ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២២ អាស៊ាន មិនមែន​មានតែបញ្ហាមីយ៉ាន់ម៉ា​នោះទេ ហើយអាស៊ាន ក៏មិនមែនជាចំណាប់ខ្មាំង​របស់មីយ៉ាន់ម៉ាឡើយ!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​ក្នុងពិធីបើក​វេទិកា​ទេសចរណ៍​អាស៊ាន លើកទី៤០​ នៅ​ខេត្តព្រះសីហនុ នាព្រលប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នេះសម្តេច​តេជោ នាយករដ្ឋមន្ត្រី…

ខេត្តព្រះសីហនុ៖ ​ក្នុងពិធីបើក​វេទិកា​ទេសចរណ៍​អាស៊ាន លើកទី៤០​ នៅ​ខេត្តព្រះសីហនុ នាព្រលប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នេះសម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ បានប្រកាសថា នៅឆ្នាំ២០២២ នេះ អាស៊ាន មិនមែន​មានតែបញ្ហាមីយ៉ាន់ម៉ានោះទេ។ ក្នុងនោះ អាស៊ាន ក៏មិនមែន​ជាចំណាប់ខ្មាំង​របស់មីយ៉ាន់ម៉ាឡើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានបញ្ជាក់ថា ការងាររបស់អាស៊ាន នៅឆ្នាំ២០២២ គឺ​មិនមែន​មាន​តែបញ្ហាមីយ៉ាន់ម៉ា​មួយនោះទេ អាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននេះ មានកិច្ចការជាច្រើន ត្រូវធ្វើ ដោយរាប់ទាំង​ធ្វើយ៉ាងណា​ឲ្យវិស័យ​ទេស​ចរណ៍រស់ឡើងវិញ ខណៈដែល​កូវីដ១៩ មិនទាន់ច្បាស់លាស់​នៅឡើយ។​

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា អាស៊ាន ​មិនមែនជាចំណាប់ខ្មាំង​របស់​មីយ៉ាន់ម៉ាឡើយ។  

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្រកាសរបស់​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ថ្មីៗនេះ ដែល​បាន​ចាត់ទុក​ជំងឺកូវីដ ជាជំងឺផ្តាសាយ។ ការប្រកាសដូច្នេះ​ ត្រូវបាន​សម្តេចតេជោ លើកឡើងថា សម្តេច​ហាក់ដូចជាមាននិន្នាការ​គាំទ្រ។ តែសម្តេចថា ត្រូវធ្វើដោយប្រយ័ត្នប្រយែង ហើយ​ក្នុងនោះ វិធានការចាក់វ៉ាក់សាំង និង​វិធានការការពារខ្លួន ៣កុំ-៣ការពារ ដែល​យើងកំពុង​អនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅតែជាវិធានការចាំបាច់​ ហើយត្រូវបន្ត​អនុវត្តតទៅទៀត​។

ជាមួយនឹងប្រសាសន៍ខាងលើនេះ សម្តេច​តេជោ ហ៊ុន សែន ក៏បានលើកឡើង​ថា កម្ពុជា នៅតែ​បន្តប្រកាន់យក​គោលការណ៍ «អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ នៅពេលចូល​មកកម្ពុជា គឺ​មិនត្រូវធ្វើចត្តាឡីស័កឡើយ បើសិនជាពិនិត្យ ធ្វើតេស្ត មិនមានផ្ទុកជំងឺកូវីដ១៩ទេនោះ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការសម្រេចរបស់កម្ពុជា លើអ្នកដំណើរ​ទាំងអស់ដូច្នេះ មិនមែនជាការ​ដាក់ទណ្ឌកម្ម​លើអ្នកមិន​ចាក់វ៉ាក់សាំងនោះទេ តែដើម្បីការពារ​ដល់ប្រជាពលរដ្ឋ ដែល​បានចាក់វ៉ាក់សាំងរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភ្ញៀវ​បរទេស រួមទាំង​អ្នកដំណើរទាំងអស់ ដែល​មកដល់កម្ពុជា នាពេលកន្លងមក និងនៅពេលនេះ គឺមិនត្រូវបានតម្រូវ​ឲ្យធ្វើចត្តាឡីស័កទេ ឲ្យតែបានចាក់វ៉ាក់សាំង និងពិនិត្យ​​​មិនមានកើតកូវីដ ហើយ​ភ្ញៀវ​ទាំងអស់ ក៏អាចធ្វើដំណើរ​ទៅគ្រប់ទីកន្លែង នៅកម្ពុជាយើង​បាន​។

ជាមួយនឹង​ការប្រកាសពីការបន្តលើកលែងចត្តាឡីស័ក ចំពោះ​អ្នកចាក់វ៉ាក់សាំងរួច សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីទិសដៅរបស់កម្ពុជា ក៏ដូចជាអាស៊ាន ដែលកម្ពុជា ជាប្រធាន នៅឆ្នាំ២០២២ នេះ គឺការបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំង​ការបើកច្រក​របៀង​​នៃការធ្វើដំណើរ​ក្នុងអាស៊ាន និងក្នុងក្របខណ្ឌ​ប្រទេស​ដៃគូអាស៊ាន។

សូមរម្លឹកថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ​។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង​របស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។

វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍​ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅ​ទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ