ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់គុន​បុរាណ​ខ្មែរ​ចំនួន​3​នឹង​ច្របាច់​ចូល​គ្នា​ដាក់​ឱ្យ​កង​យោធពលខេមរភូមិន្ទ​ធ្វើការ​ហ្វឹកហាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដី​ពី​កិច្ចសហការ រៀបចំ​ចង.ក្រង

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដី​ពី​កិច្ចសហការ រៀបចំ​ចងក្រង និង​បណ្ដុះបណ្ដាល​ក្បាច់គុន​ដល់​កង​យោធពលខេមរភូមិន្ទ ។

ពិធី​ចុះហត្ថលេខា​នេះ មាន​ក្បាច់គុន​ចំនួន​៣​ដែល​នឹង​ត្រូវ​រៀបចំ​ដាក់​ឱ្យ​កង​យោធពលខេមរភូមិន្ទ​ធ្វើការ​ហ្វឹកហាត់​នោះ មាន​ក្បាច់គុន​ល្បុក្កតោ យុទ្ធ​គុន​ខម និង​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ ។ តំណាង​ឱ្យ​សហព័ន្ធ​កីឡា​ក្បាច់គុន​ទាំង​៣ ដែល​ត្រូវ​ចុះ​អនុស្សរណៈ​នា​ពេល​នោះ មាន​លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ លោក យូ ស៊ី​ណែ​ត ប្រធាន​សមាគម​យុទ្ធ​គុន​ខម និង​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណៈកម្មការ​រៀបចំ​ក្បាច់គុន​នៃ​កង​យោធពលខេមរភូមិន្ទ ។ ពិធី​នោះ ក៏​មានការ​ចូលរួម​ធ្វើ​ជា​សាក្សី​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ លោក​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក​បណ្ឌិត ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​ក្បាច់គុន​ទៅ​ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​កង​យោធពលខេមរភូមិន្ទ​នា​ពេល​នេះ លោក​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ហើយ​លោក​ក៏​បាន​គិត​ថា គឺជា​ទស្សនៈ​វែង​ឆ្ងាយ​ដើម្បី​ធ្វើ​ឱ្យ​ក្បាច់គុន​បុរាណ​ខ្មែរ​មានការ​រីក​ចម្រើន​ទាំង​ថ្នាក់​ជាតិ​-​អន្តរជាតិ ។ ម្យ៉ាងវិញទៀត ក្បាច់គុន​បុរាណ​ខ្មែរ មិន​ត្រឹមតែ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​បាន​យក​មក​បង្ហាញ​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ផង​ដែរ ដែល​ត្រូវការ​មនុស្ស​ចំនួន​៥​ពាន់​នាក់ ។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​បាន​យក​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​៣​មក​ច្របាច់​ចូល​គ្នា​សម្រាប់​ដាក់​ឱ្យ​កង​យោធ​ពល​ខេមរភូមិន្ទ​ធ្វើការ​ហ្វឹកហាត់ ។ ក្បាច់គុន​ល្បុក្កតោ ដែល​ជា​កេរ​មរតក​របស់​ខ្មែរ​នឹង​ត្រូវ​រៀបចំ​ធ្វើការ​ចងក្រង​ឱ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៦​នេះ ដើម្បី​បញ្ជូន​ឯកសារ​ទៅ​អង្គការ​UNESCO ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ ។

លោកនាយ​ឧត្ដមសេនីយ៍ ឥត សា​រ៉ាត់ បាន​មាន​ប្រសាសន៍​ថា ពេល​នេះ ជា​យុគសម័យ​ថ្មី​នៃ​ការ​រីក​ចម្រើន​ខាន​សព្វាវុធ ប៉ុន្តែ​យើង​ក៏​មិន​អាច​បំភ្លេច​នូវ​ក្បាច់គុន​ដែរ ជា​ពិសេស​កងរាជអាវុធហត្ថ​ដែល​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ។ ម្យ៉ាងវិញទៀត ក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​ការពារ​និង​ថែរក្សា​កេរដំណែល​ដូនតា​របស់​យើង​ឱ្យ​បាន​គង់វង្ស​ផង​ដែរ ៕