រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស្ករ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ 2L-9898 មួយគ្រឿង ដែលអ្នកបើកបរស្រវឹងជោកជាំ បានបើកបោះពួយបុកម៉ូតូម៉ាកវ៉េវ ចិនមួយគ្រឿង ពីក្រោយ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ហើយរថយន្តបានជ្រុលចង្កូតទៅបុករបងឃ្លាំងសាំងសូគីម៉ិច បាក់ជញ្ជាំងថ្ម១ផ្ទាំង រងការខូចខាតធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណា អ្នកបើកបរដែលគេស្គាល់ឈ្មោះម៉ាឌីម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពុំរងរបួសឡើយ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ មីនា ២០១១ នៅមុខឃ្លាំងសាំងសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកឡង់គ្រីស្ស័រ ខាងលើ បានធ្វើដំណើរក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ។ ពេលធ្វើដំណើរមកដល់ចំណុចមុខឃ្លាំងសាំងសូគីម៉ិច ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1A-8234 មួយគ្រឿងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់។
តាមព័ត៌មានបន្តទៀតថា នៅពេលបើកបុកម៉ូតូ ហើយរថយន្តបានបាត់ម្ចាស់ការ ហើយបានរេចង្កូតទៅខាងឆ្វេងដៃឡើងលើចិញ្ចើមផ្លូវទៅបុក របងច្រកចូលឃ្លាំងសាំងសូគីម៉ិច នៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីកន្លែងបុកម៉ូតូបណ្តាលឱ្យបាក់ជញ្ជាំងរបងថ្ម១ផ្ទាំង និងរថយន្តក្រពឹតខាងមុខ ខូចខាតធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ