រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជា ជាក្រុមហ៊ុនប្រេងសាំងជាប់លំដាប់ថ្នាក់លេខ៥លើពិភពលោក ហើយដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈប្រកបដោយគុណភាពខ្ពស់ បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យជាថ្មីម្តងទៀត ដោយនាំមកនូវប្រភេទកីឡាលំដាប់អន្តរជាតិមកប្រទេសកម្ពុជា ។ នេះជាលើកទី៦ហើយសម្រាប់ការប្រណាំងជើងឯកម៉ូតូហោះអន្តរជាតិតូតាល់ឆ្នាំ២០១១ ។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ក្នុងសន្និសីទកាសែតមួយដោយមានវត្តមានអ្នកឧបត្ថម្ភកម្មវិធីជាច្រើន ហើយកីឡាករប្រណាំងម៉ូតូជាតិ និងអន្តរជាតិជាច្រើនរូប នឹងចូលរួមប្រកួតដណ្តើមយកពានរង្វាន់ម៉ូតូហោះតូតាល់ឆ្នាំ២០១១នេះ ។
ការប្រណាំងម៉ូតូដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៧ ខែមីនា នាពេលខាងមុខនេះ នៅទីលានប្រណាំងម៉ូតូហោះព្រែកលៀប ទល់មុខសាលាកសិកម្មព្រែកលៀបផ្លូវជាតិលេខ៦A ។ យ៉ាងណាមិញ ការប្រកួតជើងឯកម៉ូតូហោះតូតាល់ឆ្នាំ២០១១ នេះនឹងមានសភាពកាន់តែរំជើបរំជួល រំភើប និងជក់ចិត្តដិតអារម្មណ៍ ជាងឆ្នាំមុនៗថែមទៀត ព្រោះថាកីឡាករជាតិ និងអន្តរជាតិដែលចូលរួមមានចំនួនរហូតដល់ជាង៥០នាក់ ក្នុងនោះមាន៨ជាតិសាសន៍ដែលសុទ្ធតែជាកីឡាករជំនាញមកពីជុំវិញពិភពលោក ដើម្បីធ្វើការប្រណាំងនៅលើទីលានប្រកបដោយផ្លូវកោង បត់បែន និងទីទួលខ្ពស់ៗជាច្រើន ។ កីឡាករទាំងនោះនឹងបញ្ចេញសមត្ថភាពព្រមទាំងទេពកោសល្យរៀងៗខ្លួននៅលើទីលានប្រណាំង ដោយក្នុងនោះមានចែកជាបួនវិញ្ញាសា គឺ A: ក្រុមជំនាញលើការបញ្ជាទោចក្រយានយន្តប្រណាំង B: ក្រុមថ្មីក្នុងការបញ្ជាទោចក្រយានយន្តប្រណាំង C: ក្រុមជំនាញលើការបញ្ជាទោចក្រយានយន្តប្រភេទម៉ូតូត្រៃ D: ក្រុមថ្មីលើការបញ្ជាទោចក្រយានយន្តប្រភេទម៉ូតូត្រៃ ។
ជាការពិតណាស់ថា ដើម្បីដណ្តើមជ័យជំនះលើការប្រកួតយានយន្ត មិនថាកីឡាប្រណាំងម៉ូតូ ឬរថយន្តនោះទេ សុទ្ធតែទាមទារប្រេងម៉ាស៊ូត និងប្រេងសាំងដែលមានគុណភាពខ្ពស់ និងកម្រិតស្តង់ដាអន្តរជាតិ ។ អស់រយៈពេលជាង៤ទសវត្សមកហើយ ដែលក្រុមហ៊ុនតូតាល់បានផ្គត់ផ្គង់ជូននូវប្រេងឥន្ធនៈ ដ៏មានគុណភាពដល់ការប្រណាំងយានយន្តលំដាប់អន្តរជាតិនៅលើពិភពលោក ។ តួយ៉ាងដូចជាការប្រណាំងរថយន្ត World Rally Championship ជាមួយនឹងកីឡាករជើងឯកឈ្នះពានរង្វាន់៦ឆ្នាំជាប់គ្នា គឺលោក Sebastien Loeb មានកីឡាករប្រណាំងជាច្រើនដែលទទួលបានជ័យជំនះ និងកិត្តិនាមដូចជាក្រុម Renault ជាមួយនឹងក្រុម Citroen បានដណ្តើមយកជ័យជំនះ ដែលក្រុមពួកគេបានជ្រើសប្រើប្រេងឥន្ធនៈតូតាល់។ រួមជាមួយគ្នានេះដែរក្រុម Kawasaki បានទទួលជ័យជំនះពីការប្រកួតប្រណាំងម៉ូតូ ហើយពួកគេក៏ជ្រើសប្រើប្រេងឥន្ធនៈតូតាល់ផងដែរ ។ ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអន្តរជាតិម៉ូតូហោះតូតាល់ ២០១១នេះ ត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនរថយន្ត Ford, The Pizza Company, ធនាគារ ANZ Royal, Infinity Insurance, ភេសជ្ជៈ Bacchus, ទឹកបរិសុទ្ធអេរ៉ូតិច, Coca Cola និងកាសែត Phnom Penh Post ហើយក្រុមហ៊ុន Comin Khmere សហការរៀបចំក្នុងព្រឹត្តិការណ៍នេះ ៕
ចែករំលែកព័តមាននេះ