ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ កម្មការិនី​ជាង​១០០​នាក់ សុំ​អន្តរ​រាគ​មន៍​៥​ចំណុច​ពី​រដ្ឋ​សភាជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ មាន​ក្រុម​កម្មករ កម្មការិនី ជាង​១០០​នាក់ មក​ពី​រោងចក្រ​ក្លូ​ប​ល អា​ប៉ា​រែ​ល

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦  មាន​ក្រុម​កម្មករ កម្មការិនី ជាង​១០០​នាក់ មក​ពី​រោងចក្រ​ក្លូ​ប​ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល  ខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកគ្នា​មក​កាន់​រដ្ឋ​សភាជាតិ ដើម្បី​សុំ​ការ​អន្តរាគមន៍​នូវ​ការ​ទាមទារ​ចំនួន​៥​ចំណុច ក្រោយ​ពី​ក្រុមហ៊ុន​បាន​ធ្វើការ​ប្រកាស​បិទទ្វារ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ កន្លង​មកនេះ ។

យោង​ទៅ​តាម​ខ្លឹមសារ​ញត្តិ​បាន​ស​សេរ​ថា ព្រះរាជាណាចក្រ​កម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ លិខិត​សុំ​ជួយ​អន្តរាគមន៍ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​(CUMW) សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ​(ILUC) សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​(CYPUL) សហព័ន្ធ​សហជីព​ពលករ​កម្ពុជា និង​សហព័ន្ធ​សហជីព​សេរី​កម្មករ​ខ្មែរ តំណាង​ឱ្យ​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ​កាត់ដេរ ក្លូ​ប​ល អា​ប៉ា​រែ​ល លីមីត​ធី​ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សូម​គោរព​ជូន សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ កម្មវត្ថុ ៖ សូម​ជួយ​អន្តរាគមន៍ ករណី​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​និយោជិត​នៃ​រោងចក្រ​កាត់ដេរ ក្លូ​ប​ល អា​ប៉ា​រែ​ល​លីមីត​ធី​ត​។ យោង​លិខិត​ពឹងពាក់​ចុះ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ លិខិត​ពឹងពាក់ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ លិខិត​សុំ​ជួយ​អន្តរាគមន៍ ចុះ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​។

តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ យើងខ្ញុំ​មាន​កិត្ត​យស សូម​ជម្រាប​ជូន សម្តេច​ពញា​ចក្រី មេត្តា​បាន​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្រុមហ៊ុន ក្លូ​ប​ល អា​ប៉ា​រែ​ល លីមីត​ធី​ត បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទទ្វារ​ក្រុមហ៊ុន​លែង​ដំណើរការ នៅ​ថ្ងៃ​ទី​៣១ ខែ តុលា ឆ្នាំ​២០១៦​។ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ កម្មករនិយោជិត​បាន​នាំ​គ្នា​ផ្អាក​សកម្មភាព​ការងារ ដោយ​នាំ​គ្នា​អង្គុយ​លេង​តាម​កន្លែង​ការងារ​រៀង​ៗ​ខ្លួន ហើយ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ កម្មករនិយោជិត​ទាំងអស់​បាន​ចេញ​មក​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​បរិវេណ​រោងចក្រ​។ ក្នុង​ខ្លឹមសារ​ញត្តិ​ក៏​បាន​បន្ត​ទៀត​ថា ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​កូដកម្ម​នេះ មិន​មានការ​ចូលរួម​សម្របសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករនិយោជិត​នោះ​ទេ​។

នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ សហព័ន្ធ​សហជីព បាន​ដាក់​លិខិត​សុំ​ជួយ​អន្តរាគមន៍​ទៅ​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ទាប់​មក​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ភាគី​កម្មករនិយោជិត សហជីព និង​ភាគី​ក្រុមហ៊ុន​ទៅ​ចូលរួម​ប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រសួង​ចំនួន​ពីរ​លើក​គឺ​លើក​ទី​១ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នោះ​គឺ​ពុំ​មាន​លទ្ធផល​ណាមួយ​សមរម្យ​ជូន​កម្មករនិយោជិត​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​កម្មករនិយោជិត​សម្រេច​ធ្វើ​កូដកម្ម​បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

សហព័ន្ធ សហជីព យើងខ្ញុំ បាន​ទទួល​ការ​ពឹងពាក់​ពី​បងប្អូន​កម្មករនិយោជិត​ឲ្យ​ជួយ​ដោះស្រាយ​នូវ​សំណើ​មួយ​ចំនួន​របស់​ពួក​គាត់​មាន​ដូច​ខាងក្រោម ៖ ១-​សូម​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​តាម​ច្បាប់​ស្តី​ពី​ការងារ​។ ២-​ចំពោះ​កម្មករនិយោជិត​ដែល​មានឈ្មោះ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ក្នុង​ខែឧសភា ឆ្នាំ​២០១៦ មាន​ចំនួន​៦៣៥​នាក់ និង​កម្មករ​ដែល​មាន​កិច្ចសន្យា​នៅ​សល់​សូម​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​ផ្សេង​ៗ ជូន​ពួក​គាត់​ក្នុង​ខែមិថុនា​នេះ​ដូច​គ្នា​តែ​ម្តង ដែល​រួម​មាន ប្រាក់​ជូនដំណឹង​មុន ប្រាក់​កិច្ចសន្យាការងារ ប្រាក់ ៥% ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​អតីតភាព​ការងារ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជូន​ពួក​គាត់​ទាំងអស់​គ្នា​ឱ្យ​បាន​រួចរាល់​។ ៣-​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មាន​អតីតភាព​ការងារ​គ្រប់​មួយ​ឆ្នាំ ក្រុមហ៊ុន​គិត​ប្រាក់ ៥% នៃ​ប្រាក់​មធ្យមភាគ​ជូន​ពួក​គាត់​ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​រោងចក្រ​បាន​ប្រកាស​បិទទ្វារ​។ ៤-​ករណី​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទូទាត់​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករ​ដូច​មាន​ក្នុង​ចំណុច​ទាមទារ សូម​ឱ្យ​ក្រុមហ៊ុន​បន្ត​កុងត្រា​ការងារ​ជូន​កម្មករ​ទាំងអស់​ជា​ធម្មតា​ឡើង​វិញ​។ ៥-​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​លែង​ដំណើរការ សូម​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ជា​ប្រាក់​ជូន​កម្មករ​ជា​ការ​លើកទឹកចិត្ត​។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម សម្តេច​ពញា​ចក្រី មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​សមរម្យ សម្រាប់​បងប្អូន​កម្មករនិយោជិត ដើម្បី​បញ្ចប់​វិវាទ​នេះ ដោយ​ក្តី​អនុគ្រោះ​។ ក្នុង​ពេល​នោះ​ដែរ តំណាង​ក្រុម​កម្មករនិយោជិត​ចំនួន​៥​នាក់ ត្រូវ​បាន​រដ្ឋ​សភាជាតិ​អនុញ្ញាត​ឲ្យ​យក​ញត្តិ​សុំ​ការ​ធ្វើ​អន្តរាគមន៍​នោះ ចូល​យក​ទៅ​ផង​ដែរ ទើប​នាំ​គ្នា​ធ្វើការ​រំសាយ​ចេញពី​មុខ​រដ្ឋ​សភាជាតិ និង​បន្ត​យក​ទៅ​ដាក់​ជូន​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទៅ​ទៀត ៕