ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​រង​គ្រោះដោយ​​អគ្គិភ័យ​នៅ​បឹង​ទំពុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សាលា​រាជធានី​ជាង​៥០​នាក់ រួម​ជាមួយ​ក្រុម​យុវជន​កា​កបាទ​ក្រហម​សង្កាត់​-ខណ្ឌ​ជា​ច្រើន​រូប​ទៀត ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សាលា​រាជធានី​ជាង​៥០​នាក់ រួម​ជាមួយ​ក្រុម​យុវជន​កា​កបាទ​ក្រហម​សង្កាត់​-ខណ្ឌ​ជា​ច្រើន​រូប​ទៀត ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌ​​បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦៥​គ្រួសារ ស្មើនឹង​២៥០​នាក់ ដែល​រង​គ្រោះ​ក្នុង​មហន្តរាយ​អគ្គិភ័យ​លេប​ត្របាក់​លំនៅ​ឋាន កាលពី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា កន្លង​ទៅ នៅ​ខាងក្រោយ​នឹង​ស្ថានីយ​ប៊ូ​ម​ទឹក​ស្អុយ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ចុះ​មក​ពិ​និ​ត្យសុខភាព ដោយ​ឥត​គិតថ្លៃ​នៅ​ពេល​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោ​បាយ​អ្វី​ទាំងអស់ គឺ​សុទ្ធតែ​កើតឡើង​ដោយសារ​តែ​ការ​មើលឃើញ​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ពី​សំណាក់​ក្រុម​អាជ្ញាធរ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជា​ធំ​ជា​និច្ច ។ ក្នុង​​ឱកាស​ខាងលើ​នេះ លោក​អភិបាលរង​បាន​សម្តែង​នូវ​អារម្មណ៍​សោកស្តាយ​យ៉ាង​ពន់ពេក​ផង​ដែរ ចំពោះ​ការ​បាត់បង់​នូវ​ទីជម្រក​ស្នាក់​ប្រាស្រ័យ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ដោយ​សារ​តែ​មហន្តរាយ​អគ្គិភ័យ​កំណាច​ចូល​មក​លេប​ត្របាក់​អស់​ហ្មត់​គ្មាន​សល់ ប៉ុន្តែ​យ៉ាងណា​សុំ​បងប្អូន​កុំ​មានការ​អស់​ស​ង្ឈឹ​ម និង​មាន​វិប្បដិសារី​ក្នុង​ជីវិត​ឱ្យ​សោះ ព្រោះ​អស់​អ្វី​ក៏​អស់​ចុះ តែ​សុំ​ឱ្យ​តែ​ជីវិត​នៅ​រស់រាន​យើង​ប្រាកដជា​អាច​កសាង​វា​ឡើង​វិញ​នៅ​ពេល​ក្រោយ ។

បន្ថែម​ពី​នោះ អាជ្ញាធរ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​ក្នុង​ការ​រក​ជំនួយ​ពី​ទី​ជិត និង​ទី​ឆ្ងាយ  ជា​ពិសេស​ការ​សហការ​ជាមួយ​អង្គការ​ជា​ដៃគូរ​ក្នុង​ការ​យក​អំណោយ និង​ជំនួយ​សប្បុរស​នានា ជួយ​ដល់​បងប្អូន​ជា​បន្តបន្ទាប់ នៅ​ពេល​ក្រោយ​ជាក់​ជា​មិន​ខាន​ឡើយ ។

ជា​ចុង​ក្រោយ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ជាង​២០០​នាក់ បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ក្រៃ​លែង​រក​ពាក្យ​ថ្លែង​ពុំ​បាន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​ថ្នាក់​ខណ្ឌ និង​រាជធានី​ ជា​ពិសេស​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មាន​ជ័យ ​ដែល​តែងតែ​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​គ្រប់​ដង្ហើម​ចេញចូល​ជា​និច្ច ៕