រាជធានីភ្នំពេញ ៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោកម៉ុម ជឹមហ៊ុយ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយកាលពីព្រឹកថ្ងៃទី៥ មីនា បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម អស់រយៈពេល៥ថ្ងៃរួចមក ។
នៅក្នុងឱកាសអញ្ជើញដល់រាជធានីភ្នំពេញ លោកម៉ុម ជឹមហ៊ុយ បានមានប្រសាសន៍ថា ក្នុងឱកាសបំពេញបេសកកម្មនេះ គណៈប្រតិភូរដ្ឋសភាយើងបានចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័ននានាជាច្រើនរបស់វៀតណាម ហើយជាពិសេសស្ថាប័នរដ្ឋសភា ជាលទ្ធផលធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែប្រសើរឡើងថែមទៀត ។
លោកម៉ុម ជឹមហ៊ុយ បានមានប្រសាសន៍ផងដែរថា នៅក្នុងទស្សនកិច្ចនេះគណៈប្រតិភូបានផ្តោតទៅលើទំនាក់ទំនងលើវិស័យមួយចំនួនដែលគណៈកម្មការទី៧ របស់រដ្ឋសភា កំពុងអនុវត្តរួមមាន វិស័យអប់រំ យុវជន និងកីឡា វិស័យធម្មការ និងសាសនា វិស័យវប្បធម៌ និងវិស័យទេសចរណ៍ ។ ស្ថាប័នទាំងពីរបានយោគយល់គ្នា និងរីករាយជួយគ្នាទៅវិញទៅមកដើម្បីធ្វើការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចំរើន ។ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅជំរុញឱ្យយុវជនជំនាន់ក្រោយបន្តរក្សាប្រពៃណី មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន ។ មិត្តភាពកម្ពុជា-វៀតណាមបាននាំមក នូវការអភិវឌ្ឍន៍ ៕
ចែករំលែកព័តមាននេះ