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ។ រួម​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​នោះ​ដែរ​មាន លោក យ៉ែ​ម បុញ្ញឫទ្ធិ លោក អេ​ង ឆៃ​អ៊ា​ង លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ា​ន់ និង​លោក យឹ​ម សុវណ្ណ  ។

ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា លោក អ៊ុំ សំ​អាន សមាជិក​រដ្ឋសភា​និង​លោក ស៊ា​ង ចែត មេឃុំ​ស្រក ។ រហូត​មក​ដល់​ពេល​នេះ មាន​សកម្មជន​និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង សរុប​ជិត​២០​រូប កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា អ្នកទោស​មាន​សមាជិក​ព្រឹទ្ធសភា តំ​ណា​រាស្ត្រ និង​សកម្មជន កំពុង​មាន​បញ្ហា​សុខភាព កើត​រមាស់​ជាដើម ។ ក្នុង​នោះ​ក៏​មានការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា សូ​ម្បី​តែ​ចេញ​មក​ខាងក្រៅ ក៏​មានការ​កំណត់​និង​មានការ​ហាមឃាត់​មិន​ឱ្យ​ជជែក​គ្នា​នៅ​ក្នុង​គុក ដែល​ទាំងនោះ​ជា​ការ​ចម្លែក​ដែរ ។

លោក សុ​ន ឆ័​យ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ឆ្មាំ​គុក​មិន​អនុញ្ញាត​ឱ្យ​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​ជជែក​គ្នា​ជា​ដាច់ខាត ។ លោក ហុង សុខ​ហួរ និង​លោក អ៊ុំ សំ​អាន ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​និយាយ​រកគ្នា មិនដឹង​ថា​មាន​មូលហេតុ​អី្វ ។ អ្នកទោស​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ មាន​ជំងឺ​រមាស់ លំបាក​រស់នៅ ។ ចំណែក​មេឃុំ ស៊ា​ង ចែត វិញ បាន​សម្រក់​ទឹកភ្នែក​គួរ​ឱ្យ​អាណិត​ណាស់ គាត់​គ្មាន​ទោស បែរជា​យក​គាត់​មក​ដាក់ទោស​ដូច​ជា​មានទោស​ឧក្រិដ្ឋ ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ទៀត​ថា លោក ស៊ា​ង ចែត បាន​ស្រែកយំ​ពេល​ក្រុម​តំណាងរាស្ត្រ​បាន​ជួប​នៅ​ក្នុង​ពន្ធនាគារ ព្រោះ
អស់​រយៈពេល​២​ខែ​ហើយ មិន​ដែល​បាន​ជួប​មុខ​ភរិយា​របស់​គាត់​ទេ ។ ចំពោះ​ហេតុផល​យ៉ាងណា​នោះ​ជា​រឿង​ផ្សេង តែ​គាត់​មិន​ដែល​បាន​ជួប​មុន​ប្រពន្ធ​របស់​គាត់​សោះ ។ គាត់​បាន​ជួប​តែ​មេធាវី​ការពារ​ក្តី និង​ជា​លើក​ដំបូង​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ជួប​គាត់​នា​ពេល​នេះ ។

លោក សុ​ន ឆ័​យ បាន​រៀបរាប់​ពី​ការ​លំបាក​របស់​មេឃុំ ស៊ា​ង ចែត ថា គាត់​មិនសូវ​បាន​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង​ទេ ។ យូរ​ៗ​ម្តង រយៈពេល​១​ម៉ោង ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ព្រោះ​គេ​ថា​រវល់ ពេល​ខ្លះ​ជា​ថ្ងៃ​បុណ្យ​ឬ​ឈប់​សម្រាក ។ លោក​មេឃុំ​មាន​អារម្មណ៍​ពិបាក​ណាស់ ដែល​គាត់​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ​គាត់ តែ​ស្មារតី​របស់​គាត់​នៅ​តែ​មាន​ភាពរឹងមាំ​ដែល​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​រំភើប​។

លោក ស៊ា​ង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ឃាត់ខ្លួន​កាលពី​ខែមេសា ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​ខ្សែអាត់​សំឡេង​ស្នេហា​លោក កឹ​ម សុខា និង​ត្រូវជា​ឪពុកមា​របស់​នាង ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ តួឯក​ក្នុង​ខ្សែអាត់​សំឡេង​សាសង​ស្នេហ៍​។ គាត់​ត្រូវ​បាន​ចោទប្រកាន់​និង​ឃុំខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន ជាមួយ​នេះ​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ចំនួន​៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)១​រូប ក៏​ត្រូវ​បាន​ជាប់ចោទ​និង​ជាប់​ឃុំ​ដែរ ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា លោក​មេឃុំ ស៊ា​ង ចែត និយាយ​ថា គាត់​មានការ​បារម្ភ​ក្នុង​នាម​ជា​មេឃុំ​ជាប់​ឆ្នោត តែ​មិន​អាច​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក ។ ការ​មក​សាកសួរ​សុខទុក្ខ​នៅ​ពេល​នេះ អ្វី​ដែល​កើតឡើង​ចំពោះ​សកម្មជន​គណបក្ស​និង​សមាជិក​សភា ព្រឹទ្ធសភា​នៅ​ពេល​នេះ វា​ល្មម​ដល់​ពេល​ដោះស្រាយ​ឱ្យ​គាត់​មាន​សេរីភាព​វិញ​ហើយ ។

លោក សុ​ន ឆ័​យ លើក​ឡើង​ទៀត​ថា បញ្ហា​ទាំងនេះ​កើតឡើង​ដោយសារ​នយោបាយ បើ​រាជរដ្ឋាភិបាល​គណបក្សកាន់អំណាច​ធ្វើ​នេះ​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​បញ្ឈប់​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត ប្រហែលជា​ពួក​គាត់​នឹង​មិន​ទៅ​ធ្វើ​ទ​ង្វើ​អ្វី​ដែល​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត​ទៀត​ទេ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ការ​លើក​ឡើង​របស់រប​ស់លោក សុខ ឆ័​យ ជា​ការ​គួរ​ឱ្យ​ហួសចិត្ត​ព្រោះ​ដូច​ជា​មិន​ទទួលស្គាល់​ថា​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​សកម្មជន​របស់​គាត់​បាន​ប្រព្រឹត្ត​ខុស បែរជា​សុំ​ឱ្យ​ដោះ​លែង​ទៅ​វិញ​ស្រួល​ៗ​បែប​នេះ ម៉េច​នឹង​កើត​ទៅ ។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា លោក សុ​ន ឆ័​យ គួរតែ​ទៅ​ស្វែងរក​មេធាវី​ណា​ពូកែ​តតាំង​ជាមួយ​ចៅក្រម​តុលាការ ព្រោះ​ការ​ឃុំខ្លួន​សុទ្ធតែ​មាន​ដីកា​ពី​តុលាការ​ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ មិនមែន​ចង់​លែង​បាន​ដូច​គាត់​ថា​នោះ​ទេ ។ បើ​ចេះ​តែ​លែង តើ​និទណ្ឌភាព​នរណា​ទទួលខុសត្រូវ ៕