ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​រើស​ពលករ​ទៅ​កូរ៉េ ប្រមូល​បាន​ជាង​១១​ម៉ឺន​ដុល្លារ​រត់​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ដោយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ពិសេស​គឺ​ប្រទេស​កូរ៉េ​នោះ ស្រាប់តែ​ពលរដ្ឋ​ជាង​១០០​នាក់​ត្រូវ​បាន​ជន​ឆបោក​២​នាក់​ប្តី​ប្រពន្ធ​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ដោយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ពិសេស​គឺ​ប្រទេស​កូរ៉េ​នោះ ស្រាប់តែ​ពលរដ្ឋ​ជាង​១០០​នាក់​ត្រូវ​បាន​ជន​ឆបោក​២​នាក់​ប្តី​ប្រពន្ធ​ដែល​អះអាង​ថា មាន​ឪពុកធំ​របស់​ខ្លួន​មាន​ចម្ការ​ទំពាំងបាយជូរ​រាប់​ពាន់​ហិ​កតា​កំពុង​ត្រូវការ និង​ធ្វើការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​ដោយ​ទទួល​បាន​ប្រាក់ខែ​ក្នុង​មួយ​ខែ​រាប់​ពាន់​ដុល្លា​ឯ​ណ្ណោះ ។ ក្រោយ​ពី​ជន​ឆបោក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើការ​ប្រកាស​រក​ពលករ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ និង​តម្រូវ​ឲ្យ​បង់ប្រាក់​ជា​មុន​ក្នុង​ម្នាក់​ចំនួន​១៥០០​ដុល្លា ដើម្បី​ធ្វើការ​រត់ការ និង​ក្រោយ​ពី​ទទួល​បាន​ប្រាក់​រហូត​ទៅ​ដល់​ចំនួន​១១៧.៦៧០​ដុល្លា​រួច​ហើយ​ក៏​នាំ​គ្នា​វេច​លុយ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

លោក សាន់ ចាន់​ថន តំណាង​របស់​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​នេះ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លង​មកនេះ មាន​ប្តី​ប្រពន្ធ​២​នាក់​ដែល​ត្រូវជា​មិត្តភក្តិ​របស់​គាត់ ទី​១-​ឈ្មោះ អ៊ុ​ក សុ​ខន អាយុ​៤៤​ឆ្នាំ ជា​ប្តី និង​ទី​២-​ឈ្មោះ ឡេ​ង ម៉ា​លី​ន អាយុ​៣៧​ឆ្នាំ ជា​ប្រពន្ធ ស្នាក់​នៅផ្ទះ​លេខ​៤៤៣ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ធ្វើការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាម​រយៈ​រូប​គាត់​ជា​មិត្តភក្តិ ដោយ​ពួក​គេ​បាន​ធ្វើការ​អះអាង​ថា ខ្លួន​មាន​ឪពុកធំ​ម្នាក់​រស់នៅ​ឯ​ប្រទេស​កូរ៉េ និង​មាន​ចម្ការ​ទំពាំងបាយជូរ​ហូត​ទៅ​ដល់​១​ពាន់​ហិ​កតា និង​ត្រូវការ​ជ្រើសរើស​ពលករ​ខ្មែរ​យើង​ទៅ​ធ្វើការ​នៅ​ទីនោះ ដោយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ក្នុង​មួយ​ខែ​ចំនួន​១.២៥០​ដុល្លារ​ឯ​ណ្ណោះ ចំណែកឯ​រូប​គាត់​នឹង​ត្រូវ​ទទួលយក​ទៅ​ធ្វើការ​នៅ​ទីនោះ​ដែរ ដោយ​ទទួល​បាន​ប្រាក់ខែ​១​ម៉ឺន​ដុល្លារ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បានការ​ឃោសនា​របស់​មិត្តភក្តិ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​រួច​ហើយ រូប​គាត់  ប្រពន្ធ និង​កូន​២​នាក់​ទៀត​ក៏​បាន​យកពាក្យ​ទៅ​ដាក់ និង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​បង ប្អូន កូនក្មួយ និង​ប្រជាពលរដ្ឋ​ជា​ញ្ញាតិ​មិត្ត​ជា​ច្រើន​នាក់​ទៀត​ដែល​នៅ​ស្រុកភូមិ​ជាមួយ​បាន​រហូត​ទៅ​ដល់​ចំនួន​ជាង​១០០​នាក់​ជា​បន្តបន្ទាប់ ។ ពេល​ដែល​ទទួល​បាន​នូវ​ការ​ដាក់​ពាក្យ​ដើម្បី​បាន​ទៅ​បំពេញការងារ​នៅ​ឯ​ប្រទេស​កូរ៉េ​នោះ​រួច​ហើយ ពួក​គេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​បង់ប្រាក់​ក្នុង​ម្នាក់ ៣​ពាន់​ដុល្លារ ដោយ​បង់ប្រាក់​ជា​មុន​ចំនួន​១.៥០០​ដុល្លារ​សិន​ដើម្បី​រត់ការ​ធ្វើ​ឯកសារ លិខិតឆ្លងដែន និង​ត្រូវ​បាន​ចេញ​ទៅ​នៅ​ខែមករា ឆ្នាំ​២០១៦​កន្លង​មកនេះ ។ ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ទទួល​បាន​ប្រាក់​ពី​ពួក​គាត់​សរុប​ចំនួន​១១៧.៦៧០​ដុល្លារ​រួច​ហើយ ពួក​គេ​ក៏​បាន​ផ្តល់​នូវ​លិខិតឆ្លងដែន​ដល់​ពួក​គាត់​បាន​ចំនួន​៥៨​នាក់​តែ​ប៉ុណ្ណោះ ចំណែកឯ​ជាង​៦០​នាក់​ទៀត​គឺ​មិន​ទាន់​ទទួល​បាន​ឡើយ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ ពួក​គាត់​នៅ​មិន​ទាន់​បាន​ចេញ​ទៅ និង​ទទួល​បាន​លិខិត​ស្នាម​ត្រឹមត្រូវ​នោះ ដោយ​មានការ​សង្ស័យ​ក៏​ធ្វើការ​ណាត់ជួប​គ្នា តែ​ពួក​គេ​ចេះ​តែ​និយាយ​ដោះសា​រថា​ថ្ងៃនេះ ថ្ងៃ​នោះ រហូត​បាត់​មុខ​ពួក​គេ និង​ទូរស័ព្ទ​ក៏​ទាក់ទង​មិន​បាន​ទៀត ។

ក្រោយ​ពី​ជន​ឆបោក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​វេច​លុយ​ពួក​គាត់​រត់គេច​ខ្លួន​បាត់​អស់ហើយ​នោះ មក​ដល់​ពេល​នេះ​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​ថា​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នេះ ក៏​កំពុង​តែ​ដើរ​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​ស្ថាប័ន​មួយ​ចំនួន ដើម្បី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​រក​យុ​ត្តិ​ធ៌​ម និង​ដោះស្រាយ​ពី​បញ្ហា​ជូន​ដល់​ពួក​គាត់​ផង​ដែរ ៕