ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅ ចាន់​ណា​រី ត្រឡប់​មក​ចូលរួម​សម្តែង​ជា​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សុខ ដែន ដែល​ទើបតែ​ក្លាយជា​គ្រូបង្ហាត់​សិល្បៈ​សម្តែង​បាន​ដំណើរការ​ផលិតភាព​យន្ត​រឿង «​លត់ដែក​ថែប​» ដើម្បី​ស្ទាបស្ទង់​ទីផ្សារ ។ ភាពយន្ត​នេះ​ប្រមូលផ្តុំ​ដោយ​តារាភាពយន្ត​ជើង​ចាស់​មួយ

រាជធានី​ភ្នំពេញ ៖ លោក​សុខ ដែន ដែល​ទើបតែ​ក្លាយជា​គ្រូបង្ហាត់​សិល្បៈ​សម្តែង​បាន​ដំណើរការ​ផលិតភាព​យន្ត​រឿង «​លត់ដែក​ថែប​» ដើម្បី​ស្ទាបស្ទង់​ទីផ្សារ ។ ភាពយន្ត​នេះ​ប្រមូលផ្តុំ​ដោយ​តារាភាពយន្ត​ជើង​ចាស់​មួយ​ចំនួន​ដូច​ជា​លោក​ចៅ ចាន់​ណា​រី និង​លោក​ខ្លូត រតនា​ជាដើម ។

លោក​ចៅ ចាន់​ណា​រី បាន​សម្រេច​ត្រឡប់​មក​ចូលរួម​សម្តែង​វិញ​ក្នុង​ភាពយន្ត​រឿង «​លត់ដែក​ថែប​» តាម​ការ​ស្នើ​សុំ​របស់​ផលិតករ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ចៅ ចាន់​ណា​រី អះអាង​ថា លោក​សម្រេចចិត្ត​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​លត់ដែក​ថែប​» របស់​ផលិតកម្ម  Eye Love Film បន្ទាប់​ពី​ផលិតករ​ស្នើ​លោក និង​ដោយសារ​នៅ​ក្នុង​រឿង​នេះ​តួ​សម្តែង​សុទ្ធតែ​ជា​មិត្តភក្តិ ចាស់​ៗ ដូច​ជា​លោក​ខ្លូត រតនា លោក​គន្ធ តារា​វណ្ណ និង​លោក​សុខ សុ​ធន ជាដើម ។

លោក​ចៅ ចាន់​ណា​រី បាន​កសាង​គ្រួសារ​នៅ​ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ដោយ​ឈប់​នឹកនា​ជាមួយ​អាជីព​សម្តែង​ភាពយន្ត​ទៅ​ហើយ ។ ទោះជា​យ៉ាងណា​ក្តី ក្រោយ​ពេល​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​រឿង «​លត់ដែក​ថែប​» រួច លោក​នឹង​ចូលរួម​សម្តែង​បន្ត​ទៀត ព្រោះ​ទោះជា​លោក​ចាស់​មែន ប៉ុន្តែ​នៅ​ស្រឡាញ់​សិល្បៈ​សម្តែង ។

លោក​សុខ ដែន អ្នកដឹកនាំ​រឿង និង​ជា​ជំនួយការ​ផលិតកម្ម​អះអាង​ថា ហេតុផល​ដែល​នាំ​ឱ្យ​លោក​ជ្រើសរើស​លោក​ចៅ ចាន់​ណា​រី ឱ្យ​ចូល​សម្តែង គឺ​ដោយសារ​តែ​ចង់​រំឭក​ទស្សនិកជន​ពី​អតីតកាល​របស់​លោក​ដែល​ជា​តួ​សម្តែង​ល្បី​មួយ​រូប​កាលពី​ច្រើន​ឆ្នាំ​មុន ។ នៅ​ក្នុង​រឿង «​លត់ដែក​ថែប​» លោក​ចៅ ចាន់​ណា​រី ដើរតួ​ជា​ស្នងការ​ប៉ូលិស ។

វត្តមាន​របស់​លោក​ចៅ ចាន់​ណា​រី នឹង​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​រឿង «​លត់ដែក​ថែប​» មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។ ក្នុង​រឿង​នេះ​មាន​ឈុត​ឆាក​វាយតប់ និង​ឈុត​ឆាកកំប្លែង​តាំងពី​ដើម​ដល់​ចប់ ។

ខ្សែភាពយន្ត​រឿង «​លត់ដែក​ថែប​» បាន​ធ្វើ​ពិធី​ក្រុង​ពលី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ចាប់ផ្តើម​ដំណើរការ​ថត​ពី​ដើមខែ​កក្កដា​ទៅ ៕