ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការងារ​សង្គមកិច្ច​របស់​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការងារ​សង្គមកិច្ច​គឺជា​សកម្មភាព​ដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​គ្រប់​សាខា​តែងតែ​រៀបចំ​ជា​ទៀងទាត់​សម្រាប់​សិស្សានុសិស្ស។ គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ឲ្យ​សិស្សានុសិស្

រាជធានី​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការងារ​សង្គមកិច្ច​គឺជា​សកម្មភាព​ដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​គ្រប់​សាខា​តែងតែ​រៀបចំ​ជា​ទៀងទាត់​សម្រាប់​សិស្សានុសិស្ស។ គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ឲ្យ​សិស្សានុសិស្ស​ធ្វើការ​សិក្សា និង​ស្រាវជ្រាវ​ផ្ទាល់​អំពី​ប្រធានបទ​ទាំងឡាយ​ដែល​សាលា​បាន​កំណត់​ដើម្បី​ស្វែង​យល់​អំពី​តំបន់​ទេសចរណ៍ ទីតាំង​ប្រវត្តិសាស្ត្រ ប្រភេទ​រុក្ខជាតិ ការ​ថែរក្សា​បរិស្ថាន និង​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ផ្សេង​ៗ និង​ជា​ពិសេស​គឺ​ដើម្បី​ប្អូន​ៗ​សិស្សានុសិស្ស​ចេះ​ចូលរួម​ការងារ​សប្បុរសធម៌​សង្គមកិច្ច​ផង​ដែរ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ វត្ត​នគរ​បា​ជ័យ ភ្នំ​ហាន់ជ័យ និង​ក្បាលទឹក ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ចាម ។ អម​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ផង​ដែរ គណៈនាយក បុគ្គលិក លោកគ្រូ អ្នកគ្រូ បាន​ដឹកនាំ​សិស្សានុសិស្ស​ចូលរួម​ធ្វើ​ការងារ​សង្គមកិច្ច​នៅ​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍ​ដោយ​បាន​នាំ​យក​សម្ភារ​សិក្សា​ទៅ​ចែក​ជូន​ប្អូន​ៗ​កុមារ​រស់នៅ​ក្នុង​អង្គការ​ចំនួន​៨០​នាក់ ។ នៅ​ពេល​អញ្ជើញ​ទៅ​ដល់​អង្គការ​នេះ​ក៏​មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រាក់ទាក់​បំផុត​អំពី​សំណាក់​តំណាង​អង្គការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​ប្អូន​ៗ​សិស្សានុ​សិស្ស​ទាំងអស់ ព្រមទាំង​និស្សិត​ស្ម័គ្រចិត្ត​មក​ពី​សហរដ្ឋអាមេរិក​ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​នេះ​ប្រកបដោយ​ការ​សាមគ្គីភាព ការ​ចែករំលែក និង​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង ។

មាន​មតិ​ស្វាគមន៍ លោក​តំណាង​អង្គការ​ក្នុង​នាម បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ព្រមទាំង​និស្សិត​ស្ម័គ្រចិត្ត​ដែល​មក​ពី​សហរដ្ឋអាមេរិក បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ ដែល​បាន​ដឹកនាំ​បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា និង​ថវិកា​​មួយ​ចំនួន ដើម្បី​ប្រគល់​ជូន​អង្គការ និង​សិស្សានុសិស្ស ។ ជាមួយ​គ្នា​នោះ​ដែរ លោក ប៊ួ​យ បូ​រិ​ន នាយក​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ បាន​លើក​ឡើង​អំពី​ការ​ចែករំលែក​នូវ​សម្ភារ​សិក្សា​ដល់​អង្គការ និង​ប្អូន​ៗ​សិស្សានុសិស្ស ដែល​សម្ភារ​សិក្សា​ទាំងនេះ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​សំណាក់​បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណា​ព្យា​បាល និង​ប្អូន​ៗ​សិស្សានុសិស្ស ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​ចែករំលែក​ក្នុង​សណ្តាន​ចិត្ត​ស្រឡាញ់​និង​អាណិតអាសូរ ។ លើស​ពី​នេះ​ទៅ​ទៀត លោកនាយក​ក៏​បាន​ជំរុញ​ឲ្យ​ប្អូន​ៗ​សិ​ស្សា  នុ​សិស្ស​ត្រូវ​មាន​សាមគ្គី​ភាពល្អ ស្រឡាញ់​គ្នា និង​ចេះ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​របស់​ប្រើប្រាស់ និង​ការ​ផ្តោះ​ប្តូរ​គំនិត​គ្នា​ដើម្បី​ឲ្យ​ការ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​សុភមង្គល ព្រមទាំង​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​បម្រើ​ប្រទេស​ជាតិ​នា​ពេល​អនាគត និង​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀណ និង​ល្បែង​អបាយ​មុខ​ផ្សេង​ៗ ។

បន្ទាប់​ពី​មតិ​សំណេះសំណាល​ចប់ អ្នកសម្របសម្រួល​កម្មវិធី​បាន​រៀបចំ​ឲ្យ​សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ចែក​សម្ភារ​សិក្សា​ដល់​ប្អូន​ៗ​សិស្សានុសិស្ស ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​ប្រកបដោយ​ទឹកមុខ​រីករាយ​រាក់ទាក់ ។

មុន​បញ្ចប់​ពិធី លោក​ប៊ួ​យ បូ​រិ​ន ក៏​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់​លោក​តំណាង​អង្គការ និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង ។ បន្ទាប់​ពី​ធ្វើ​ការងារ​សង្គមកិច្ច​រួច​មក គណៈនាយក បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក៏​បាន​ទស្សនា គយគន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ស្រស់​ត្រកាល​បំផុត សម្រាប់​លំហែ អារម្មណ៍ និង​ជា​កន្លែង​ស្រូប​យក​បរិយាកាស​ដ៏​បរិសុទ្ធ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​យ៉ាងច្រើន​កុះករ ។ សិស្សានុសិស្ស បាន​ដើរ​ទស្សនា​រមណីយដ្ឋាន និង​លេងល្បែង​កម្សាន្ត ដើម្បី​បង្កើន​សាមគ្គីភាព និង​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​និង​គ្នា ព្រមទាំង​ឲ្យ​សិស្សានុសិស្ស​ចេះ​ធ្វើការ ជា​ក្រុម ។

នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការងារ​សង្គមកិច្ច​នេះ គណៈនាយក បុគ្គលិក លោកគ្រូ​-​អ្នកគ្រូ និង​ប្អូន​ៗ​សិស្សានុសិស្ស មាន​ទឹកមុខ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​ចង​ចាំ​មិន​ភ្លេច​នូវ​សកម្មភាព​ទាំងឡាយ និង​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ​វិញ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ប្រកបដោយ​សុវត្ថិភាព ៕