ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនអ្នកពោធិ៍សាត់និងបាត់ដំបងរីករាយជាមួយ​របរ​​ចិញ្ច្រាំ​ដំឡូង​មី​​ ព្រោះអាចផ្គត់ផ្គង់ជីវភាព​បាន​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្មេង ចាស់ ​ប្រុស​ ស្រី ជា​ច្រើន​នាក់…


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្មេង ចាស់ ​ប្រុស​ ស្រី ជា​ច្រើន​នាក់ បាន​​នាំ​គ្នា​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មីនៅ​ក្នុង​ស្តង់​ដំឡូង​មី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​បាន​ថវិកា​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សុខ រី និង ឈ្មោះ ឡោម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃ​លិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗគ្នា​ថា ​ពួក​គាត់​ខ្លះមក​ពី​ខេត្តពោសាត់ និងមួយ​ចំនួន​ទៀត មក​ពី​ខេត្តបាត់ដំបង ហើយ​ក្រោយ​សម្រាក​ពី​ការ​មមារញឹក​ធ្វើស្រែ​ចម្ការ ពួក​គាត់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ខេត្ត​ប៉ៃលិន ដើម្បី​ស៊ីឈ្នួល​កាច់​ពោត និង​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ យក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

ប្រភព​បន្ត​ទៀត​ថា ការ​ចិញ្ច្រាំ​មើមដំឡូង​មីនេះ ១​កញ្ឆេគេ​ឱ្យ​តម្លៃ​១០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ អ្នកខ្លះ​អាច​កាប់​ចិញ្ច្រាំ​បាន​រហូត​ដល់​៥០ ទៅ​៦០​កញ្ឆេ ពោល​គឺ​ក្នុង​១​ថ្ងៃ អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី​៥០០០០៛ ទៅ​៦០០០០៛ សរុប​ទៅ​ក្នុង​១​ខែ​អាច​រក​ចំណូល​បាន​១​លាន​២​សែន ទៅ​១​លាន​៥​សែន​រៀល ដើម្បី​យក​ទៅ​សង​ជំពាក់​គេ និង​ទុក​ចិញ្ចឹម​គ្រួសារ​ខ្លះ​។

ពួក​គាត់​ពិតជា​មានការ​សប្បាយ​រីករាយ​ ក្នុង​ការ​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​តាម​ស្តង់ និង​ក្នុង​ចំការ ព្រោះ​ជា​ការងារ​ដែល​មិន​ចំណាក​ស្រុក​ទៅ​ឆ្ងាយ អាច​ឱ្យ​ពួក​គាត់​រកបាន​ចំណូល​បាន​ស្រួល ជា​ពិសេស​គឺ​នៅ​ក្បែរ​ស្រុក​កំណើត​ងាយស្រួល​ក្នុង​ការ​មើលថែ​កូន​ៗផង​ដែរ​។

ចំណែក​ម្ចាស់​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ដែរ​ថា មើមដំឡូង​មី​ស្រស់​១​គីឡូក្រាម តម្លៃ​២.២​ទៅ​២.៣​បាទ (​ប្រាក់​ថៃ​)​។ រីឯ​ចំណិត​ដំឡូង​មី​ស្ងួត ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​៥.៧ ទៅ​៥.៨​បាត (​ប្រាក់​ថៃ​) ដែល​ជា​តម្លៃ​អាច​ទទួលយក​បាន បើសិនជា​មិន​ចុះថ្លៃ​ជាង​នេះ គឺ​អាច​ឱ្យ​ពួក​គាត់​លក់​ចំណេញ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព
​គ្រួសារ​។

ពួក​គាត់ ក៏​សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទី​ជុំវិញ​ខេត្ត​ជួយ​រក​ទីផ្សារ​ជូន​កសិករ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ផង ខណ​:​តម្លៃ​សម្ភារ​​ដែល​នាំ​ចូល​មក​លក់​ឱ្យ​កសិករ​ ដូច​ជាជី​កសិកម្ម និង​ថ្នាំ​កសិកម្ម មានការ​ឡើងថ្លៃ​ខ្ពស់ តែ​តម្លៃ​កសិផល​ហាក់ដូចជា​ស្ថិត​នៅ​ក្នុង​តម្លៃ​ថោក​មិន​មាន​តុល្យភាព​នោះ​ឡើយ​ ៕ ​

អត្ថបទសរសេរ ដោយ