ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​នាំ​ជ្រូកចូល​​ពី​ថៃ លក់​បន្លំ​ជាជ្រូក​កណ្តុរ សមត្ថកិច្ច​ចុះបង្ក្រាប ម្ចាស់​ដឹងមុនគេចខ្លួន​បាត់

2 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ សត្វ​ជ្រូក​កណ្តុរ ដែល​អ្នកលក់​បាន​ខ្វៃ​រួច​ហើយ អ្នកទិញ​ពិបាក​មើល និង​មិនដឹង​ទេ​ថា ជា​ជ្រូកព្រៃ​ភ្នំ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ឫ​មួយ​ជា​ជ្រូក ដែល​ជនខិលខូច​បន្លំ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ នោះ​ទេ…

បន្ទាយ​មាន​ជ័យ ៖ សត្វ​ជ្រូក​កណ្តុរ ដែល​អ្នកលក់​បាន​ខ្វៃ​រួច​ហើយ អ្នកទិញ​ពិបាក​មើល និង​មិនដឹង​ទេ​ថា ជា​ជ្រូកព្រៃ​ភ្នំ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ឫ​មួយ​ជា​ជ្រូក ដែល​ជនខិលខូច​បន្លំ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ នោះ​ទេ ខណៈ​ដែល​មានការ​ពេញ​និយម​ខ្លាំង ជា​ពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ ។

ការ​ពេញ​និយម​នេះ គឺ​គេ​ល្បី​ថា រសជាតិ​វា​មិន​ទ្រ​លាន់ ហើយ​មិនសូវ​មាន​ខ្លាញ់​ដូច​ជា​ជ្រូក​ខ្វៃ​ធម្មតា ដោយសារ​តែ​ពពួកសត្វ​ជ្រូក​កណ្តុរ​នេះ ត្រូវ​បាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​និយម​ចិញ្ចឹម លែង​ចោល​នៅ​តាម​ភូមិ​ស្រុក ហើយ​វា​ក៏​កាត់​ជាមួយនឹង​ពពួក​ជ្រូកព្រៃ នៅ​ក្នុង​ដែន​ធម្មជាតិ នៅ​ជិត​តំបន់​ព្រៃ​ភ្នំ ។ ជ្រូក​នេះ​តូច​ៗ មិនសូវ​ធំ​ទេ ជា​ពូជ​ធន​នឹង​ជំងឺ ហើយ​ងាយស្រួល​នឹង​ចិញ្ចឹម ដោយ​គ្មាន​ការ​ថែទាំ​គត់មត់ ។

ប៉ុន្តែ​ដោយសារ​តែ​វា​ល្បី​ថា​ឆ្ងាញ់ និង​លក់​បាន​តម្លៃ​ថ្លៃ​ថែម​ទៀត​នោះ ក៏​មាន​ជនខិលខូច​មួយ​ចំនួន លួច​នាំ​ចូល​កូនជ្រូក​ពី​ប្រទេស​ថៃ ជា​ជ្រូក​ខូចគុណភាព​ដែល​គេ​ក្លា​សេ ហើយ​អាច​ត្រាំ​ថ្នាំ​គីមី​ផង​ដែរ ហើយ​ពេល​សមត្ថកិច្ច​បង្ក្រាប​បាន​ម្តង​ៗ​គឺ​តែងតែ​យក​មក​កម្ទេច​ចោល ព្រោះថា​ជ្រូក​ទាំងនេះ គ្មាន​ប្រភព​ផ្គត់ផ្គង់ គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​ពេល​អ្នក​ទទួលទាន​វា អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជ្រូក​កណ្តុរ ដែល​កំពុង​ពេញ​និយម​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​យក​មក​ពី​ប្រទេស​ថៃ លួច​នាំ​ចូល​មក​កម្ពុជា តាម​ច្រករបៀង​មួយ​ចំនួន ឆ្ពោះទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២ សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ និង​កម្លាំងយោធា​ស្រុក​អូរ​ជ្រៅ និង​លោក​មេឃុំ​អូរ​បី​ជាន់ ដឹកនាំ​សម្របសម្រួល​ដោយ លឹ​ម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​ខេត្ដបន្ទាយមានជ័យ រួម​សហការ​គ្នា បង្ក្រាប​ទីតាំង​នាំ​សត្វ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែល​មាន​ទាំង​ជ្រូក​រស់ និង​ជ្រូក​ធ្វើ​រួច ដោយ​ចុះ​បង្ក្រាប​ដល់ទី​តាំង​តែ​ម្តង នៅ​ចំណុច​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់ ខេត្ដបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ផលិតផល មាន​ដើម​កំណើត​ពី​សត្វ​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង​មួយ​កន្លែង ដែល​លួច​នាំ​ចូល​សត្វ​ជ្រូក​ដោយ​ខុសច្បាប់ ពី​ប្រទេស​ថៃ និង​ផលិតផល​ដើម​កំណើត​ពី​សត្វ ដែល​មាន​ម្ចាស់​ឈ្មោះ តាំ ជ័យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​អូរ​បី ជាន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ​បន្ទាយ​មាន​ជ័យ ។

លោក​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ ដោយ​ម្ចាស់​ទីតាំង បានដឹង​ខ្លួន​មុន ហើយ​បាន​គាស់​ទ្រុង ប្រលែង​សត្វ​ជ្រូក​រស់​ប្រមាណ​ជា​៧០​ក្បាល ឲ្យ​រត់​ចូល​ក្នុង​ព្រៃ​អស់ ទំនងជា​ដើម្បី​បំបាត់ភស្តុតាង ហើយ​ម្ចាស់​ទីតាំង​ឈ្មោះ​តាំ ជ័យ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែរ ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ទីតាំង​នោះ រក​ឃើញ​សត្វ​ជ្រូក​ដែល​ធ្វើ​រួច ចំនួន​០៩​ក្បាល បន្លំ​ធ្វើ​ជា​ជ្រូក​កណ្តុរ ដែល​កំពុង​ពេញ​និយម​បរិភោគ ។

លោក ហ៊ុយ ទូច ក៏​បាន​បញ្ជាក់​ដែរ​ថា តាម​ការ​ណែនាំ​ពី​លោក លឹ​ម ប៊ុ​ន​សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដបន្ទាយមានជ័យ ចំពោះ​ម្ចាស់​ទី​ឈ្មោះ តាំ ជ័យ ឲ្យ​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ