ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ មី​សាន កីឡាការិនី​ខ្មែរ​អ៊ិ​ស្លា​ម មាន​មហិច្ឆតា​ចង់បាន​មេដាយមាស​ជួយ​ក្រុម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាការិនី​ឆ្នើម​ៗ​របស់​ក្រុមកីឡា​ហុ​ក​គី គឺ​កីឡាការិនី​មួយ​រូប​ដែល​ជា​កីឡាការិនី​ខ្មែរអ៊ិស្លាម ក៏​

រាជធានីភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាការិនី​ឆ្នើម​ៗ​របស់​ក្រុមកីឡា​ហុ​ក​គី គឺ​កីឡាការិនី​មួយ​រូប​ដែល​ជា​កីឡាការិនី​ខ្មែរអ៊ិស្លាម ក៏​កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ផង​ដែរ បន្ទាប់​ពី​​​កីឡាការិនី​មួយរូបនេះ​​ប​ច្ចប្ប​ន្ន​គឺជា​គ្រូ​កីឡា​នៅ​សាលា​មួយ បាន​សុខចិត្ត​ព្យួរ​​ការ​ងារ​​ជា​គ្រូ​កីឡា ហើយ​មក​ហ្វឹកហាត់​កីឡា​ហុ​ក​គី ក្នុង​នាម​ជា​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មាស​ជូន​កម្ពុជា នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​គឺ​នាង​ក៏​ជា​សមាជិក​មួយ​ដែល​មាន​សមត្ថភាព ដែល​ធ្វើ​អោយ​គេ​មើលឃើញ​ពី​ភាព​រហ័សរហួន និង ភាព​ខ្លាំង ដែល​អាច​អោយ​ក្រុមកីឡា​ហុ​ក​គី​ទាំងមូល​មើលឃើញ​ពី​ក្ដី​សង្ឃឹម ស្របគ្នា​ដែល​នាង​ក៏​មាន​មហិច្ឆតា​ចង់​ជួយ​ក្រុម​ដូច​គ្នា​។

កីឡាការិនី​ ផ មី​សាន ដែល​មាន​ឈាមជ័រ​ជា​ខ្មែរអ៊ិ​ស្លាម បាន​អះអាង​ថា ក្រោយ​ពី​នាង​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ជម្រើសជាតិ ក្នុង​ក្រុម​ហុ​ក​គី នាង​កាន់តែ​ជាប់​ចិត្តនឹង​ការ​ហ្វឹកហាត់ ហើយ​កាន់តែ​ធ្វើ​អោយ​នាង​មាន​បំណង​ចង់​សាង​ស្នាដៃ​ក្នុង​នាម​ជា​អ្នក​ជួយ​ក្រុម​អោយ​ដណ្ដើម​បាន​មេដាយ​។ នាងបន្ត​​ថា ​ឱកាស​ក្លាយជា​កីឡាការិនី​ហុ​ក​គី មុន​មែន​ជា​រឿង​ងាយស្រួលនោះ​​​ទេ ហើយ​វា​ក៏​ជា​ក្ដី​ស្រ​ម៉ៃ​ដែល​នាង​ខំ​សាង​តាំងពី​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​ផង​ដែរ​។ ដូច្នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ព្យួរ​ចោល​អាជីព​ជា​គ្រូ​កីឡា​ហើយ​ខំ​ហ្វឹកហាត់​ជាមួយ​ក្រុម ដោយ​សម្រាក​ស្នាក់​នៅ​ជាមួយ​ក្រុម​នៅ​កន្លែង​ហ្វឹកហាត់​តែ​ម្ដង ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​។

កីឡាការិនី​ខ្មែរ​អ៊ី​ស្លា​ម ផ មីសាន ដែល​មាន​ដើម​កំណើត​ពី​ខេត្តពោធិ៍សាត់​រូប​នេះ បន្ត​ថា ការ​ទទួល​បាន​ឱកាស​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​កីឡា​ហុ​ក​គី គឺជា​លើក​ទី​២​ហើយ បន្ទាប់​ពី​នាង​បាន​បង្ហាញ​សមត្ថភាព​ហើយ​ត្រូវ​បាន​ជ្រើស​ជា​កីឡាការិនី​ក្នុង​ក្រុម​ជម្រើសជាតិ ដែល​កាន់តែ​ជំរុញ​អោយ​នាង​ត្រូវ​តែ​បន្ត​ការ​ហ្វឹកហាត់​អោយ​កាន់តែ​ខ្លាំង ជាមួយ​ក្រុម ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង ត្រៀម​ការ​ប្រកួត​ជា​ច្រើន​ទៀត ក្នុង​នាម​ជា​ជម្រើសជាតិ​។

​កីឡាការិនី ផ មីសាន បាន​បន្ត​ថា ភារកិច្ច​ជា​កីឡាការិនី​ជម្រើសជាតិ​កីឡា​ហុ​ក​គី ត​ម្រូ​ឲ្យ​នាង​ស្នាក់​នៅ​ក្នុង​ជំរុំ​ហ្វឹកហាត់​បិទ​ខ្ទប់ ក្នុង​វិមាន​កីឡដ្ឋាន​មរតក​តេ​ជោ​ជាមួយ​មិត្ត​រួម​ក្រុម​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ធ្វើ​យ៉ាង​ឲ្យ​ការ​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​រៀបចំ លើក​ដំបូង នៅ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​។ មហិច្ឆតា​ចង់​ដណ្តើម​មេដាយមាស​ជូន​កម្ពុជា ក៏​ជា​អ្វី​ដែល ផ មី​សាន ត្រូវ​សម្រេចចិត្ត​ព្យួរការងារ​ជា​គ្រូ​កីឡា​សិន ដើម្បី​ហ្វឹកហាត់​បង្កើន​សិទ្ធិ​ផល​បច្ចេកទេស​ផង​ដែរ ។ ការ​ប្រឹងប្រែង​របស់​នាង ក៏​កំពុង​ធ្វើ​អោយ​នាង​ក្លាយជា​ជនជាតិ​ខ្មែរអិ​ស្លាម​មួយ​រូប ដែល​ក្រុម​មិន​អាច​ខ្វះ​បាន ព្រោះតែ​នាង​គឺជា​ធនធាន​ដ៏​ល្អ​ក្នុង​ក្រុម​។

កីឡាការិនី ផ មី​សាន រំពឹង​ខ្ពស់​ថា ការ​ហ្វឹកហាត់​ក្នុង​ជំរុំ​ជាមួយ​មិត្ត​រួម​ក្រុម ពិតជា​អាច​ជួយ​ឲ្យ​ពិភពលោក កាន់តែ​ស្គាល់​ពី​កីឡា​ហុ​ក​គី​កម្ពុជា ហើយ​ក៏​ជា​ឱកាស​មួយ​ដូច​គ្នា ដើម្បី​អោយ​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​។ កីឡាការិនី ផ មី​សាន អះអាង​ថា ក្រោយ​បញ្ចប់​បេស​កម្ម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួចរាល់ រូបគេ​នឹង​បន្ត​អាជីព​ជា​គ្រូ​កីឡា ដើម្បី​ជួយ​ផ្សព្វផ្សាយ​កីឡា​ហុ​ក​គី​ដល់​យុវជន​បន្តវេន​។ ផ មី​សាន​វ័យ​២១​ឆ្នាំ ជា​កីឡាការិនី​ហុ​ក​គី​មួយ​រូប ដែល​ប្រឡង​ជាប់​ក្រប​ខណ្ឌ​ជា​គ្រូ​កីឡា និង​បាន​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០២១ និង ឆ្នាំ​២០២២ ក៏​បន្ត​ធ្វើតេស្ត​ជាប់​ម្តងទៀត ហ្វឹកហាត់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ