ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សម្ងំ​តែ​ក្នុង​បន្ទប់​ស្រាប់តែ​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ផ្អើល​អស់អ្នក​ជិតខាង

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ប្រមូល​របស់របរ​ដុត​ចោល​នៅ​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ប្រមូល​របស់របរ​ដុត​ចោល​នៅ​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់​ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់​ពេលវេលា ហើយ​បុរស​រូប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​បណ្តាល​មក​ពី​ប្រើប្រាស់​ថ្នាំ​.​ញៀន​លើស​កំរិត​ទើប​បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​បែប​នេះ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ខាងក្រោយ​សកល​វិទ្យាល័យ​កម្ពុជា ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ំ​ប្រុស​ម្នាក់ ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​ជួល​កើតហេតុ​នេះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ដែល​សង្ស័យ​បែក​ថ្នាំ​នេះ បាន​មក​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ដោយ​ស្នាក់​នៅ​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ​។

អ៊ំ​ប្រុស​ខាងលើ​បន្ត​ថា កន្លង​មក បុរស​ជនជាតិ​ចិន​រូប​នេះ​មិនសូវ​ចេញពី​ក្នុង​បន្ទប់​ទៅ​ណា​មក​ណា​នោះ​ទេ គឺ​បិទទ្វារ​ស​ង្ងំ​នៅ​តែ​ក្នុង​បន្ទប់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ហើយ​នៅ​យប់​កើតហេតុ​នេះ បុរស​ជា​ជនជាតិ​ចិន​រូប​នេះ ក៏​បាន​បិទទ្វារ​ស​ង្ងំ​នៅ​ក្នុង​បន្ទប់​ដូច​សព្វដង​ជា​ធម្មតា លុះដល់​វេលា​កើតហេតុ​ក៏​បានលឺ​សំឡេង​ផ្ទុះ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​របស់​គាត់ ដោយ​ឮ​សំឡេង​ដូច្នេះ គាត់​ក៏​បាន​ងើប​មក​មើល ក៏​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​បន្ទប់​រប​ស់បុរសជន​ជាតិចិន​នោះ​តែ​ម្តង​។

អ៊ំ​ប្រុស​បន្ត​ទៀត​ថា ក្រោយមក​គាត់​ក៏​បាន​រត់​ចេញ​មក​ខាងក្រៅ រួច​ស្រែក​ឆោឡោ​ផ្អើល​អស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​តែ​ម្តង​។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​វាយ​ទម្លុះ​ទ្វារ​បន្ទប់​ចូល​ទៅ​ខាងក្នុង រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ចំនួន​៥​បំពង់ ទើប​អណ្ដាតភ្លើង​បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ ។ ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ គឺ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​មួយ​ចំនួន រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​អាយ​ខន ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ បាត់ដំបង 1L-4436 ក៏​ត្រូវ​បាន​ឆេះ​ខូចខាត​មួយ​ចំហៀង​ខាងក្រោយ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​មិន​អាច​ធ្វើការ​សាកសួរ​ទៅ​លើ​បុរស​ជា​ជនជាតិ​ចិន​រូប​នេះ​បាន​នោះ​ទេ ដោយសារ​តែ​បុរស​ជនជាតិ​ចិន​រូប​នេះ​និយាយ​ស្តី​តែ​ម្នាក់ឯង ដូច​ជា​មនុស្ស​បែក​ថ្នាំ​អ៊ីចឹង​។ បន្ទាប់​មក​ទៀត សមត្ថកិច្ច​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ទឹកថ្លា ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​បន្ទប់​ជួល និង​បាន​ឲ្យ​ម្ចាស់​បន្ទប់​ជួល​ឈប់​ជួល​បន្ទប់​ឲ្យ​បុរស​ជា​ជនជាតិ​ចិន​រូប​នេះ ស្នាក់​នៅ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ