ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ភ័យ​នាំ​គ្នា​រត់​ចុះ​ពីលើ​ម៉ូតូ​កង់​បី ក្រោយ​ផ្ទុះ​សង្គ្រាម​ផ្អើល​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដេញ​តាម​ម៉ូតូ​កង់​បី​របស់​បុរស​ម្នាក់​ទៀត និង​បាន​ទាស់​ពាក្យ​សំដី​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ រហូត​ឈាន​ដល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ដេញ​តាម​ម៉ូតូ​កង់​បី​របស់​បុរស​​ម្នាក់​ទៀត និង​បាន​ទាស់​ពាក្យ​សំដី​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វាយតប់​គ្នា ដោយ​សារ​តែ​រឿង​ខឹង​បើក​លឿន​ខ្វះ​ការ​យោគយល់​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​រថយន្ត Masda តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HM-4451 ដឹក​ភ្ញៀវ​ពីរ​ទៅ​បី​នាក់ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ពេល​នោះ​ដែរ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-8027 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ក៏​មក​ទន្ទឹម​ខាងស្ដាំ​ម៉ូតូ​កង់​បី ក្រោយមក​ម៉ូតូ​កង់​បី និង​ម៉ូតូ​នោះ ក៏​បាន​បើក​បណ្តើរគ្នា​ក្នុង​ល្បឿន​យឺត​ៗ ថែម​ទាំង​មានការ​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូ​កង់​បី​ថែម​ទៀត​ផង ដោយ​មិនដឹង​ថា តើ​មានរឿង​អ្វី​នោះ​ទេ?​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ចំណុច​កើតហេតុ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ក៏​បាន​យកដៃ​វាយ​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងស្ដាំ​របស់​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​បែក ខណៈ​ពេល​នោះ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី ក៏​បាន​កាច់ចង្កូត​ម៉ូតូ​កង់​បី​ទៅ​បុក​ម៉ូតូ​វិញ បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល​តែ​ម្តង​។ ហើយ​ភ្លាម​ៗ​នោះ​ផង​ដែរ ម្ចាស់​ម៉ូតូ​ក៏​បាន​ងើប​ស្ទុះ​ទៅ​ធាក់​អ្នក​បើក​ម៉ូតូ​កង់​បី តែ​ធាក់​មិន​ត្រូវ ធ្វើ​ឲ្យ​បុរស​ទាំង​ពីរ​នាក់​នោះ​វាយតប់​គ្នា រហូត​ភ្ញៀវ​ភ័យ​រត់​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ចាកចេញ​ទៅ​បាត់ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ផ្សេង​ទៀត រួម​ជាមួយនឹង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

បើ​តាម​សម្តី​ពី​អ្នកបើកបរ​ម៉ូតូ​កង់​បី បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ពី​ម្តុំ​ផ្សារ​ដេប៉ូ ក្នុង​បំណង​ទៅ​ពោធិ៍​ចិន​តុង​។ អំឡុង​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ដឹក​ភ្ញៀវ​នោះ គាត់​ក៏​បាន​ប្រទះ​ឃើញ​អ្នកបើកបរ​ម៉ូតូ​នៅ​ចំណុច​ស្តុ​ប​ខាងក្រោយ​ស្ពាន​អាកាស​៧​មក​រា ប៉ុន្តែ​ម៉ូតូ​កង់​បី​របស់​គាត់ និង​ម៉ូតូ​នោះ​មិន​បាន​ប៉ះពាល់​គ្នា​អ្វី​នោះ​ទេ ហើយ​គាត់​ក៏​បាន​បើក​ដឹក​ភ្ញៀវ​បន្តដំណើរ​ជា​ធម្មតា ។

អ្នក​បើក​ម៉ូតូ​កង់​បី​បន្ត​ថា លុះ​រហូត​បើក​ដល់​ម្តុំ​ផ្សារ​ទឹកថ្លា ក៏​ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​នោះ​បាន​បើក​ម៉ូតូ​វ៉ា និង​ឆាប​ពីមុខ​ម៉ូតូ​កង់​បី​របស់​គាត់ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​អ្វី​នោះ​ទេ ក៏​នៅ​តែ​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត​។ លុះ​ពេល​មក​ដល់​ម្តុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ អ្នកបើកបរ​ម៉ូតូ​នោះ​ក៏​បាន​ជិះ​ម៉ូតូ​មក​ឆាប​ពីមុខ​ម៉ូតូ​កង់​បី​របស់​គាត់​ម្តងទៀត ទើប​គាត់​និង​អ្នកបើកបរ​ម៉ូតូ​នោះ​ក៏​បាន​ទាស់​ពាក្យ​សំដី​គ្នា រហូត​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​ម៉ូតូ​វាយ​កញ្ចក់​មើល​ក្រោយ​ម៉ូតូ​កង់​បី​របស់​គាត់​បែក ទើប​គាត់​កាច់ចង្កូត​កៀរ​ផ្តួល​ម៉ូតូ​នោះ​វិញ​តែ​ម្ដង​ទៅ​។

ចំណែកឯ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​វិញ ក៏​បាន​រៀបរាប់​យ៉ាង​ខ្លី​ដែរ​ថា មូលហេតុ​ដែល​គាត់​ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​កង់​បី​នោះ គឺ​ព្រោះ​តែ​គាត់​ខឹង​នឹង​អ្នកបើកបរ​ម៉ូតូ​កង់​បី បើក​លឿន​ខ្វះ​ការ​អធ្យាស្រ័យ​ឲ្យ​គាត់ ខណៈ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​បំណង​បត់​ឆ្វេង​ឆ្លងកាត់​ស្តុ​ប​ខាងក្រោយ​ស្ពាន​អាកាស​៧​មក​រា តែ​បែរជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​នៅ​តែ​ព្យាយាម​បើក​កាត់​ពីមុខ​ម៉ូតូ​របស់​គាត់ ទើប​គាត់​បាន​បត់​ម៉ូតូ​ជិះ​ដេញ​តាម​ម៉ូតូ​កង់​បី​នោះ​តែ​ម្តង ដើម្បី​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ធ្វើការ​សាកសួរ​ភាគី​ទាំង​ពីរ និង​បាន​ជួយ​ឲ្យ​ពួក​គេ​ធ្វើការ​ចរចា​សម្របសម្រួល​គ្នា​វិញ ដោយ​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ បន្ទាប់​មក​បុរស​ទាំង​ពីរ​នាក់​នោះ ក៏​បាន​ធ្វើការ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ចប់រឿង​នៅ​នឹក​ន្លែ​ង​កើត​ហេតុតែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ