ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន កាន់តែ​លេចធ្លោ​ក្នុង​វិស័យ​ភាពយន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាការិនី​ភាគច្រើន ដែល​ទន្ទឹងរង់ចាំ​តែ​មាន​ព្រឹត្តិការណ៍​ប្រកួត​ទើប​មានការ​ងារ កីឡាការិនី​ល្បីឈ្មោះ​ក្នុង​ពិភព​ល្បុក្កតោ នាង សម ថា​រ័​ត្ន ត្រូវ​គេ​កត់​សម្គាល់ថា ទទួល​បាន​ទីផ្សារ​ថត​ភាពយន្ត​បណ្ដាក់​គ្នា​

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាការិនី​ភាគច្រើន ដែល​ទន្ទឹងរង់ចាំ​តែ​មាន​ព្រឹត្តិការណ៍​ប្រកួត​ទើប​មានការ​ងារ កីឡាការិនី​ល្បីឈ្មោះ​ក្នុង​ពិភព​ល្បុក្កតោ នាង សម ថា​រ័​ត្ន ត្រូវ​គេ​កត់​សម្គាល់ថា ទទួល​បាន​ទីផ្សារ​ថត​ភាពយន្ត​បណ្ដាក់​គ្នា​មិន​ខុស​ពី​តារា​សម្ដែង​ម្នាក់​នោះ​ទេ ។ នាង​ត្រូវ​គេ​មើលឃើញ​ថា លេចធ្លោ​កាន់តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​ភាពយន្ត ជា​ពិសេស​ភាពយន្ត​បែប​វ៉ៃតប់​ដែល​ត្រូវ​ផលិតករ​ងាយ​មក​ផលិត​ច្រើន ។

មិន​ទាន់​ថត​ចប់​រឿង​«​ឃុន​ហ្លួង​ព្រះស្ដេច​កន​»​បាន​ស្រួលបួល​ផង កីឡាការិនី សម ថា​រ័​ត្ន បាន​ទទួល​តំណែង​ថ្មី​មួយទៀត​ក្នុង​រឿង «​លត់ដែក​ថែប​»​បាត់​ទៅ​ហើយ ដោយ​ក្នុង​រឿង​ថ្មី​នេះ គេ​ឃើញ​នាង​សម្ដែង​ជា​តួអង្គ​ធំ​នៅ​ក្នុង​សាច់​រឿង ក្នុង​ពេល​ដែល​តារា​សម្ដែង​អាជីព​ភាគច្រើន​បាន​តំណែង​ត្រឹមតែ​ជា​តួ​រាយរង ។ នេះ​គឺជា​កា​រវិ​វ​ឌ្ឍ​មួយ​ថ្មី​ដែល សម ថា​រ័​ត្ន ទទួល​បាន​ផ្លែផ្កា​កាន់តែ​ប្រសើរ ចាប់តាំងពី​នាង​មានឱកាស​បាន​សម្ដែង​ក្នុង​រឿង​បន្ដបន្ទាប់​គ្នា​នា​ពេល​ចុង​ក្រោយ ។ កាលពី​លើក​មុន កីឡាការិនី​រូប​នេះ​បង្កើត​ការ​ភ្ញាក់​ផ្អើល​រួច​មក​ហើយ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​របស់​តា​រាហូ​លី​វូ​ដ ក្រោម​ចំណងជើង​ថា​«​មុន​ដំបូង​គេ​សម្លាប់​ឪពុក​ខ្ញុំ​»​ដែល​ជា​រឿង​បោះទុន​រាប់​លាន​ដុល្លារ​របស់​ក្រុម​ផលិតករ​ហូ​លី​វូ​ដ ចុះ​មក​ថត​នៅ​កម្ពុជា ។

មិនយូរ​ប៉ុន្មាន​នាង​ក៏​បាន​លេចធ្លោ​ក្នុង​តំណែង​ជា​តួ​សម្ដែង​ក្នុង​រឿង​«​ឃុន​ហ្លួង​ព្រះស្ដេច​កន​» ដែល​ជា​រឿង​បោះទុន​រហូត​ដល់​១​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​លី​យ៉ុ​ង​ផាត់ទៀត ទើប​ធ្វើ​ឱ្យ​កីឡាការិនី​ដែល​ធ្លាប់តែ​បង្ហាញ​ក្បាច់គុន​នៅ​លើ​វេទិកា​ល្បុក្កតោ​រូប​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ។ ម្នាក់​ៗ​បាន​ទាំង​ហៅ​នាង​ថា ជា​តារាភាពយន្ត​មួយ​រូប​ដោយ​សារ​តែ​បាន​សម្ដែង​ក្នុង​រឿង​បន្តបន្ទាប់​ខុស​ពី​កីឡាករ និង​កីឡាការិនី​រួម​អាជីព​នោះ​ផង ។ អ៊ីចឹង​ហើយ ទើប​ក្នុង​ពេល​ខ្លះ គេ​ច្រើន​ស្គាល់​នាង​ថា ជា​តារាភាពយន្ត​ច្រើន​ជាង​កីឡា​ការិនី ជា​ពិសេស​អ្នក​ដែល​បាន​ប្រទះ​នឹង​ព័ត៌មាន​ហូរហែ​របស់​នាង នា​ពេល​កន្លង​មក ។

សម ថា​រ័​ត្ន បាន​អះអាង​ថា ក្រោយ​បញ្ចប់​ការងារ​ថត​រឿង​«​មុន​ដំបូង​គេ​សម្លាប់​ឪពុក​ខ្ញុំ​» និង​រឿង «​ឃុន​ហ្លួង​ព្រះស្ដេច​កន​» រូប​នាង​ពិតជា​បាន​ទទួល​នូវ​ការ​ចាប់អារម្មណ៍​ពី​ក្រុម​ផលិតករ​ច្រើន​ជាង​មុន​ប្រាកដ​មែន ។ ជាក់ស្ដែង​កាលពីដើម​ស​ប្ដា​ហ៍ នាង​ក៏​ទទួល​បាន​កុងត្រា​ទទួល​សម្ដែង​ក្នុង​រឿង «​លត់ដែក​ថែប​» ដែល​ជា​រឿង​វាយតប់ និង​រឿង «​អ្នក​លេង​ទីក្រុង​» ដែល​នឹង​ចេញ​ថត​នៅ​អំឡុង​ខែកក្កដា​នេះ​ផង​ដែរ​។ នាង​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការងារ​រត់​មក​រក​ក្នុង​ពេល​ដែល​ការ​បង្ហាញ​សមត្ថភាព​របស់​នាង​សម្រាប់​អាជីព​ជា​អ្នកជំនាញ​ខាង​ល្បុក្កតោ​ស្ងប់ស្ងាត់​ជាង​មុន ។ នាង​ថា ក្នុង​រឿង «​ឃុន​ហ្លួង​ព្រះស្ដេច​កន​» នាង​សម្ដែង​ជា​តួអង្គ​មេទ័ព​ម្នាក់ ហើយ​២​រឿង​ដែល​បាន​សម្ដែង​ចុង​ក្រោយ គឺ​ត្រូវ​បាន​ផលិតករ​ផ្ដល់​ឱកាស​ឱ្យ​សម្ដែង​ជា​តួអង្គ​លេចធ្លោ​ជាង​មុន បើ​ធៀប​នឹង​ការ​សម្ដែង​កន្លង​មក​ដែល​បាន​ត្រឹម​សម្ដែង​ជា​តួ​រាយរង​នោះ ។ នាង​យល់​ថា ខ្សែ​រឿង​ទាំង​៤​ចុង​ក្រោយ​ពេល​ចាក់​បញ្ចាំង គឺ​នឹង​ធ្វើ​ឱ្យ​នាង​លេចធ្លោ ជា​ពិសេស​គឺ​រឿង​របស់​ហូ​លី​វូ​ដ ដែល​ដឹកនាំ​ដោយ​អ្នក​នាង អេ​ន​ជេ​លី​ណា ជូ​លី និង​រឿង «​ឃុន​ហ្លួង​ព្រះស្ដេច​កន​» ដែល​ជា​រឿង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​របស់​កម្ពុជា ។

ក្នុង​នោះ​ខ្សែ​រឿង​«​លត់ដែក​ថែប​» ដែល​សម្ដែង​ដោយ​តារា​ជើង​ចាស់​រួម​មាន លោក​ចៅ ចាន់​ណា​រី ជាដើម ក៏​ធ្វើ​ឱ្យ​នាង​រំពឹង​ខ្ពស់​ដែរ​ថា នឹង​ជួយ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រដែត​ឡើង​សម្រាប់​វិស័យ​ភាពយន្ត ។

សម ថា​រ័​ត្ន បញ្ជាក់​ថា បើ​ទោះជា​ការ​សម្ដែង​រឿង​បាន​ផ្ដល់​ឱ្យ​នាង​នូវ​មុខមាត់​ថ្មី ក៏​នាង​មិន​ចោល​អាជីព​កីឡា​ដែល​បាន​ប្រឹងប្រែង​នោះ​ដែរ គឺ​នៅ​តែ​តស៊ូ និង​ប្រឡូក​អាជីព​ជា​អ្នក​ស្នង​ល្បុក្កតោ​មិន​ចោល​នោះ​ទេ ដោយសារ​តែ​កីឡា​មួយ​នេះ ទើប​ធ្វើ​ឱ្យ​នាង​បាន​បោះ​ជំហាន​ក្លាយជា​តារា​សម្ដែង​មួយ​រូប ។ ម្យ៉ាង មក​ពី​កីឡា​ល្បុក្កតោ​កម្ពុជា​ក៏​បាន​ត្រៀម​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​ក​តិ​ភ័​ណ្ឌ​របស់​អង្គការ​យូ​នី​ស្កូ​នោះ​ផង ទើប​ជា​រឿង​ដែល​នាង​ក្នុង​នាម​ជា​កីឡាការិនី​ចំណាស់​ម្នាក់ មាន​តែ​រួមដៃគ្នា​ជាមួយនឹង​គ្រូ​ជើង​ចាស់ ដើម្បី​អភិរក្ស​ល្បុក្កតោ​ឱ្យ​កាន់តែ​មានការ​គាំទ្រ ។

យោង​តាម​សហព័ន្ធ​មួយ​នេះ​បាន​អះអាង​ថា កីឡា​ល្បុក្កតោ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​មុខ​វិជ្ជា​កីឡា​ដើម្បី​ឱ្យ​សិស្សសាលា​មួយ​ចំនួន​ហ្វឹកហាត់​ដូច​គ្នា​នឹង​កីឡា​យុទ្ធ​ក្រម​ខម ទើប​ជា​រឿង​ប្រសើរ​បំផុត​ដែល​កីឡាករ​កីឡាការិនី​ល្អ​រួម​មាន សម ថា​រ័​ត្ន ជាដើម នឹង​ក្លាយជា​គ្រូ និង​ក្លាយជា​ធនធាន​សំខាន់​មួយ​ដែល​ត្រូវ​តែ​យកចិត្តទុកដាក់​។ អ៊ីចឹង​ហើយ​ទើប​កីឡាការិនី​រូប​នេះ ប្រកាន់​ជំហរ​មិន​ចោល​អាជីព​កីឡា​របស់​ខ្លួន​នោះ​ទេ បើ​ទោះជា​នាង​ត្រូវ​គេ​មើលឃើញ​ថា ចាប់ផ្ដើម​លេចធ្លោ​នៅ​ក្នុង​អាជីព​សម្ដែង​ខុស​ប្លែក​ពី​មុន ។ មានការ​កត់​សម្គាល់ថា សម ថា​រ័​ត្ន នឹង​ទទួល​បានការ​សរសើរ​ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់ នៅ​ពេល​ខ្សែ​រឿង​បន្តបន្ទាប់​ដែល​នាង​សម្ងំ​ថត ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕