ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​គូលែន​ជា​ក្រុង​បុរាណ​មាន​បុរាណ​ដ្ឋា​ន​រាប់រយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឧទ្យាន​ជាតិ​ភ្នំ​គូលែន បាន​បង្កើត និង​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ឈ្មោះ​ថា «​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​» មាន​ផ្ទៃដី​សរុប ៣៧.៣៧៣​ហិ​កតា ។

ខេត្តសៀមរាប ៖ ឧទ្យាន​ជាតិ​ភ្នំ​គូលែន បាន​បង្កើត និង​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ឈ្មោះ​ថា «​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​» មាន​ផ្ទៃដី​សរុប ៣៧.៣៧៣​ហិ​កតា ។

យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ផ្ទាល់ និង​ទិន្នន័យ LiDAR បាន​សន្និដ្ឋាន​ថា ភ្នំ​គូលែន​ជាទី​ក្រុង​បុរាណ​មួយ​ដែល​មាន​បុរាណ​ដ្ឋា​ន​រាប់រយ​គួរ​ឱ្យ​កត់សម្គាល់ ។

អាជ្ញាធរ​អប្សរា​មាន​ភារកិច្ច​គ្រប់គ្រង និង​អភិរក្ស​បេតិកភណ្ឌ​នៅ​ទូ​ទាំង​ខេត្តសៀមរាប ទាំងមូល រួម​ទាំង​បុរាណ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ស្រប​តាម​ខ្លឹមសារ​នៃ​ព្រះរាជក្រម​លេខ ន​ស​/​រក​ត​/០១៩៦/២៦ ចុះ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​១៩៩៦ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ ។

ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​បណ្ឌិត​ឈាន រ​ដ្ឋា បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ការ​អភិរក្ស​និង​បញ្ហា​ប្រឈម​​នៅ​ភ្នំ​គូលែន​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា  អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូល​ទៅ​គ្រប់គ្រង​ភ្នំ​គូលែន​ចាប់តាំងពី​ឆ្នាំ​២០០៤ លើ​ផ្នែក​បុរាណ​ដ្ឋា​ន ។ តាម​ការ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ជាមួយ​មូលនិធិ​បុរាណវិទ្យា​ដើម្បី​អភិវឌ្ឍន៍ (ADF) បូក​រួម​នឹង​ទិន្នន័យ​កន្លង​មក ឃើញ​ថា​មាន​បុរាណ​ដ្ឋា​ន​ចំនួន​៨៦​កន្លែង គឺ​មាន​ប្រាសាទ​ចំនួន​២៩ ពើង​ចំនួន​៣០ និង​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ​ដទៃ​ទៀត​ចំនួន​២៧​កន្លែង ។

លោក​បណ្ឌិត ឈាន រ​ដ្ឋា បន្ត​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​មាន​ជំនួយ​បច្ចេកវិទ្យា​ទំនើប LiDAR ដើម្បី​ស្រាវជ្រាវ​លើ​ផ្ទៃដី​ទំហំ​៣២​គីឡូម៉ែត្រ​ការេ​មក និង​ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​រក​ឃើញ​បុរាណ​ដ្ឋា​ន​ចំនួន​៣៤០​កន្លែង​បន្ថែម​ទៀត​លើ​ទិន្នន័យ ចាស់ ។ សរុប​មក តាម​ទិន្នន័យ​មុន និង​ក្រោយ​មាន​បច្ចេកវិទ្យា LiDAR នា​ឆ្នាំ​២០១២ គឺ​មាន​បុរាណ​ដ្ឋា​ន​សរុប​ដល់​ទៅ​៤២៦​បុរាណ​ដ្ឋា​ន ។ ដោយឡែក​នៅ​ឆ្នាំ​២០១៥ បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ​បាន​ពង្រីក​ការងារ​ស្រាវជ្រាវ​បន្ថែម​លើ​ផ្ទៃដី​ទំហំ​៩០០​គីឡូ​ម៉ែត្រការ៉េ បាន​រក​ចំនួន​បុរាណ​ដ្ឋា​ន​បន្ថែម​ទៀត​គួរ​ឱ្យ​កត់សម្គាល់ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​នឹង​បញ្ជាក់​បន្ទាប់​ពី​ពេល​ក្រុមការងារ​ស្រាវជ្រាវ​ដល់ទី​តាំង​ផ្ទាល់ ។

កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​លើ​ការងារ​អភិរក្ស​បុរាណ​ដ្ឋា​ន​នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ​នេះ​យ៉ាង​យកចិត្តទុកដាក់​ដូច​ជា ទល់​ទ្រ​ចំណុច​គ្រោះថ្នាក់​ចំនួន​៥​ប្រាសាទ  ជួសជុល​ប្រាសាទ​អូរ​ផ្អុង​ដំណាក់កាល​ទី​១​រួចរាល់ ដាក់​បង្គោល និង​ខ្សែ​របា​ការពារ​រូបចម្លាក់​លិង្គ​មួយ​ពាន់​ប្រវែង​៥០០​ម៉ែត្រ ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​ការពារ​បុរាណ​ដ្ឋា​ន​ទេ ថែម​ទាំង​បាន​រួមចំណែក​ក្នុង​ការ​ការពារ​សុវត្ថិភាព បរិស្ថាន និង​អនាម័យ​ផង​ដែរ ដូច​ជា​សាងសង់​រោង​ឆ្មាំ​ចំនួន​១​ខ្នង បង្គន់​អនាម័យ​ចំនួន​២​ខ្នង ដាំ​ដើមឈើ​ចំនួន​៥.០០០​ដើម​នៅ​តំបន់​ការពារ​ប្រាសាទ​អ្នកតា និង​កាត់​សម្អាត​កូន​រុក្ខជាតិ​ដែល​ដុះ​នៅ​លើ​ប្រាសាទ​ជា​ប្រចាំ ។

ក្រៅពី​ការងារ​អភិរក្ស​ហើយ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​មូលនិធិ​បុរាណវិទ្យា​ដើម្បី​អភិវឌ្ឍន៍ (ADF) ស្រាវជ្រាវ​រុករក​បុរាណ​ដ្ឋា​ន ថ្មី​ៗ​ឃើញ​ចំនួន​សរុប​៤២៦​បុរាណ​ដ្ឋា​ន ធ្វើ​កំណាយ​ស្រាវជ្រាវ និង​បាន​កំណត់​តំបន់​ការពារ​បុរាណ​ដ្ឋា​ន​បាន​ចំនួន​៥​តំបន់​រួចរាល់​។ បន្ថែម​ពី​នោះ​ទៀត​ក៏​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​អាគ្នេយ៍​របស់​ប្រទេស​សិង្ហ​បុរី ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​បន្ទាយ​គ្រូ​ចា​រ្យ និង​សីមា​ពាម​គ្រែ​ផង​ដែរ ៕