នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំលំដាប់យក្សរបស់អាមេរិក Pfizer លោក Albert Bourla កាលពីថ្ងៃចន្ទបាននិយាយថា វ៉ាក់សាំងដែលប្រើប្រាស់សម្រាប់ការពារកូវីដអូមីក្រុង នឹងរួចរាល់ក្នុងខែមីនា ហើយក្រុមហ៊ុនពេលនេះបានចាប់ផ្តើមផលិតវាចេញមកហើយ។
លោក Bourla បានប្រាប់ទូរទស្សន៍ CNBC ក្នុងកម្មវិធី “Squawk Box” ថា៖ “វ៉ាក់សាំងនេះនឹងរួចរាល់នៅក្នុងខែមីនា។ យើងកំពុងចាប់ផ្តើមផលិតវ៉ាក់សាំងនេះចេញមកហើយ សម្រាប់ការចាក់បន្ទាន់ពេលត្រូវការ។”
![Picture]()
លោក Bourla បាននិយាយថា វ៉ាក់សាំងនេះក៏នឹងកំណត់គោលដៅលើកូវីដបម្លែងថ្មីផ្សេងទៀត ដែលកំពុងមានវត្តមានលើពិភពលោកផងដែរ។ លោកបាននិយាយបន្តថា វានៅតែមិនទាន់ច្បាស់ថា តើវ៉ាក់សាំងកូវីដអូមីក្រុងនេះពិតជាត្រូវការចាំបាច់ឬក៏អត់ ឬក៏ប្រើវាតាមរបៀបណាឱ្យជាក់លាក់នោះទេ តែ Pfizer នឹងផលិតឱ្យហើយសម្រាប់ប្រទេសដែលចង់បានវាយកទៅចាក់ឱ្យប្រជាជនខ្លួន។
លោកនាយកប្រតិបត្តិបានលើកឡើងថា៖ “ក្តីសង្ឃឹមគឺថាយើងនឹងសម្រេចបាននូវអ្វីមួយដែលនឹងមានមធ្យោបាយការពារប្រសើរជាងមុន។ នៅពេលបច្ចុប្បន្ននេះ ថ្វីបើមិនទាន់មានវ៉ាក់សាំងជាក់លាក់សម្រាប់អូមីក្រុង តែយើងឃើញថាអ្នកដែលចាក់វ៉ាក់សាំងរួចគ្រប់៣ដូស ក៏អាចនៅតែឈឺបានដែរ គ្រាន់តែមិនឈឺធ្ងន់ដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ។”
ទិន្នន័យពិភពលោកពិតពីចក្រភពអង់គ្លេស បានបង្ហាញថា វ៉ាក់សាំងរបស់ Pfizer និង Moderna មានប្រសិទ្ធភាពត្រឹមតែ ១០% ប៉ុណ្ណោះក្នុងការការពារការឆ្លងអូមីក្រុង ២០សប្តាហ៍បន្ទាប់ពីការចាក់លើកទី២។ នេះបើយោងតាមការសិក្សាពីទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស។ ការចាក់ដូសជម្រុញ ត្រូវបានគេរកឃើញថា អាចការពារដល់ទៅ៧៥% នៃការឆ្លងអូមីក្រុងនិងបង្កជារោគសញ្ញា៕
ចែករំលែកព័តមាននេះ