ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង «​អូ​មី​ក្រុង​» ក្នុង​សហគមន៍ ពុំ​មាន​ប្រវត្តិ​ទៅ​​ក្រៅប្រទេស​ទេ​ ៖ តើ​ឆ្លង​មកពីណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៩ ខែមក​រា ឆ្នាំ​២០២២នេះថា បុរស​ខ្មែរ វ័យ ២៣ ឆ្នាំ​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «អូ​មី​ក្រុង» ពុំ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​​ពី​​ទៅ​​បរទេស​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៩ ខែមក​រា ឆ្នាំ​២០២២នេះថា បុរស​ខ្មែរ វ័យ ២៣ ឆ្នាំ​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «អូ​មី​ក្រុង» ពុំ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​​ពី​​ទៅ​​បរទេស​នោះ​ទេ ។

«​បុរស​ជនជាតិ​ខ្មែរ រូប​នេះ គាត់​អត់​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ពី​បរទេស​អ្វី​ទេ គឺ​គាត់​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​តែ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​របស់​យើង​ទេ ដូច​សេចក្តី​ជូន​ព័ត៌មាន​ក្រសួងសុខាភិបាល​បាន​ផ្សាយ​ជូន​ហើយ​» ។ នេះ​ជា​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នក​សារព័ត៌មាន​ថា ​តើ​បុរស​ជនជាតិ​ខ្មែរ ដែល​មាន​វ័យ ២៣ ឆ្នាំ មាន​ទីលំនៅ​នៅ​​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែល​ក្រសួងសុខាភិបាល បាន​ប្រកាស​ព័ត៌មាន​ជូន​កាលពី​យប់​ថ្ងៃ​ទី ៨ ខែមក​រា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ថា ​ជា​ករណី​រក​ឃើញ​ជាដំបូង​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ «អូ​មី​ក្រុង »នៅ​ក្នុង​សហគមន៍ ធ្លាប់​ធ្វើ​ដំណើរ​ពី​​ទៅ​ក្រៅប្រទេស​ឬ​យ៉ាងណា​ កាលពី​ពេល​ថ្មី​ៗ​នេះ? និង​តើ​គាត់​សង្ស័យ​ថា ​ឆ្លង​ពី​ប្រភព​ណា​មក? ។

យ៉ាងណាមិញ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​បន្តថា បុរស​វ័យ ២៣ឆ្នាំ ដែល​ជា​អ្នក​ឆ្លង «​អូ​មី​ក្រុង​» ក្នុង​សហគមន៍​ដំបូង​គេ​នៅ​កម្ពុជា ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ គឺ​ស្ថានភាព​សុខភាព​ធម្មតា «​មិន​មាន​អ្វី​គួរ​កត់សម្គាល់​នោះ​ឡើយ​» ។

សូម​រម្លឹក​ថា លោក​ជំទាវ​វេជ្ជបណ្ឌិត អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន ៦ នាក់ (៣​នាក់​នៅ​ខេត្តកំពត ២​នាក់​នៅ​រាជធានី​ភ្នំពេញ និង​បងប្អូន​ជីដូន​មួយ​មក​ពី​អូស្ត្រាលី​) បាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​បុរស​អ្នកជំងឺ​ខាងលើ ។ ទន្ទឹង​នឹង​នោះ អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត និង​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​សំណាក ។

លោក​ជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែង​បញ្ជាក់​ថា «​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សំខាន់​នោះ គាត់​បាន​រួម​ដំណើរ​ជាមួយនឹង​បងប្អូន​ជីដូនមួយ​របស់​គាត់ ដែល​បងប្អូន​ជីដូនមួយ​របស់​គាត់​នេះ មក​ពី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។ ហើយ​គាត់​បាន​ដើរ​លេង​ជាមួយ​គ្នា ។ ហើយ​បច្ចុប្បន្ន​នេះ បងប្អូន​ជីដូនមួយ​របស់​គាត់ ក៏​ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​ធ្វើតេស្ត​វិភាគ ដែល​យើង​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​នូវឡើយ ។ យើង​កំពុង​តែ​រង់ចាំ​លទ្ធផល​វិភាគ​» ។

«​ហើយ​ក្រសួងសុខាភិបាល ក៏​បាន​ចាត់ចែង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ហើយទៅ​តាម​ទីតាំង ដែល​បុរស​ដែល​យើង​បាន​រក​ឃើញ​ថា​ មាន​វីរុស កូ​វី​ដ​-១៩ «អូ​មី​ក្រុង» ​នេះ នៅ​តាម​ទីកន្លែង​មួយ​ចំនួន ។ នៅ​ក្នុង​នេះ គឺ​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​មាន​ប៉ះពាល់​​ផ្ទាល់​ជាមួយ​គាត់ នៅ​ខេត្តកំពត ពីព្រោះ​ផ្ទះសម្បែង​របស់​គាត់ គឺ​នៅ​ខេត្តកំពត ហើយ​នៅ​ទីនោះ យើង​មាន​៣​នាក់​កំពុង​ស្ថិត​​នៅ​ក្រោម​ការ​តាមដាន​និង​វិភាគ​សំណាក​ពី​មន្ទីរពិសោធន៍​ដែរ យើង​កំពុង​រង់ចាំ​លទ្ធផល​ដែរ… ចំណែក​នៅ​ឯ​រាជធានី​ភ្នំពេញវិញ ក៏​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ២ រូប​ និង​កំពុង​ចាំ​លទ្ធផល​ផង​ដែរ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ​ក្រសួងសុខាភិបាល​បាន​ចាត់វិធានការ​ភ្លាមៗ​​ចំពោះ​ករណី​ដំបូង​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នេះ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដុតដៃដុតជើង​អនុវត្ត​នូវ​វិធាន «៣​ការពារ ៣​កុំ» ជាពិសេស​ជម្រុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់ថ្នាក់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជាំពិសេស​គឺ​ដូ​ស​ជម្រុញ ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤ ។

គួររំលឹកទៀតថា ៖ លោក​ជំទាវ​ ឱ វណ្ណ​ឌី​ន ថ្លែង​អំពី​អ្នក​ពាក់ព័ន្ធ​នឹង​បុរស​ខ្មែរ​កើត​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ