អ្នកនាំពាក្យ CPP ថាលោក សម រង្ស៊ី មួលបង្កាច់
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថាបរទេសដែលជាម្ចាស់ជំនួយមានជម្រើសពីរ ស្តីពីជំនួយអន្តរជាតិមកកម្ពុជា
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថាបរទេសដែលជាម្ចាស់ជំនួយមានជម្រើសពីរ ស្តីពីជំនួយអន្តរជាតិមកកម្ពុជា
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថាបរទេសដែលជាម្ចាស់ជំនួយមានជម្រើសពីរ ស្តីពីជំនួយអន្តរជាតិមកកម្ពុជា ។ ប៉ុន្តែការលើកឡើងទាំងប៉ុន្មានរបស់លោក សម រង្ស៊ីនោះ ត្រូវបានមន្ត្រីគណបក្សប្រជាជនកម្ពុជាថា មិនពិតនោះទេ ជាសម្ដីអួតអាង ។
លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ថា ជម្រើសទី១ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួនឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់រំលោភសិទ្ធិមនុស្ស ហើយឈប់ចាប់ប្រជារាស្ត្រ ធ្វើជាចំណាប់ខ្មាំង ចំពោះមុខម្ចាស់ជំនួយបរទេសពេលនោះ ប្រជាពលរដ្ឋទទួលបានសេរីភាព ហើយអំណាចផ្តាច់ការត្រូវបានបញ្ចប់ ប្រទេសកម្ពុជាទទួលបានជំនួយអន្តរជាតិ កាន់តែច្រើន កិត្តិយសប្រទេសជាតិ ត្រូវបានស្តារឡើងវិញ ព្រោះមានមេដឹកនាំ ដែលគេអាចគោរពបាន ។
ជម្រើសទី២ មេដឹកនាំប្រទេសសព្វថ្ងៃ មិនព្រមកែខ្លួន នៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែចាប់ប្រជារាស្ត្រធ្វើជាចំណាប់ខ្មាំង ចំពោះមុខម្ចាស់ជំនួយបរទេសពេលនោះ ប្រជាពលរដ្ឋនៅតែគ្មានសេរីភាព ហើយអំណាចផ្តាច់ការនៅតែបន្ត ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់ ឬកាត់បន្ថយ កិត្តិយសប្រទេសនៅតែអាប់ឱន ដោយសារមេដឹកនាំប្រទេសប្រព្រឹត្តអំពើមិនថ្លៃថ្នូរ ដូចសព្វថ្ងៃ ។ ជាមួយគ្នានោះដែរលោក សម រង្ស៊ី បានលើកឡើងជាសំណួរថា តើគួរយកជម្រើសមួយណា? ។
ចំពោះការលើកឡើងរបស់មេបក្សប្រឆាំងត្រូវបានមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មតបភ្លាមៗថា ការលើកឡើងរបស់មេបក្សប្រឆាំង គឺជាការមិនពិត ព្រោះថា មេបក្សប្រឆាំង តែងតែនិយាយខុសពីការពិត ចង់ឲ្យគេជឿទុកចិត្តនិងបោះឆ្នោតឱ្យខ្លួន ទើបដើរនិយាយយកតែខ្លួនត្រូវរហូត ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវកែខ្លួនពីការមូលបង្កាច់ និងបរិហាកេរ្តិ៍គេឯង ។
លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាល និងគណបក្សប្រជាជន មានអីត្រូវកែខ្លួន ព្រោះនាយករដ្ឋមន្ត្រីមានអីប្រព្រឹត្តខុស មានតែលោក សម រង្ស៊ី ទេ ដែលត្រួវកែខ្លួននោះ ។ បើធ្វើអីមិនបានផលដល់ប្រយោជន៍របស់ជាតិ កុំនិយាយមូលបង្កាច់ និងបរិហាកេរ្តិ៍ នោះជាទម្លាប់របស់គាត់តាំងពីដើមមក» ។
អ្នកនាំពាក្យគណបក្សកាន់អំណាច បានបន្ថែមថា លោក សម រង្ស៊ី តែងតែប្រាប់គេឯងឲ្យកែទំលាប់ ប៉ុន្តែលោកផ្ទាល់អត់ព្រមកែប្រែទេ។ លោកថា វាមិនដែលប្រជាពលរដ្ឋណាអត់សិទ្ធិសេរីភាព គឺគាត់តើថាអត់សិទ្ធិសេរីភាពនោះ ប្រជាពលរដ្ឋគេកំពុងតែមានសិទ្ធិសេរីភាពទូលំទូលាយ ។
ជាមួយគ្នានោះដែរលោក សុខ ឥសាន ថា មានតែគណបក្សប្រឆាំងនោះទេ ដែលនិយាយមូលបង្កាច់សភាពការណ៍ និងនិយាយសម្ដីអសុរោះ គ្មានសីលធម៌នយោបាយ ដែលបានចោទគណបក្សប្រជាជនកម្ពុជា ថា ផ្ដាច់ការនិងលុបបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលសម្ដីនេះ ពិតជាខ្វះសីលធម៌នយោបាយ ។
ក្រុមអ្នកវិភាគថា ការលើកឡើងរបស់មេបក្សប្រឆាំង និងគណបក្សកាន់អំណាចនោះកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីឲ្យម្ចាស់ឆ្នោតគាំទ្រ និងបោះឆ្នោតនៅឆ្នាំ២០១៧- ២០១៨ ខាងមុខ ។ ប៉ុន្តែក្រុមអ្នកវិភាគនាំគ្នាលើកឡើងថា គណបក្សប្រឆាំង មិនគួរធ្វើការញុះញង់ និងគៀរគរឲ្យអន្តរជាតិផ្តាច់ជំនួយមកប្រទេសកម្ពុជានោះទេ ពីព្រោះថា ការធ្វើបែបនេះនឹងបង្ករផលវិបាកដល់ប្រទេស ពិសេសដល់ពលរដ្ឋ។ គឺត្រូវយកដំណោះស្រាយណាមួយ ដែលសមស្របជាមួយបក្សកាន់អំណាច មិនមែនចេះតែប្រឆាំងគ្រប់ម្រាមដៃនោះទេ ។
ចំពោះការបោះឆ្នោតនាពេលខាងមុខនេះ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកលើបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងសង្គមប្រជាធិបតេយ្យ កិច្ចការបោះឆ្នោត ជារឿងមួយដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសអ្នកតំណាង ទាំងតំណាងមូលដ្ឋានទាំងតំណាងថ្នាក់ជាតិ ។
ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ គឺសំដៅទៅលើគោលនយោបាយថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលជាការប្រកួតប្រជែងមួយតាមរយៈការបោះឆ្នោតជ្រើសរើសយកទស្សនៈគំនិតកម្មវិធីនយោបាយ ក្នុងការរៀបចំ និងអភិវឌ្ឍសង្គមជាតិមួយ ដែលខ្លួនពេញចិត្ត ក្នុងនាមរាស្ត្រជាម្ចាស់វាសនាប្រទេសជាតិរបស់ខ្លួន ។
គូរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គជប) ត្រូវបានបង្កើតឡើង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏ត្រូវបានអនុម័តហើយដែរ ។ គ.ជ.ប បានកំណត់រៀបចំមន្ត្រីកិច្ចសន្យាមួយចំនួន បានកំណត់កាលបរិច្ឆេទ នៃការចុះឈ្មោះបោះឆ្នោត ហើយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏បានកំណត់រួចរាល់ហើយដែរ គឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ