ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ដែលមានស្នាមរបួសបែកក្បាលខ្ទេចផ្នែកខាងក្រោយ ត្រូវគេប្រទះឃើញមនុស្ស៤នាក់ ដឹកតាមម៉ូតូយកទៅប្លុងចោលក្បែរចេតិយក្នុងវត្តសង្កែ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ មីនា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ស្ត្រីឈ្មោះសិន សារ៉ូន អាយុ៥៨ឆ្នាំ ធ្វើចុងភៅនៅក្នុងវត្តសង្កែ បាននិយាយថា ក្រោយពីពួកគេទម្លាក់សពទុកក្បែរចេតិយមួយមានបុរសម្នាក់ក្នុងចំណោម៤នាក់ និងមានស្ត្រីម្នាក់ផង បានមកសួរគាត់ដើម្បីរកអាចារ្យបូជាសពនោះ ។ ក្រុមនោះអះអាងប្រាប់គាត់ថា សពនេះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូចូលរថយន្តពេលស្រវឹង ប៉ុន្តែក្រោយពីនិយាយបានប៉ុន្មាននាទី ក្រុមនេះជិះម៉ូតូចាកចេញទៅបាត់ ទើបមានគេរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសំបុត្រកំណើតមួយច្បាប់ជាប់ខ្លួនសព ហើយត្រូវគេសន្មតថា ជាសំបុត្រកំណើតរបស់ជនរងគ្រោះនេះតែម្តង ។ សពនេះឈ្មោះឈន វណ្ណៈ អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ សាកសពនេះមានស្នាមរបួសបែកក្បាលខ្ទេចផ្នែកខាងក្រោយ និងបាក់ក ។
ក្នុងគ្រាដែលសមត្ថកិច្ចកំពុងពិនិត្យសព គេឃើញបុរសម្នាក់ទៀតបានមកដល់ ហើយនិយាយថា ខ្លួនជាបងប្រុសរបស់ជនរងគ្រោះ ។ បុរសនេះឈ្មោះឈន ពៅ អាយុ២៧ឆ្នាំ គាត់និយាយថា ប្អូនប្រុសខ្លួនបានធ្វើព្រូឡានដឹកទំនិញ ហើយខ្លួនបានដឹងរឿងនេះក្រោយពីតៃកុងឡាននោះទូរស័ព្ទប្រាប់ខណៈដែលខ្លួនកំពុងបើកឡានដឹកទំនិញផ្សេងទៀត ។
បន្ទាប់ពីមានការស្រាវជ្រាវបន្តិចក្រោយមក ទើបសមត្ថកិច្ចរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារតែតៃកុងឡានបើកកិនស្លាប់កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៤ មីនា នេះ នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៕
ចែករំលែកព័តមាននេះ