សារព័ត៌មាន«Net East» របស់ចិនកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកម៉ា ជីសៀង អាយុ៥៨ឆ្នាំ ជនជាតិចិន មានជំងឺសរសៃប្រសាទរស់នៅក្នុងក្រុមគ្រួសារមួយក្នុងភូមិថានជៀលុង ខេត្ត Hunan ។ បុរសនេះបានចាកចេញបាត់ពីផ្ទះ លុះត្រឡប់ទៅផ្ទះវិញកាលពីខែធ្នូ ឆ្នាំ២០១៥ ស្រាប់តែឃើញផ្នូររបស់ខ្លួន ។ ក្រុមគ្រួសារបានប្រកាសថា ម៉ា ជីសៀង ស្លាប់នៅឆ្នាំ២០១២ ព្រោះបាត់ខ្លួនតាំងពីឆ្នាំ២០០៩មក ។
ក្រោយពេលបាត់ខ្លួនក្រុមគ្រួសារបានដើររកអស់រយៈពេលច្រើនឆ្នាំ និងបានទទួលទូរស័ព្ទពីប៉ូលិសនៅស្រុកហ៊ើងសាន ក្នុងឆ្នាំ២០០៩ថា ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវរថយន្តបុកស្លាប់ ទើបសន្និដ្ឋានថាជាម៉ា ជីសៀង ។ ប៉ូលិសបានធ្វើកោសល្យវិច័យសព ហើយលទ្ធផលនៅមិនទាន់ច្បាស់ថា មានលក្ខណៈដូចបងប្រុសរបស់លោកម៉ា ជីសៀងឬអត់ទេ ? ប៉ុន្តែក្រុមគ្រួសារដែលព្យាយាមតាមរកអស់រយៈពេលជាច្រើនឆ្នាំបានយល់ព្រមទទួលសពយកធ្វើបុណ្យដោយគិតថា ជាសពលោកម៉ា ជីសៀង។ លើសពីនេះពួកគេបានរៀបផ្នូរសពយ៉ាងល្អ ឧទ្ទិសឱ្យវិញ្ញាណក្ខន្ធម៉ា ជីសៀង បានទៅកាន់សុគតិភព ហើយការស្វែងរកបានបញ្ចប់ត្រឹមខែកុម្ភៈ ២០០៩ ។ ផ្ទុយទៅវិញ លោកម៉ា ជីសៀង បានទៅបម្រើការនៅសិប្បកម្មឡឥដ្ឋមួយ ដោយគ្មានប្រាក់ឈ្នួលជាច្រើនឆ្នាំ ប៉ុន្តែគេបានទទួលបារីក្នុងមួយថ្ងៃ៦ដើមជំនួសវិញ ។ ក្រោយមកថៅកែឡឥដ្ឋនាំម៉ា ជីសៀង ទៅទុកចោលឱ្យដើរតែលតោលនៅតាមដងផ្លូវ ហើយត្រូវប៉ូលិសប្រទះឃើញក៏នាំត្រឡប់ទៅផ្ទះវិញ ។ នៅពេលទៅដល់ផ្ទះម៉ា ជីសៀង លុតជង្គង់នៅខាងមុខផ្នូររបស់ខ្លួន ។
ក្រុមគ្រួសារបានយកឆ្អឹងនៅក្នុងផ្នូរទៅពិសោធន៍ជាថ្មីម្តងទៀត ដើម្បីរកក្រុមគ្រួសាររបស់អ្នកស្លាប់អនាមិកនោះ ៕
ចែករំលែកព័តមាននេះ