ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី សេរី​ចាន់​ឌី​ន ជួប​ថៃ ឯ អ៊ុំ ចំរើន ជួប​ឡាវ វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ស​ប្ដា​ហ៍​ទី​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​វគ្គ​៥​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​២ កក្កដា ខាន​ស្អែក​នេះ​បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​វគ្គ​៥​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​២ កក្កដា ខាន​ស្អែក​នេះ​បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។

វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Darki Sor Viravan រីឯ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ Chanchai ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​ទី​១​កីឡាករ​កម្ពុជា​២​រូប​គឺ​កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ ។ នៅ​ស​ប្ដា​ហ៍​នេះ​គេ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ មានឱកាស​រកបាន​៣​ពិន្ទុ​ដូច​អ្នក​មុន ឬ​អត់​នោះ​ទេ ។

រវាង វី សេរី​ចាន់​ឌី​ន និង​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​មិន​លើស​គ្នា​ប៉ុន្មាន​ទេ ។ កីឡាករ​កម្ពុជា​រូប​នេះ ធ្លាប់​ប្រកួត​បាន​៦០​ដង ឈ្នះ​៤៨​ដង ចាញ់​៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ ធ្លាប់​ប្រកួត​បាន​៨៣​ដង ឈ្នះ​៦២​ដង ចាញ់​១៦​ដង ស្មើ​៥​ដង ។ មួយ​រយៈ​មកនេះ វី សេរី​ចាន់​ឌី​ន មិន​ដែល​ឃើញ​ឡើង​សង្វៀន​ប្រកួត​ទេ ខណៈ​កីឡាករ​ថៃ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ ។ ដូច្នេះ គូ​នេះ​មិន​អាច​ទាយ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទេ  ប៉ុន្តែ​គេ​មាន​ជំនឿ​ចិត្ត​លើ វី សេរី​ចាន់​ឌី​ន ថា​អាច​ស្វែង​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង ។

ចំណែក​ការ​ជួប​គ្នា​រវាង អ៊ុំ ចំរើន និង​កីឡាករ​ឡាវ​វិញ​នោះ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ដែរ ។ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ប្រកួត គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ។ អ៊ុំ ចំរើន ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៧៣​ដង ចាញ់​៩​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​១៩​ដង ។ រីឯ​កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង ។ ចាំ​មើល​អ៊ុំ ចំរើន អាច​យកឈ្នះ​គូប្រកួត​បាន​ដោយ​របៀប​ណា?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​តម្រូវ​ទៅ​លើ​កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ សុ​ជាតិ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន និង​កីឡា​ករ ផា​ន់ សា​រុន ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស ឧត្ដម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។

ដោយឡែក នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ចំនួន​២​គូ ដែល​តម្រូវ​ទៅ​លើ​កីឡាករ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Mohin Thayalak ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ សេក គឹ​ម​រួន  មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្ត​សៀម​រាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chinnapho thanyalark ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។

ក្រៅពី​គូ​អន្តរជាតិ​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ លី ជិន​ហឺ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ភួង​ពិសិដ្ឋ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។

សម្រាប់​កម្មវិធី​ប្រកួត​ប្រដាល់​ថ្ងៃអាទិត្យ ​ទី​២៣ មិថុនា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​វិញ ក៏​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ផង​ដែរ ។ គូ​អន្តរជាតិ​មាន​ចំនួន​២​គូ​គឺ​កីឡាករ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Yod Mongkun Hanravi ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម និង​កីឡាករ​សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Khomsne Sor Viravan ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ក្រៅពី​នេះ​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ទៀត​ដូច​ជា​កីឡាករ ចៅ ចេក មក​ពី​ក្លិប​ហនុមាន ប្រកួត​ជាមួយ​កីឡាករ​អេ ហនុមាន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។

កីឡាករ​ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សល់ វិត្ថា មក​ពី​ក្លិប​កុសល​កីឡា ។ កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​សេក មេ​សា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង សា​វី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សិទ្ធ សុ​ធន់ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ៕