ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​មុខ ! ឆ្លៀតឱកាស​ពេល​គេ​គ្រោះថ្នាក់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ដេក​ដួល​ទៅ​លើ​ថ្នល់ តែ​អ្វី​ដែល​មិន​គួរ​កើត​មាន​នោះ​គឺ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ដេក​ដួល​នៅ​លើ​ថ្នល់​នោះ​ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ដេក​ដួល​ទៅ​លើ​ថ្នល់ តែ​អ្វី​ដែល​មិន​គួរ​កើត​មាន​នោះ​គឺ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ដេក​ដួល​នៅ​លើ​ថ្នល់​នោះ​ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​ម្នាក់​បាន​មក​លូក​ហៅ​ជន​រង​គ្រោះ​ប្រុង​លួច​យក​ទូរស័ព្ទ តែ​ត្រូវ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​ហើយ​ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លួ​វ​លេខ​២៧១​កែង​ផ្លួ​វ​លេខ​១៨៣ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ម៉ូតូ​បង្ក​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1C-5402 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៣ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-1670 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លួ​វ​លេខ​២៧១ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ​បាន​បើក​ឆ្លង​ផ្លួ​វ​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​រង​របួស​បែក​ចង្កា ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ជា​ដំណំ រីឯ​ខាង​បង្ក​វិញ​មិន​មាន​រង​របួស​អ្វី​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ភ្លាម​ៗ​នោះ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លួ​វ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​បាន​ចូល​ទៅ​លូក​ហោប៉ៅ​ជន​រង​គ្រោះ​បំណង​ចង់​លួច​ទូរស័ព្ទ តែ​ពេល​នោះ​ត្រូវ​បាន​ជន​រង​គ្រោះ​ដឹងខ្លួន​ហើយ​ចាប់ដៃ​ជាប់ ស្រប​ពេល​ដែល​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​ជនសង្ស័យ​ខាងលើ​ឲ្យ​ទៅ​សមត្ថកិច្ច​យក​ទៅ​សាកសួរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្ដិ៍​ទំនប់​ទឹក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ងី កុយ ភេទ ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​អត់លេខ នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-1532 ។

ក្រោយ​ពេល​កើតហេតុ ចំពោះ​ករណី​ចរាចរណ៍ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ដើម្បី​ព្យាបាល រីឯ​ម្ចាស់​ម៉ូតូ​បង្ក​បាន​និយាយ​ចរចា​ជាមួយ​តំណាង​ជន​រង​គ្រោះ​អស់​ជិត​កន្លះ​ម៉ោង ទើប​ព្រមយក​ម៉ូតូ​យក​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ព្រោះ​ដោយសារ​តែ​ខាង​ម៉ូតូ​បង្ក​ជា​អ្នក​រត់​ម៉ូតូឌុប​គ្មាន​លុយ និង​ជួសជុល​ម៉ូតូ​ឲ្យ​ទៅ​ខាង​រង​គ្រោះ ម្យ៉ាងទៀត​ខ្ជិល​រង់ចាំ​ការ​ដោះស្រាយ ព្រោះតែ​ធ្លាប់​ឮ​ថា ពេល​អូស​ម៉ូតូ​ទៅ​ដាក់​នៅ​ខណ្ឌចំការមន​ទាល់តែ​មួយ​ខែ​ទើប​គេ​ដោះស្រាយ​ឲ្យ ទើប​ខាង​រង​គ្រោះ​យល់​ព្រមទៅ​រៀង​ៗ​ខ្លួន មិន​មានការ​សង​ថ្លៃ​ខូចខាត​អ្វី​នោះ​ឡើយ ។

ដោយឡែក ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ដែល​ជន​រង​គ្រោះ​ចោទ​ថា ជា​ជន​ឆ្លៀតឱកាស​ពេល​គាត់​កំពុង​តែ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខណៈ​កំពុង​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ត្រូវ​បាន​លោកនាយ​ប៉ុស្ដិ៍​ទំនប់​ទឹកបាន​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ឃាត់​ម៉ូតូ​ទុក​នៅ​ប៉ុស្ដិ៍​មួយ​យប់​សិន រង់ចាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង តែបើ​ជន​រង​គ្រោះ​មិន​មក​ដាក់​ពាក្យបណ្ដឹង គឺ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួចខ្លួន ៕