ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បិទ​ការ​ស៊ើ​ប​សួរ​សំណុំរឿង កឹ​ម សុខា បន្ទាប់​ពី​សាលាឧទ្ធរណ៍​បដិសេធ​បណ្តឹង​ក្រុម​មេធាវី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ជូន​លោក
កឹ​ម សុខា ថា

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ជូន​លោក កឹ​ម សុខា ថា សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ដែល​បាន​ចោទប្រកាន់​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន ពេល​នេះ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ហើយ ។

គេ​មិន​អាច​ទាក់ទង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក កឹ​ម សុខា បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន តែ​តាម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា បន្ទាប់​ពី​បិទ​ការ​ស៊ើបសួរ សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ ។ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​បដិសេធ​ចំពោះ​ការ​ប្តឹង​មោឃភាព​របស់​ក្រុម​មេធាវី​លើ​ការ​សម្រេច​ចោទប្រកាន់​នេះ និង​បង្វិល​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី ។
លោក​មេធាវី ហែម សុ​ជាតិ បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹងសុំ​មោឃភាព​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​គ្នា​លើ​បណ្តឹងសាទុក្ខ ហើយ​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ប្រឆាំង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តុលាការ​បាន​កោះហៅ​លោក កឹ​ម សុខា ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​សញ្ចារ​កម្ម ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ខុ​ម ចាន់​តារ៉ា​ទី ហៅ​ស្រី​មុំ អាយុ​២៦​ឆ្នាំ តែ​ពេល​នោះ​មេធាវី​ចំនួន​៥​រូប បាន​ដាក់​លិខិត​ចូល​ទៅ​តុលាការ​ពី​ការ​អវត្តមាន​របស់​លោក កឹ​ម សុខា ។ បន្ទាប់​មក​តុលាការ​បាន​ចោទប្រកាន់​លោក កឹ​ម សុខា ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ជា​បទល្មើស​ជាក់ស្តែង ។

លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត បាន​ជួប​សំណេះសំណាល​ជាមួយ​ខ្ញុំ​នៅ​ការិយាល័យ ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៦ ។ លោក កឹ​ម សុខា បាន​លើក​ឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​នានា បាន​បន្ដ​ចូល​ជួប​សំណេះសំណាល​ជាមួយ​ខ្ញុំ​ជា​ហូរហែ និង​បាន​សម្ដែង​ពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់ខ្ញុំ តាម​រយៈ​តំណក់ទឹកភ្នែក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ហូរ​ស្រក់​បញ្ជាក់​ពី​ការ​ឈឺចាប់​ឥត​ល្ហែ ។

លោក កឹ​ម សុខា បាន​លើក​ឡើង​ទៀត​ថា យើង​ដឹង​ច្បាស់​រួច​មក​ហើយ​ថា គេ​បាន​ធ្វើទុក្ខបុកម្នេញ​មក​លើ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​លើក ច្រើន​សា​មក​ហើយ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ តប​ចំពោះ​ទឹកចិត្ត​របស់​បងប្អូន ដែល​បាន​ព្រួយបារម្ភ​មក​លើ​រូប​ខ្ញុំ ។

លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ប៉ុន្ដែ​ខ្ញុំ​សូម​ឲ្យ​ការ​ឈឺចាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ​ប្រែក្លាយ​មក​ជា​កម្លាំងចិត្ត​ក្នុង​ការ​សម្រេច​បុព្វហេតុ​ជាតិ ប្រជាពលរដ្ឋ​ខ្មែរ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ តុលាការ​មិន​បិទ​បញ្ចប់​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​លោក​ចៅក្រម ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អំពី​នីតិវិធី​បិទ​ការ​ស៊ើបសួរ ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា​ថា «​តុលាការ​គ្រាន់តែ​បញ្ចប់​ការ​ស៊ើបសួរ​នោះ​ទេ  ។ គេ​ហៅ​គាត់​២​ដង​ហើយ​មិន​ចូល​នោះ តុលាការ​គេ​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត​។ មិនមែន​គ្រាន់តែ​សួរ​ហើយ​បិទ​បញ្ចប់​នោះ​ទេ សំណុំរឿង​របស់​លោក កឹ​ម សុខា ទើបតែ​បាន​ពាក់​កណ្តាលផ្លូវ​ទេ​» ។

សូម​រំឭក​ថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​រក​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ម្តង​ហើយ ខណៈ​ពេល​លោក​មិន​បាន​ចួ​លតា​មកា​រកោះ​អញ្ជើញ​របស់​តុលាការ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​ឃាត់ខ្លួន​លោក​នៅឡើយ​ទេ ។

ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​នោះ​មក លោក កឹ​ម សុខា បាន​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បើ​គិត​មក​ដល់​ដើមខែ​កក្កដា​នេះ គឺ​ជាង​មួយ​ខែ​ហើយ​លោក​មិន​បាន​ចេញ​ទៅ​ណា​ទេ ៕