ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់​«​លី​ដា​»​ដួល​សន្លប់​ជា​បន្តបន្ទាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្ម​ការី​​ប្រមាណ​ជាង​២០​នាក់​នៃ​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់ យីហោ «​លី​ដា​» ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ដួល​សន្លប់

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្ម​ការី​​ប្រមាណ​ជាង​២០​នាក់​នៃ​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់ យីហោ «​លី​ដា​» ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​ពី​ការ​ដួល​សន្លប់​នេះ​ភ្លាម កម្លាំង​អាជ្ញាធរ​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​ជួយ​លើក​ជន​រង​គ្រោះ​ដែល​ដួល​សន្លប់​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

លោក សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បាន​នៅឡើយ​ទេ ថា​ផ្តើម​ចេញពី​កត្តា​អ្វី​ដែល​នាំ​អោយ​កម្ម​ការី​ក្នុង​រោងចក្រ​ត្រូវ​ដួល​សន្លប់​ជា​បន្តបន្ទាប់​បែប​នេះ ខណៈ​ពេល​នេះ​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ដល់ទី​តាំង​កើតហេតុ​ខាងលើ​ដើម្បី​ស្រាវជ្រាវ​រុករក​មូលហេតុ ។

យ៉ាងណាមិញ គិត​មក​ត្រឹម​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ម្ចាស់​ទីតាំង​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន ដោយ​ឲ្យ​កម្មករ​-​កម្ម​ការី​ដែល​នៅ​សេសសល់​ឈប់​សម្រាក​មួយ​ថ្ងៃ​សិន ដោយ​ត្រូវ​ត្រឡប់​ទៅ​កាន់​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ៕