សម័យអាណានិគម(ឆ្នាំ១៨៤៨-១៩៥៣)
កាសែតជាភាសាខ្មែរដំបូងឈ្មោះ «នគរវត្ត» ចេញផ្សាយនៅខែធ្នូ ឆ្នាំ១៩៣៦ ដោយលោកសឺង ង៉ុកថាញ់ លោកប៉ាច ឈឺន និងលោកស៊ឹម វ៉ា ។
កាសែតនេះចេញផ្សាយពីរលេខក្នុង១សប្តាហ៍ មានចំនួន៥.០០០ក្បាល ។ ជំនាន់នោះវត្តមានប្រហែល២៤៥៧វត្តទូទាំងកម្ពុជា ពោលគឺ «នគរវត្ត» មានន័យថា នគរសំបូរណ៍វត្ត ។
ការចេញផ្សាយកាសែតនេះ បញ្ជាក់ពីការភ្ញាក់រលឹកនៃមនសិការស្នេហាជាតិប្រឆាំងនាយទុន ប្រឆាំងអាណានិគម ។ អ្នកនិពន្ធច្រើនតែជាអាចារ្យ ។ អ្នកអានភាគច្រើនជាព្រះសង្ឃនៅពុទ្ធសាសនបណ្ឌិត្យ-សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ។
ប៉ុន្តែគួរបញ្ជាក់ថា នៅស្រុកខ្មែរមានតែកាសែតជាភាសាបរទេសកើតមុនទៅវិញដូចជាកាសែត៖
– Echo du Cambodge (1922)
-Impartial de Phnom Penh (1923)
-Cao Miên Huong Tryèn (1929)
នៅឆ្នាំ១៩៣៥ មានព្រឹត្តិបត្រអក្សរសាស្ត្រមួួយឈ្មោះ «រាត្រីថ្ងៃសៅរ៍» បានចេញផ្សាយដែរ ។
នៅខែកក្កដា ១៩៤២ កាសែតនគរវត្ត ត្រូវរឹបអូសដោយបារាំង ពីព្រោះត្រូវចោទប្រកាន់ថា មានគំនិតជាតិនិយមជ្រុល ។
លោកសឺង ង៉ុកថាញ់ បានភៀសខ្លួនទៅប្រទេសថៃ បន្ទាប់មកទៅដល់ប្រទេសជប៉ុន ។ ខែមិថុនា ដល់ខែតុលា ឆ្នាំ១៩៤៥ លោកសឺង ង៉ុកថាញ់ វិលត្រឡប់ចូលស្រុកវិញ ចេញផ្សាយកាសែតនគរវត្តជាថ្មី ដោយពេលនោះជប៉ុនបានត្រួតត្រាកម្ពុជា រយៈពេលខ្លីនៃសង្គ្រាមលោក លើកទី២ ។
ថ្ងៃទី១១ មករា ១៩៥២ លោកសឺង ង៉ុកថាញ់ បង្កើតកាសែត «ខ្មែរក្រោក » ប៉ុន្តែមួយខែក្រោយទៀតក៏ត្រូវបិទទៅវិញ ដោយសារតែកាសែតនេះបញ្ចេញទស្សនៈចង់ធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយខ្មែរ ។
គួររំឭកថា កាលពីជំនាន់នោះ កាសែតត្រូវបានបង្កើតឡើងដោយអ្នកនយោបាយ គឺមិនមែនដោយអ្នកកាសែតទេ គឺមានទិសដៅបំផុសមនសិការស្នេហាជាតិឡើង ។
ពីឆ្នាំ១៩៤៦-១៩៥៥ កម្ពុជាបានឆ្លងផុតពីរបបអាណានិគម មកជារដ្ឋឯករាជ្យគ្រាន់តែជារូបភាពប៉ុណ្ណោះ ។ ប៉ុន្តែការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៤៧ បានជំរុញឱ្យមានការបង្កើតគណបក្សនយោបាយនានា ដើម្បីប្រកួតប្រជែងរកសំឡេងនៅក្នុងសភា ។ ទន្ទឹមនេះដែរគណបក្ស នីមួយៗក៏បង្កើតកាសែតផ្ទាល់ខ្លួនដូចជា ៖
-១៩៤៦ គណបក្សប្រជាធិបតេយ្យរបស់ទ្រង់ស៊ីសុវត្ថិ យុត្តិវង្ស និងលោកឈាន រ៉ម បង្កើតកាសែត «ប្រជាធិបតេយ្យ» ។
-១៩៤៦ គណបក្សសេរីនិយម របស់ទ្រង់ នរោត្តម នរិន្ទដេត បង្កើតកាសែត«សេរីភាព »។
-១៩៤៧ គណបក្សខ្មែររស់ឡើងវិញរបស់លោកញុឹក ជូឡុង, ទ្រង់ស៊ីសុវត្ថិ សិរីមតៈ និងលន់ នល់ បង្កើតកាសែត «ខេមរៈ » ។
-ថ្ងៃទី២ វិច្ឆិកា ១៩៥៤ កាសែត «ខ្មែរថ្មី» សិ្និទ្ធនឹងលោកសឺង ង៉ុកថាញ់ ប៉ុន្តែនៅថ្ងៃទី២ កុម្ភៈ ១៩៥៦ អ្នកនិពន្ធទាំងអស់ត្រូវចាប់ខ្លួន ។
-ថ្ងៃទី១៨ ធ្នូ ១៩៥៤ កាសែត «ខេមរសហបក្ស» ស្និទ្ធនឹងរាជានិយមមាននិន្នាការប្រឆាំងសឺង ង៉ុកថាញ់ ។
-ថ្ងៃទី៦ មករា ១៩៥៥ លោកយ៉ែម សំបូ បង្កើតកាសែត «ហនុមាន» មាននិន្នាការប្រឆាំងសឺង ង៉ុកថាញ់ ។
-ថ្ងៃទី១០ មករា ១៩៥៥ កាសែត «វេទិកាខ្មែរ» ត្រូវបានបង្កើតឡើងដែរ ។ ដូច្នេះចន្លោះឆ្នាំ១៩៤៦-១៩៥៥ គឺជារយៈពេលមួួយនៃការរីកចម្រើនជាលើកដំបូងនៃសារព័ត៌មាននៅកម្ពុជា ។
សម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០)
-នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យ ។ បីសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានបង្កើតគណបក្ស «សង្គមរាស្ត្រ និយម» ។
-សូមរំឭកថា ទីភ្នាក់ងារសារព័ត៌មាន (អា.កា.បេ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១ ចេញផ្សាយជាបីភាសា គឺខ្មែរ បារាំង និងអង់គ្លេស ដែលមានអ្នកជាវប្រហែល២០០០នាក់ ។
-ឆ្នាំ១៩៥២ កាសែត «មាតុភូមិ» របស់លោកសឹង ភឿកថ មាននិន្នាការឆ្វេងនិយម ប្រមាណពី៤.០០០ទៅ៧.០០០ច្បាប់ក្នុង មួយលេខៗ ។ កាសែតនេះមានប្រជាប្រិយភាពណាស់ ដោយសារការផ្សាយរឿងនិទាន ឬរឿងព្រេងបុរាណចិនដែលមានត ជាភាគៗ ។
-ឆ្នាំ១៩៥៧ កាសែត La Dépeche du Cambodge ជាភាសាបារាំងចេញផ្សាយប្រចាំថ្ងៃប្រមាណ៤.០០០ច្បាប់ ។
-ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៥ កាសែត «ប្រជាជន» បានចេញផ្សាយដោយលួចលាក់ស្តីពីទ្រឹស្តីកុំមុយនីស្ត ដែលមានលោកណុប បូផាន់ ជានាយក ។
ក្រៅពីនេះគឺមានកាសែត «អ្នកជាតិនិយម» ដែលជាអង្គការរបស់សង្គមរាស្ត្រនិយមចេញផ្សាយ ៨.០០០ច្បាប់ក្នុង មួយលេខៗ (èquipe) ទស្សនាវដ្តី «ផ្សេងៗ» ចេញផ្សាយ២៥០០ច្បាប់ក្នុងមួយលេខ ។
ដោយឡែកក្រុមសម្តេចឪខាងភាសាបារាំង (èquipe française de N.Sihanouk) បោះពុម្ពផ្សាយ ៖
-ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៥ សប្តាហ៍នុប្បវត្តិ Rèalités Cambodgiennes (ចេញប្រចាំសប្តាហ៍ចំនួន៤៥០០ច្បាប់ក្នុងមួយលេខ) ។
-ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦៥ ទស្សនាវដ្តីប្រចាំខែ KAMBUJA (ចេញផ្សាយចំនួន២០.០០០ច្បាប់ ក្នុងមួយលេខ) ។
-ឆ្នាំ១៩៦៥ ទស្សនាវដ្តីLe SANGKUM ។
-ឆ្នាំ១៩៦៥ ទស្សនាវដ្តី Etudes Cambodgiennes ។
-ឆ្នាំ១៩៦៥ ព្រឹត្តិបត្រប្រចាំខែ Les paroles de S.P.N Sihanouk ហៅកាត់ថា B.M.D ។
ដោយឡែកក្រសួងឃោសនាការ (ឥឡូវនេះហៅថា ក្រសួងព័ត៌មាន) បានចេញផ្សាយទស្សនាវដ្តី ដូចតទៅ ៖
-Le Cambodge d’aujour d’hui (៤០០០ច្បាប់)
-Les Cahiers du Sangkum (៤០០០ច្បាប់)
-Cambodian Commentary (៣៥០០ច្បាប់)
-ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៥ លោកស៊ឹម វ៉ា បង្កើតកាសែត «ប្រជាសេរី» ។
-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៥៥ លោកសាឡត ឆាយ ជាប្អូនរបស់សាឡុត ស ហៅប៉ុល ពត (ស្លាប់ឆ្នាំ១៩៩៩) បានបង្កើតកាសែត «សាមគ្គី » ។
-ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៩ លោកសម សារី ឪពុករបស់លោកសម រង្ស៊ី បង្កើតកាសែត «រាស្ត្រាធិបតេយ្យ» បន្ទាប់ពីមានទំនាស់ជាមួយប្រមុខរដ្ឋនរោត្តម សីហនុ មក ។
-ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៩ លោកខៀវ សំផន ដែលមានសញ្ញាបត្របណ្ឌិតខាងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃក្រុងបា៉រីស បានបង្កើតកាសែត L’Observateur ចេញផ្សាយពី៨០០០ទៅ១៥.០០០ច្បាប់ក្នុងមួយលេខ ។ កាសែតនេះរិះគន់កម្លាំងអភិរក្សនិយមដែលរារាំងសង្គមរាស្ត្រនិយមមិនឱ្យសម្រេចកម្មវិធី ធំៗបាន ។ ប៉ុន្តែនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៦០ លោកខៀវ សំផន បានត្រូវកម្លាំងនគរបាលចាប់វាយប្រស្រាតខោ នៅតាមដងវិថីនាក្រុងភ្នំពេញ ។ បន្ទាប់មកទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៦០ លោកត្រូវចាប់ញាត់គុករហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៦០ ទើបត្រូវដោះលែងវិញ ។
-ថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៥៩ លោកណុប បូផាន់ ត្រូវបាញ់សម្លាប់នៅកណ្តាលក្រុង។ លោកឌុក រា៉ស៊ី និងលោកប៉ូល លីតាយសួន បង្កើតកាសែត «Phnom Penh Presse » មាននិន្នាការស្និទ្ធអាមេរិក តំណាងគណបក្សប្រឆាំងស្តាំនិយម ។
-ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ សម្តេចព្រះនរោត្តម សីហនុ បង្កើតព្រឹត្តិបត្របររដ្ឋាភិបាល ជាភាសាខ្មែរ និងភាសាបារាំងដើម្បីទិតៀនរដ្ឋាភិបាលផ្ទាល់របស់ព្រះអង្គ ។
-ឆ្នាំ១៩៦៧ លោកស៊ឹម វ៉ា បង្កើតកាសែត «ខ្មែរឯករាជ្យ » ដើម្បីរិះគន់ប្រឆាំងសម្តេចព្រះនរោត្តម សីហនុ ។
-ឆ្នាំ១៩៦៧ លោកនុត ឈឿម បង្កើតកាសែត «សុជីវធម៌» កាសែតនេះផ្សាយរឿងអាសអាភាសច្រើន ហើយលក់ដាច់ណាស់រហូតដល់១១.០០០ច្បាប់ ក្នុងមួយលេខ ។
-ឆ្នាំ១៩៦៩ កាសែត Le Courrier Phnom Penhois ជាភាសាបារាំង បានចេញផ្សាយដែរ ។
-១៩៦៩ លោកសុទ្ធ ប៉ូលីន ជាក្មួយលោក ស៊ឹម វ៉ា បង្កើតកាសែត «នគរធំ» ដោយបញ្ចេញទស្សនៈសាធារណរដ្ឋនិយម ។
សារព័ត៌មានជាភាសាចិន និងវៀតណាម
ភាសាចិន ៖
១-Mékong Yat Pao (៧.២០០ច្បាប់) (ដំណឹងមេគង្គ)
២-Cong Thuong Pao (៦.០០០ច្បាប់) (ពាណិជ្ជកម្ម)
៣-Mien Hao Yat Pao (៦.០០០ច្បាប់ )
៤-Sanh Pao (៣៥០០ច្បាប់) (ដំណឹងចុងក្រោយ)
៥-Shih Pao (៦.០០០ច្បាប់) (ដំណឹងពេលរសៀល)
ភាសាវៀតណាម ៖
១-Trung Lap (អព្យាក្រឹត) ។ កាសែតនេះគាំទ្រក្រុងហាណូយ និងរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ពី៤.០០០ទៅ៦.០០០ច្បាប់ ។
២-Huu Nghi (៣.០០០ច្បាប់)
៣-Sao Mai (២.០០០ច្បាប់)
សម័យសាធារណរដ្ឋ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ដល់១៧ ខែមេសា ឆ្នាំ១៩៧៥
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០ របស់លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុមក កាសែតជាច្រើនប្ដូរនិន្នាការប្រឆាំងរាជានិយម ។
-ខែឧសភា ឆ្នាំ១៩៧០ លោក ទ្រិញ វ៉ាញ រដ្ឋមន្ដ្រីក្រសួងឃោសនាការ បង្កើតការសែត «Cambodge Nouveuo» ប្រែថា «កម្ពុជាថ្មី» ប្រឆាំងសម្ដេចព្រះនរោត្តម សីហនុ ។
-ខែកញ្ញា ឆ្នាំ១៩៧០ លោកគាំ រ៉េត និងលោកកែវ អន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យច្បាប់បង្កើតកាសែត «សាធារណរដ្ឋ» ប្រឆាំងរាជវង្សានុវង្ស ។
កាសែតដែលបង្កើតឡើងក្នុងសម័យកាលសង្គមរាស្ដ្រនិយម អាចបន្ដផ្សាយបានច្រើនតែជាកាសែតដែលមានខ្នងគណបក្សដូចជា៖
-កាសែត «ប្រជាធិបតេយ្យ» របស់លោក សឺង ង៉ុកថាញ់
-កាសែត «ខ្មែរអង្គរ» របស់លោកអិុន តាំ
-កាសែត «ខ្មែរឯករាជ្យ» របស់លោកសុឹម វ៉ា
-កាសែត «កោះសន្ដិភាព» របស់លោកស៊ូ ស៊ន លោកនុត ឈឿម និងលោកជូ ថានី
-កាសែត «មាតុភូមិ» របស់លោកស៊ឹង ភៀកថ ។
-កាសែត «គណបក្សសាធារណរដ្ឋ» របស់លោកអឹុង មឹង និងលោកសុសស្តែន ហ្វ៊ែណង់ដេស
ប៉ុន្ដែនៅចុងឆ្នាំ១៩៧០ សេរីភាពសារព័ត៌មានត្រូវបានបញ្ចប់ ពីព្រោះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៧០ របបលន់ នល់ បានដាក់ច្បាប់ឱ្យត្រួតពិនិត្យលើអត្ថបទកាសែត (La Censure) មុននឹងចេញផ្សាយ មានកាសែតជាច្រើនត្រូវបិទជាបន្ដបន្ទាប់ ។
-ថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧៣ ច្បាប់អាជ្ញាសឹកក៏ត្រូវបានប្រកាសឱ្យប្រើជាធរមាន។ អំពើព្យាបាទ និងការគំរាមគំហែងប្រឆាំងអ្នកកាសែត ក៏កើតឡើងជាបន្ដបន្ទាប់ ដូចជារថយន្ដរបស់លោកសុទ្ធ ប៉ូលីន ត្រូវបានគេយកគ្រាប់បែកទៅបង្កប់ឱ្យផ្ទុះ ។
ច្បាប់បិទមាត់ ចងវ៉ៃ ខ្ទប់ត្រចៀក ក្រោមរបបខ្មែរក្រហម (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)
-អ្នកអាន គឺមានតែកម្មាភិបាលរបស់បក្សកុំមុយនីស្តកម្ពុជា ។
-ខ្មែរក្រហមបានចេញផ្សាយទស្សនាវដ្ដី «ទង់បដិវត្ដន៍» «ទង់ក្រហម» «យុវជន យុវនារីបដិវត្ដន៍» និងទស្សនាវដ្ដីរូបភាព ។
-វិទ្យុមានតែមួយគត់ហៅថា «សំឡេងកម្ពុជាប្រជាធិបតេយ្យ» និងគ្មានទូរទស្សន៍ទេ ។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(៧ មករា ១៩៧៩-១៩៩៣) និងរដ្ឋកម្ពុជា
-ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាកំណើតរណសិរ្សសង្គ្រោះជាតិកម្ពុជានៅស្រុកស្នួល ខេត្ដក្រចេះ ។ រណសិរ្សបានបង្កើតភ្នាក់ងារសារព័ត៌មានកម្ពុជាហៅថា SPK វិទ្យុរណសិរ្សក៏ត្រូវបង្កើតឡើងដែរ ។
-ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ កាសែតកម្ពុជាជាអង្គការព័ត៌មានរបស់រណសិរ្សសង្គ្រោះជាតិកម្ពុជា បានចេញផ្សាយលេខទី១ ចំនួន៥០០០ច្បាប់ ។ បន្ទាប់មកទើបបោះពុម្ពបន្ថែមចំនួនរហូតដល់៥០.០០០ច្បាប់ ។
-ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៩ កាសែត «កងទ័ពបដិវត្តន៍»
-ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨១ កាសែត «ភ្នំពេញ»
-ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៥ កាសែត «ប្រជាជន» ដែលមាននារីជាអគ្គនិពន្ធនាយិកា (លោកស្រី សោម គឹមសួ) ។
ក្រៅពីនេះមានកាសែត «នគរបាលប្រជាជន» ដែលទាក់ទាញបានអ្នកអានច្រើនដោយចុះផ្សាយរឿងរ៉ាវ ផ្សេងៗ មានឃាតកម្ម ចោរកម្ម…និងកាសែតរបស់អង្គការមហាជន (សហជីព-នារី-យុវជន) ។ ក្នុងរយៈពេលនោះសេរីភាពសារព័ត៌មានក៏គ្មានដែរ ។
សម័យអ៊ុនតាក់ (UNTAC)
ថ្ងៃទី២៣ តុលា ១៩៩១ ជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយបញ្ហាកម្ពុជានៅក្រុងប៉ារីស ។ កិច្ចព្រមព្រៀងបានកំណត់ប្រព័ន្ធនយោបាយកម្ពុជាជារបបប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស ប្រកាសសេរីភាពសារព័ត៌មាន និងបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) ដែលមានភាគី៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណៈប្រជាធិបតេយ្យសេរីនិយមព្រះសាសនា និងកម្ពុជាប្រជាធិបតេយ្យ។ គណបក្សហ្វុ៊នស៊ិនប៉ិច ដឹកនាំដោយទ្រង់នរោត្តម រណឫទ្ធិ និងគណបក្សសេរីនិយមព្រះពុទ្ធសាសនាដឹកនាំដោយលោកសឺន សាន បានចូលមកក្រុងភ្នំពេញ ដើម្បីត្រៀមឃោសនាបោះឆ្នោត។ ខ្មែរក្រហមមិនព្រមចូលរួមការបោះឆ្នោតទេ ។
-ខែមករា ឆ្នាំ១៩៩២ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាបានបង្កើតព្រឹត្តិបត្ររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរចេញប្រចាំសប្ដាហ៍ដែលមានលោកប៉ុល ហំម ជានាយក ។ ខ្លឹមសារឃោសនា គឺប្រឆាំងគណបក្សប្រជាជនកម្ពុជា និងវៀតណាម ។
-ខែតុលា ឆ្នាំ១៩៩២ គណបក្សហ៊្វុនស៊ិនប៉ិច បង្កើតកាសែតអ្នកជាតិនិយម-កាសែត Realités Cambodgiennes និងព្រឹត្តិបត្រសំឡេងយុវជនខ្មែរ ។ ខ្លឹមសារឃោសនា គឺប្រឆាំងរដ្ឋាភិបាលរដ្ឋកម្ពុជា។
គណបក្សប្រជាធិបតេយ្យរបស់លោកអិុន តាំ បង្កើតព្រឹត្តិបត្រ «ប្រជាធិបតេយ្យ» ។
អ៊ុន តាក់ បង្កើតវិទ្យុ អ៊ុន តាក់ និងកាសែត «Free Choice» ចុងឆ្នាំ១៩៩២ កាសែតPhnom Penh Post និង Cambodia Times ជាភាសាអង់គ្លេសបានចេញផ្សាយ។ ប៉ុន្តែ Cambodia Times ក្រោយមកក៏ចេញផ្សាយជាភាសាខ្មែរទៀត ។ ក្រោយមកទៀត ក៏ត្រូវបិទដោយឯកឯងដោយសារខាត ។
-ខែមករា ឆ្នាំ១៩៩៣ កាសែត «កោះសន្តិភាព» បានចេញផ្សាយឡើងវិញ ដឹកនាំដោយលោកឧកញ៉ាថុង អ៊ុយប៉ាង ជាអតីតនិពន្ធនាយកកាសែតនេះដែរកាលពីសម័យរបបសង្គមរាស្ត្រនិយម និងឆ្លងមករបបសាធារណរដ្ឋខ្មែរសម័យសេនាប្រមុខលន់ នល់ ។
-ខែមីនា ឆ្នាំ១៩៩៣ កាសែត «ចក្រវាឡ» ដឹកនាំដោយលោកព្រហ្ម សាយ និងកែវ សោភ័ណ្ឌ ។
-ខែមេសា ឆ្នាំ១៩៩៣ កាសែត «រស្មីកម្ពុជា» ដឹកនាំដោយលោកប៉ែន សមិទ្ធិ ហៅប៉ែន ផេង អតីតចាងហ្វាងកាសែតភ្នំពេញ ដែលក្រោយមកត្រូវបញ្ចប់ការចេញផ្សាយ ។ ដោយឡែកកាសែត Le Mekong ជាភាសាបារាំងក៏ចេញផ្សាយ ប៉ុន្តែក្រោយមកក៏ត្រូវបិទដោយខ្វះមធ្យោបាយហិរញ្ញវត្ថុ ។
-ខែឧសភា ឆ្នាំ១៩៩៣ កាសែត «កម្លាំងថ្មី» ដឹកនាំដោយលោកខៀវ សេងគីម ជាប្អូនរបស់លោកខៀវ សំផន ។ បន្ទាប់មកគឺមានកាសែត «មាតុភូមិ» របស់លោកឱម ចាន់ដារា, កាសែត «ព្រលឹងជាតិ» របស់លោកថោង ប៊ុនធឿន ។
-ខែកក្កដា ឆ្នាំ១៩៩៣ កាសែត «ខ្មែរឯករាជ្យ»ដឹកនាំដោយលោកពិន សំខុន ។ កាសែតមួយចំនួន ផ្សេងៗទៀត ក៏ចេះតែកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែកាសែតខ្លះអាយុខ្លី គឺចេញផ្សាយបានតែអំឡុងយុទ្ធនាការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣ ប៉ុណ្ណោះ ។ មកដល់ខែកក្កដា ឆ្នាំ១៩៩៤ មានកាសែត៤២ ដែលក្នុងនោះ១១កើតមុនការបោះឆ្នោត ។ ប៉ុន្តែមានកាសែត១៩ ត្រូវបិទទៅវិញ ។ កាលនោះ កាសែត៣បោះពុម្ពនៅឯបរទេស គឺ Phnom Penh Post, Cambodia Times និងរស្មី កម្ពុជា ។
-ទូរទស្សន៍ឯកជនដំបូងឈ្មោះ IBC.TV បានចាប់ផ្ដើមដោយផ្សាយរឿងថៃ «ត្រកូលអសូរកាយ» មានតួយាយវរនាថ ដែលទាក់ទាញទស្សនិកជនខ្មែរយ៉ាងច្រើនកុះករ ។ នេះជាការចាប់ផ្ដើមនូវយុទ្ធនាការចក្រពត្តិនិយម វប្បធម៌ថៃលើកម្ពុជាដែលបន្តរហូតមកដល់សព្វថ្ងៃ នេះ ។
ទន្ទឹមនឹងការរីកចម្រើននៃសារព័ត៌មានឯកជន គេសង្កេតឃើញថា កាសែតរដ្ឋបានថយឥទ្ធិពល ឬបាត់ស្រមោលតែម្ដង (ភ្នំពេញ កងទ័ពបដិវត្តន៍…) ។ កាសែតរដ្ឋបាត់បង់ការផ្ដាច់មុខ និងចាញ់ការប្រកួតប្រជែងដោយសេរីទៀតផង ។
សម័យរាជរដ្ឋាភិបាលអាណត្តិទី១ និងទី២ នៃព្រះរាជាណាចក្រកម្ពុជាទី២
បដិវត្តន៍វិស័យប្រព័ន្ធឃោសនា
ក្រោយពីការបង្កើតរាជរដ្ឋាភិបាលក្បាលពីរ (នាយករដ្ឋមន្ត្រី២រូប) ដែលប្រសូតចេញពីការបោះឆ្នោតនៅខែឧសភា ១៩៩៣ និងការចាកចេញរបស់អ៊ុនតាក់ពីកម្ពុជានៅដំណាច់ឆ្នាំ១៩៩៣មក ប្រព័ន្ធឃោនាមានការរីកចម្រើនឥតឈប់ឈរ ។
កាសែតជាភាសាបរទេស ៖
-អង់គ្លេស ៖ Phonm Penh Post, Cambodai Time, Cambodai Today, Cambodai Daily, The Business, The Vision ។
-បារាំង ៖ Cambodge Nouveau, Cambodge Soir, Le quotidien du Cambodge, Le Mekong ។
-ចិន ៖ កាសែតពាណិជ្ជកម្ម Long Thuong Pao ។
-វៀតណាម៖ Tú do ចេញតែមួយលេខ ។ នាយក(លី តារា) ត្រូវបានចាប់ខ្លួនបញ្ជូនទៅវៀតណាម ដោយពាក់ព័ន្ធនឹងចលនាវៀតណាមសេរីនៅកម្ពុជា ។
ប៉ុន្តែក្នុងចំណោមកាសែតជាភាសាបរទេសនិងជាភាសាជាតិ គេអាចចែកចេញជាបីប្រភេទគឺ ៖
-កាសែតជាភាសាបរទេសមានលក្ខណៈជាអត្ថបទព័ត៌មាន និងអត្ថបទវិភាគ គឺ Phnom Penh Post, Cambodai Time, Cambodai Daily, Cambodge Nouveau និង Cambodge Soir ។
-កាសែតមានអត្ថបទព័ត៌មាន គឺBusiness News,Cambodai Today Kampuchea, Raksmei Kampuchea, Khmer Ekarech… ដោយមានឱកាស ខ្លះៗបានប្រកាន់ជំហរគាំទ្រគណបក្សនយោបាយណាមួយ ។
-សារព័ត៌មានមានលក្ខណៈជាអត្ថបទបញ្ចេញមតិ ខ្វះអត្ថបទព័ត៌មាន ផ្សេងៗ មានដំណឹងពេលព្រឹក, ដំណឹងថ្មី, កម្លាំងថ្មី និងឧត្កមគតិខ្មែរជាដើម ។
-តួលេខចេញផ្សាយ ពិបាករកឃើញពិតប្រាកដណាស់ ។ នាយកខ្លះច្រើនតែបំប៉ោងតួលេខ ។
គួរកត់សម្គាល់ថា ទោះជាបំប៉ោងតួលេខក្តី ក៏មានគម្លាតគ្នាយ៉ាងធំរវាងតួលេខចេញផ្សាយ និងចំនួនច្បាប់កាសែតដែលលក់ដាច់ ។ ប៉ុន្តែការសិក្សាមួយនៅចុងឆ្នាំ១៩៩៥ បានសន្និដ្ឋានថា ជារៀងរាល់ថ្ងៃមានកាសែតពី៧០.០០០ទៅ១០០.០០០ ចេញផ្សាយ ហើយលក់ដាច់ ឬចែកជូនដោយឥតគិតថ្លៃ ។
ប្រជាជនកម្ពុជាជាង១០លាននាក់ មានប្រហែលពីរភាគបី មិនចេះអានអក្សរ ដោយសារតែមានអាយុតិច ឬមិនចេះអានអក្សរ ។ ម្យ៉ាងទៀតប្រជាជនគ្មានលុយទិញកាសែតអានផង ដូច្នេះគេអាចប៉ាន់ស្មានបានថា មានប្រជាជន១ភាគរយប៉ុណ្ណោះអានកាសែត ឬ២ភាគរយ ។
ទូរទស្សន៍ មាន៦ប៉ុស្តិ៍ គឺ TVK, TV3, TV9, TV5, APSARA, BAYON និង CFI, BBC, CNN ទូរទស្សន៍ខ្សែកាប ។
-TVK ស្តារជាថ្មី (ស-ខ្មៅ) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣ ពណ៌នៅឆ្នាំ១៩៨៦ មិនទាន់មានច្បាប់សោតទស្សន៍ទេ ហើយបានរៀបចំតាក់តែង គ្មានច្បាប់ហាមការភ្ជាប់ប្រព័ន្ធប៉ារ៉ាបូលទេ ។
វិទ្យុ មានវិទ្យុជាតិផ្សាយតាម AM ក្រៅពីនេះផ្សាយតាម FM (FM88, FM90, FM92(RFI), FM95, FM96, FM97, FM97.5, FM99, FM100(BBC), FM102, FM105, FM107, FM98, VOA, RF Asia, Pekin Hanoi ។
វិទ្យុបណ្តាញ នៅតាមខេត្ត-ក្រុង រួមទាំងទូរទស្សន៍ផង
សមាគមអ្នកសារព័ត៌មានខ្មែរ (KJA) បង្កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៣ (ពិន សំខុន)
សម្ព័ន្ធអ្នកសារព័ត៌មានខ្មែរ បង្កើតនៅឆ្នាំ១៩៩៥ (ជុំ កាណាល់)
ក្លឹបអ្នកសារព័ត៌មានកម្ពុជា បង្កើតនៅថ្ងៃទី២៦ សីហា ឆ្នាំ២០០០ (ប៉ែន សមិទ្ធិ)
សហភាពអ្នកសារព័ត៌មានឯករាជ្យ បង្កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ (ចេង សុខណា)…………………… ? បង្កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០០ (អ៊ុ សារិន)
ទីភ្នាក់ងារសារព័ត៌មាន
-AKP ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៣
-AFP, REUTER -ASSOCIATION PRESS, UPI, KYODO, XINHUA, VNA និង DPA(អាឡឺម៉ង់) ។
អ្នកកាសែតជើងចាស់
-លោកឧកញ៉ាថុង អ៊ុយប៉ាង និពន្ធនាយកកោះសន្តិភាពក្នុងជំនាន់លន់ នល់
-លោកព្រហ្ម សាយ ធ្វើអ្នកកាសែតចាប់តាំងពីឆ្នាំ១៩៦៥ កាសែតអរិយធម៌ជំនាន់សាធារណរដ្ឋខ្មែរ
-លោកខៀវ សេងគីម ធ្វើអ្នកកាសែត «វឌ្ឍនភាព» ទៅជា កម្លាំងថ្មី
-លោកថោង ប៊ុនធឿន បង្កើតកាសែត Apsara នៅចុងទសវត្ស៦០
-លោកងួន នន់ Réalite’s Cambodgienes, Kambuja, Le SangKum, ដំណឹងពេលព្រឹក នាយកកាសែតខ្មែរឯករាជ្យ ។
-លោកជា សុង ធ្វើកាសែតលំអៀង សីហនុ
ទាំងនេះជារៀមច្បងដើរតួនាទីដ៏សំខាន់ក្នុងបដិសន្ធិនៃសារព័ត៌មានខ្មែរជំនាន់ថ្មី ៕
ចែករំលែកព័តមាននេះ