ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា Westline សហការ​ជាមួយ​សាលា​តន្ត្រី​និង​សិល្បៈ​ពី​ម៉ា​ឡេ​ស៊ី​បណ្ដុះបណ្ដាល​សិស្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ Westline បាន​ចាប់ដៃ​ជាមួយ​សាលា​តន្ត្រី Allegro មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​បណ្ដុះបណ្ដាល​តូរ្យតន្ត្រី​លក្ខណៈ​អន្តរជាតិ​ដល់​សិ​ស្សា​សិស្ស​របស់​ខ្លួន ក្នុង​គោលបំណង​ជួយ​ជំរុញ​ឱ្យ​វិស័យ​សិល្បៈ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ Westline បាន​ចាប់ដៃ​ជាមួយ​សាលា​តន្ត្រី Allegro មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​បណ្ដុះបណ្ដាល​តូរ្យតន្ត្រី​លក្ខណៈ​អន្តរជាតិ​ដល់​សិ​ស្សា​សិស្ស​របស់​ខ្លួន ក្នុង​គោលបំណង​ជួយ​ជំរុញ​ឱ្យ​វិស័យ​សិល្បៈ​ខ្មែរ កាន់តែ​មានឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ និង​ដើម្បី​បង្កើត​បរិយាកាស​ឱ្យ​សិស្ស​កាន់តែ​មានការ​ចាប់អារម្មណ៍​ក្នុង​ការ​សិក្សា ដោយ​មិន​ធុញទ្រាន់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សាលា​អន្តរជាតិ​Westline និង​សាលា​តូរ្យតន្ត្រី Allegro លោក ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Group បានឱ្យ​ដឹង​ថា វិស័យ​តន្ត្រី​នឹង​បង្កើត​នូវ​លទ្ធផល​ការ​សិក្សា​របស់​សិស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ដូចនេះ​សាលា​Westline បាន​បង្កើត​ឲ្យ​មាន​ក្រុម​តន្ត្រី​ឡើង​មុន​នឹង​កិច្ចសហ​ការ​នេះ​ទៅ​ទៀត​។ ក្រោយ​ពី​មាន​កិច្ចសហការ​នេះ យើង​ជឿ​ថា សិស្ស​របស់​យើង​នឹង​មាន​ជំនាញ​កាន់តែ​ស្ទាត់ជំនាញ​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ជា​លក្ខណៈ​អន្តរជាតិ ។

លោក ប៉ិច បូ​ឡែ​ន បន្ត​ថា ក្រុមហ៊ុន Westline Group តែង​រក​មធ្យោបាយ​នានា ដើម្បី​ឲ្យ​សិស្ស​របស់​យើង​ចង់​មក​សាលា និង​ចង់​រៀន ។ ដូច​ជា​ពេល​នេះ បើសិនជា​យើង​មានកម្ម​វិធី​តន្ត្រី​មួយទៀត​សម្រាប់​ពួក​គាត់ នោះ​យើង​ជឿជាក់​ថា ពួក​គាត់​នឹង​កាន់តែ​ចង់​រៀន​ចង់​មក​សាលា ។ ប៉ុ​ន្ទែ​មិនមែន​យើង​ឱ្យ​ពួក​គាត់​ចូល​ចិត្ត​មក​រៀន​តែ​នៅ​សលា​ទេ យើង​ក៏​បាន​បំផុសគំនិត​ឲ្យ​សិស្ស​យើង​ចូល​ចិត្ត​សិក្សា​នៅផ្ទះ​ផង​ដែរ ។

លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ជា​អ្នកជំនាញ​ផ្នែក​តន្ត្រី នៅ​កម្ពុជា  ហើយ​និង​ក្លាយជា​ទីប្រឹក្សា​ផ្នែក​តន្ត្រី​នៅ​សាលា​Westline ថ្លែង​ថា វិស័យ​តូរ្យតន្ត្រី​គឺជា​ទស្សនវិជ្ជា​រួម​មួយ ដែល​ប្រទេស​ណា​ក៏​បាន​សិក្សា​ពី​តូរ្យតន្ត្រី​នេះ​ដែរ ។ តាម​រយៈ​តន្ត្រី​នេះ ក៏​អាច​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ៗ​គ្នា​ស្គាល់គ្នា និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ដែរ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា បើ​និយាយ​ពី​សិល្បៈ​គឺ​ទូលំទូលាយ​ណាស់ ហើយ​មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​សិល្បៈ​រៀង​ៗ​ខ្លួន​ដូច​ជា ការ​តុបតែង​ខ្លួន ការ​ស្លៀកពាក់ តែ​សម្រាប់​តូរ្យតន្ត្រី ចម្រៀង និង​ការ​សម្ដែង គឺជា​សិល្បៈ​មួយ​ផ្នែក​ដែល​ត្រូវ​សិក្សា ។ តាម​ការ​សង្កេត មេដឹកនាំ​ប្រទេស​មួយ​ចំនួន ក៏​មានចំណេះ​ដឹង​ផ្នែក​សិល្បៈ​ដែរ ដូច​ជា​ការ​លេង​ឧបករណ៍​តន្ត្រី និង​ការ​សម្ដែង ជាក់ស្ដែង​អតីត​ព្រះ​មហា​វីរក្សត្រ​របស់​យើង​ជាដើម ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Westline Education Group បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​សាលារៀន​ចំនួន​១១ ក្នុង​នោះ​មាន​សាលារៀន Westline ចំនួន​៧ សាលារៀន Northline ចំនួន​១ សាលា​អន្តរជាតិ Apple Tree ចំនួន​១ សាលា​អន្តរជាតិ Forest Hill ចំនួន​២ ដែល​មាន​សិស្ស​សរុប​ប្រមាណ​១​ម៉ឺន​នាក់ ជាមួយ​ក្រុមហ៊ុន​បណ្ដុះបណ្ដាល ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​អាជីវកម្ម​ចំនួន ១ និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ចិន Chang Cheng ចំនួន​១ ។ សព្វថ្ងៃ Wesline Education Group មាន​បុគ្គលិក​និង​គ្រូបង្រៀន​សរុប​ជាង​១​ពាន់​នាក់ ៕