ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សត្វ​ក្រពើ​ភ្នំ១០​ក្បាល​ក្នុង​នោះ​កូន​ក្រពើ​ភ្នំ​៩​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វ​ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុង​នោះ​មានកូន​ក្រពើ​ភ្នំ​ចំនួន​៩​ក្បាល និង​មេ​មួយ​ក្បាល ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ប្រទះ​ឃើញ…

ខេត្តមណ្ឌលគិរី ៖ សត្វ​ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុង​នោះ​មានកូន​ក្រពើ​ភ្នំ​ចំនួន​៩​ក្បាល និង​មេ​មួយ​ក្បាល ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ប្រទះ​ឃើញ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ កំពុង​ហែល​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ របស់​ពួក​វា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ។

មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ បាន​ថ្លែង​ថា នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​អ្នក​ស្រាវជ្រាវ​ដែល​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការ​បំពេញការងារ​ដោយ​ភាព​អត់ធ្មត​បំផុត​ក្នុង​ការ​តាមដាន​អំពី​វត្តមាន​សត្វ​ក្រពើ​ភ្នំ នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។ របកគំហើញ​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​កំណត់​ត្រា​ថ្មី​មួយ​បន្ថែម​ទៀត ពី​វត្តមាន​ក្រពើ​ភ្នំ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​បន្ថែម​ពី​អ្វី​ដែល​គេ​បានដឹង​ពី​មុន​មក​ថា ក្រពើ​ភ្នំ​មាន​វត្តមាន​តែ​នៅ​ក្នុង​តំបន់​អា​រ៉ែ​ង​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខេត្តកោះកុង ។

សត្វ​ក្រពើ​ភ្នំ​ធ្លាប់​មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​វត្តមាន​របស់​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ​ត្រូវ​បាត់បង់​គួរ​ឲ្យ​បារម្ភ​ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួក​វា ។

ប្រភព​បន្ត​ថា ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជាស​កល​មួយ​សម្រាប់​ការ​រស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​សរុប​ចន្លោះ​ពី​២០០ ទៅ ៤០០​ក្បាល កំពុង​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​នានា​ក្នុង​ប្រទេស ។

នៅ​លើ​ពិភពលោក​ចំនួន​សត្វ​ក្រពើ​ភ្នំ​ដែល​ស្ថិត​ក្នុង​វ័យ​អាច​បន្ត​ពូជ​បាន​មាន​ប្រមាណ​មិន​លើស​ពី​១.០០០ (១​ពាន់​) ក្បាល​ឡើយ ។ កត្តា​គំរាមកំហែង​ចំពោះ​ការ​រស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​មាន​ដូច​ជា ៖ ការ​រេច​រិល និង​ការ​បាត់បង់​ទីជម្រក​ការ​បរបាញ់​ខុសច្បាប់​ដែល​បណ្តាល​មក​ពី​តម្រូវការ​នៃ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ​ចាប់​ដោយ​ខុសច្បាប់ ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ការ​ចាប់​យក​ទៅ​បង្កាត់​ពូជ​ជាមួយ​ពូជ​ក្រពើ​ផ្សេង​ទំនប់​វា​រី​អគ្គិសនី និង​ការ​នេសាទ​ដោយ​ប្រើ ឧបករណ៍​ខុសច្បាប់​ជាដើម ។

មន្ត្រី​ដដែល​ថា ការ​កត់សម្គាល់​ពី​វត្តមាន​ទាំង​មេ​ក្រពើ និង​កូន​ក្រពើ​ភ្នំ​សរុប​១០​នៅ​ពេល​នេះ គឺជា​ការ​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​វត្តមាន របស់​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​បាន​កត់​ត្រាទុក​វត្តមាន​របស់​ពួក​វា​ជា​លើក​ដំបូង កាលពី​ខែកញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។

ក្រសួងបរិស្ថាន​ក៏​បាន​បញ្ជាក់​ថា ៖«​គំហើញ​នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នា​ពេល​នេះ គឺជា​ភស្តុ​តាង​បញ្ជាក់​ដោយ​រូបភាព​ដំបូង​បង្អស់​នៃ​ការ​រស់រាន​បន្ត​ពូជ​របស់​សត្វ​នេះ ក្រោយ​ការ​ខិតខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​ជា​តំបន់ការពារធម្មជាតិ​មួយ​នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ​WWF»​។

យោង​តាម​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ​មាន​អាយុប្រមាណ​ចន្លោះ​ពី​៧ ទៅ​៨​ខែ ហើយ​ពួក​វា​មាន​លក្ខខណ្ឌ​សុខភាព​ល្អ ។

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ស្វាគមន៍​នូវ​ដំណឹង​ដ៏​ល្អ​នៃ​ការ​រស់រាន និង​ការ​លូតលាស់​របស់​កូន សត្វ​ក្រពើ​ភ្នំ​ទាំងនេះ ព្រោះ​ដោយ​មានការ​ការពារ និង​តាមដាន​បាន​ត្រឹមត្រូវ និង​ជាប់លាប់ ។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រំពឹង​ដែរ​ថា ពួក​វា​នឹង​ចាប់ផ្តើម​រស់នៅ និង​ដើរ​រកស៊ី​ដោយឡែក​ពី​គ្នា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ ដោយ​មាន​ក្តី​សង្ឃឹមថា កូន​សត្វ​ក្រពើ​ភ្នំ​ទាំង​អស់នេះ​នឹង​បន្ត​លូតលាស់​ឈាន​ដល់​ភាព​ពេញវ័យ ដើម្បី​អាច​បន្ត​ពូជ​បាន​នៅ​ពេល​អនាគត ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងបរិស្ថាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​វិទ្យា​ស្រា​ស្ត្រ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ស្រាវជ្រាវ​រហូត​ទទួល​បាន​នូវ​លទ្ធផល​ដោយ​បាន​កត់ត្រា​បញ្ជាក់​ជា​ផ្លូវការ​លើក​ដំបូង​បង្អស់​នៃ​ហ្វូង​ក្រពើ​ភ្នំ​ដែល​កំពុង​បន្ត​ពូជ និង​រីក​ធំធាត់​នៅ​តំបន់​អភិរក្ស​ស្រែ​ពក ។

ឯកឧត្តម​បាន​លើក​ឡើង​ថា នេះ គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​ដែល​កើត​ចេញពី​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិបត្តិ​អភិរក្ស​រវាង​ក្រសួងបរិស្ថាន និង​អង្គការ WWF» ។ មន្ត្រី​ថា ការ​កត់ត្រា​ពី​វត្តមាន​សត្វ​ក្រពើ​ភ្នំ នៅ​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​ជា​តំបន់​ព្រៃរបោះ​ធំ​ជាងគេ នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​តំបន់ជីវៈ​ចម្រុះ​សកល​មួយ​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​ស្តារ​ធនធាន​ជីវៈចម្រុះ និង​ចំនួន​សត្វ ព្រៃ​សំខាន់​ៗ​មាន​តម្លៃ​ជាស​កល​ឡើង​វិញ ។

កញ្ញា Milou Groenenberg ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF ធ្លាប់​បាន​លើក​ឡើង កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ថា របកគំហើញ​ក្រពើ​ភ្នំ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា ជា​ការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ​នៃ​ការ​សិក្សា​ស្តី​ពី​សត្វ​ក្រពើ​ភ្នំ​នៅ​ក្នុង​តំបន់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយហេតុ​ថា វត្តមាន​របស់​សត្វ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវការ​ទេ បើ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​នានា​ដែល​គេ​ធ្លាប់​ទទួល​បាន​កាលពី​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​រីឯ​ការ​កត់ត្រា​វត្តមាន​របស់​វា​តាម​រយៈ​រូបភាព​ក៏​គ្មាន​ដែរ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ