ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ជា​បណ្តើរ​ៗ​ហើយ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសធាតុ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​រហូត​មក​ដល់​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ហាក់​មានការ​ធូ​ស្រាល​បន្តិច បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៧​

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសធាតុ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​រហូត​មក​ដល់​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ហាក់​មានការ​ធូ​ស្រាល​បន្តិច បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៧​កន្លង​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀង​ខ្យល់​កន្ត្រាក់​បង្ក​ការ​រាំងស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍ និង​ក្រុម​ប្រជា​នេសាទ​។ យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​អះអាង​ថា ចាប់តាំងពី​មានការ​ប្រកាស​ពី​ក្រសួង​ពាក់ព័ន្ធ​អាកាសធាតុ នៅ​តំបន់​មាត់សមុទ្រ​មក មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ជូន​ដល់​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍ ដែល​មាន​បំណង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​បណ្តា​កោះ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្លាំង​របស់​លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​ជួយ​សង្គ្រោះ នៅ​ពេល​មាន​គ្រោះអាសន្ន​ផ្សេង​ៗ នៅ​តាម​គោលដៅ​សំខាន់​ៗ​ដែល​បាន​កំណត់ ជា​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ហេតុការណ៍ អាក្រក់​ណាមួយ​កើតឡើង​នោះ​ទេ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​នេះ ដោយសារ​អាកាសធាតុ​មាន​ភាព​ធូ​ស្រាល លោក​បាន​អនុញ្ញាត​ឲ្យ ទូក​ទេសចរណ៍​ខ្នាត​ធំ ចេញដំណើរ​ទៅ​កាន់​កោះ និង​ធ្វើ​ដំណើរ​ពី​កោះ​មក​ដីគោក​វិញ​ជា​បណ្តើរ​ៗ​ហើយ​បន្ទាប់​ពី​សកម្មភាព​ត្រូវ​បាន​ផ្អាក​ពេញ​មួយ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ឯ​ទូក​ទេសចរណ៍​ខ្នាត​តូច​លោក នៅ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នោះ​ទេ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​នគរបាល​ទេសចរណ៍ ។

ដោយឡែក​លោក ឌឹ​ម សំបូរ អនុប្រធាន​អង្គភាព​បង្កា និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជា​នេសាទ និង​ភ្ញៀវ​កម្សាន្ត​លើ​ផ្ទៃសមុទ្រ កម្លាំង​អង្គភាព​បង្កា និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ក៏​បាន​ត្រៀមលក្ខណៈ​រួចរាល់​ជា​ស្រេច​ដែរ ក្នុង​ការ​ត្រៀម​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​បញ្ហា​ផ្សេង​ៗ​។

ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​អង្គភាព​របស់​លោក​បាន​ចុះ​ធ្វើការ​ណែនាំ ដល់​ប្រជា​នេសាទ​មិន​ឲ្យ​ពួក​គាត់​ចេញ​ទៅ​នេសាទ​នោះ រង់ចាំ​អាកាសធាតុ​មាន​ភាព​អំណោយផល​សិន​ជៀសវាង ជួប​គ្រោះថ្នាក់​ជាយថាហេតុ​។​សូម​បញ្ជាក់​ផង​ដែរ​បើ​ទោះបីជា​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាកាសធាតុ​មិន​អំណោយផល ក្នុង​ការ​ចេញ​ទៅ​នេសាទ​យ៉ាងណា​ក្តី ក៏​ទំនិញ​លើ​ម្ហូបអាហារ​គ្រឿង​សមុទ្រ​ពុំ​មានការ​ឡើងថ្លៃ​ខ្ពស់​នោះ​ដែរ ៕