ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួល​ម៉ូតូ រួច​បញ្ជូន​ទៅ​សង្គ្រោះ​បាន​៤​ថ្ងៃ​ស្លា​​ប់​ក្នុង​មន្ទីរពេទ្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ចោរ​១​ក្រុម​ឆក់​កាបូប ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ឯ​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​យក​មក​លក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍ ក្បែរ​ផ្ទះ​របស់​គាត់​នោះ បណ្ដាល​ឲ្យ​គាត់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ចោរ​១​ក្រុម​ឆក់​កាបូប ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ឯ​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​យក​មក​លក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍ ក្បែរ​ផ្ទះ​របស់​គាត់​នោះ បណ្ដាល​ឲ្យ​គាត់​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ ដើម្បី​សង្គ្រោះ​។ តែ​ដោយសារ​ស្ថាន ភាព​របួសធ្ងន់​ពេក ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​ជន​រង​គ្រោះ​គាត់​បាន​សន្លប់​អត់​ដឹងខ្លួន​រហូត លុះ​បាន​ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ជន​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​នេះ មានឈ្មោះ ពុំ រ៉ា​វិ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍ និង​ចងការ​ប្រាក់​ផង​ដែរ​។ ប​ច្ចុ​ប្បុ​ន្ន​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ពោ​ធ៏ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​គាត់​ក៏​បាន​ស្លា​.​ប់​នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ក្រោយ​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បាន​រយៈពេល​៤​ថ្ងៃ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1636 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចេញពីផ្ទះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្ពោះទៅ​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​ទិញ​អីវ៉ាន់​យក​មក​លក់​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ដែល​ស្ពាយ​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ ដែល​មាន​លុយ​ជាង​១​ពាន់​ដុល្លារ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់ បណ្តាល​ឱ្យ​រង​របួស​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ចំណែក​ក្រុម​ចោរ​វិញ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ បន្ទាប់​មក ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុម​គ្រួសារ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ហៅ​មន្ទីរពេទ្យ​ព្រះសង្ឃ​) ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​សង្គ្រោះ​នោះ ក្រុម​គ្រូពេទ្យ​បាន​ថត​ស្គេ​ន​ក្បាល​ជន​រង​គ្រោះ​មើលឃើញ​ថា បាន​បែក​ប្រេះ​លលាដ៍ក្បាល​ទៅ​ហើយ ហើយ​ចាប់តាំងពី​ក្រោយ​ពេល​កើតហេតុ​មក គឺ​ជន​រង​គ្រោះ​បាន​សន្លប់​បាត់បង់​ស្មារតី​អត់​ដឹងខ្លួន​នោះ​ទេ រហូត​ដល់​ថ្ងៃ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​នេះ​តែ​ម្ដង​។

បើ​តាម​បង​ៗ​ជន​រង​គ្រោះ​ខាងលើ បាន​និយាយ​ថា ពួក​គាត់​បាន​ទទួល​ដំណឹង​នេះ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​ចោរឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​នេះ​ពី​សំណាក់​កម្មករ​អនាម័យ​ម្នាក់​ដែល​បោសសំអាត​ផ្លូវ​នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​។ ប៉ុន្តែ​បែរជា​មាន​អ្នក​និយាយ​បំភ្លៃ​ការ​ពិត​ថា ប្អូន​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បុក ហើយ​បាន​ដោះស្រាយ​សំណង​២​ពាន់​ដុល្លារ​បញ្ចប់រឿង​ទៅ​វិញ​។

បង​ៗ​ជន​រង​គ្រោះ​បន្ត​ថា ប៉ុន្តែ​ការ​ពិត ពួក​គាត់​ពុំ​បាន​ទទួល​សំណង​អី​នោះ​ទេ ហើយ​ការ​ស្លា​.​ប់​របស់​ប្អូន​គាត់​នេះ គឺ​កើតឡើង ព្រោះតែ​ចោរឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ពុំ​មែន​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។ ទន្ទឹម​នឹង​នេះ ពួក​គាត់​ក៏​បាន​លើកដៃ​សំពះ​សុំ​ឲ្យ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ចោរឆក់​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ