ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជិះកង់​ជាង ២០០នាក់ ចុះឈ្មោះប្រណាំងកង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត បានមកចុះឈ្មោះ ចូលរួមប្រកួត​កីឡាទោចក្រយាន…

រាជធានីភ្នំពេញ៖ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត បានមកចុះឈ្មោះ ចូលរួមប្រកួត​កីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តរៀមរាប។ នេះបើតាអគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡាទោចក្រយាន លោក នូ ចំរើន។

ក្នុង​សន្និសីទ​​កាសែត ដែលបានធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៦​មករា ឆ្នាំ២០២២ ​លោក នូ ចំរើន បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិមួយនេះ គ្រោងនឹងធ្វើឡើង តាំងពីដើមខែធ្នូ ឆ្នាំ២០២១ មកម្លេះ​ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយបញ្ហាជំងឺ​កូវីដ-១៩ រីករាលដាលខ្លាំង។ ឥឡូវស្ថានការណ៍ មានភាពល្អ​ប្រសើរឡើង សហព័ន្ធ បានសម្រេចរៀបចំឱ្យមានការប្រកួតឡើងវិញ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើទឹកដីនៃខេត្តសៀមរាប។

លោក នូ ចំរើន បន្ថែមថា បើគិតមកត្រឹមថ្ងៃទី៦មករានេះ មានកីឡាករ-កីឡាការិនី មកចុះឈ្មោះ ចូលរួមប្រកួត ចំនួន ២៥២នាក់ បូករួមទាំងគ្រូបង្វឹក និងប្រតិភូទៀតផងនោះ សរុបទាំងអស់ ចំនួន ៦០០នាក់។

លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់​ថា ចំនួនកីឡាករ-កីឡាការិនី ដែលបានមកចុះឈ្មោះ ប្រកួតឆ្នាំនេះ មានការថយ​ចុះជាងឆ្នាំមុន ប្រហែលជា ៣០%។

ទោះជាយ៉ាងណា សហព័ន្ធខ្មែរកីឡាទោចក្រយាន នៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍​នៃការ​ប្រកួតថ្នាក់ជាតិមួយនេះ មានភាពល្អប្រសើរ​ឡើង ដោយរៀបចំឱ្យមានការសំដែងក្បាច់កង់ (BMX Free Style) ការសំដែង​ស្គីក្ដារ និងមានការសំដែងស្គីកង់ផងដែរ។ មិនតែប៉ុណ្ណោះ ឆ្នាំនេះ សហព័ន្ធកីឡាទោចក្រយាន បានអញ្ជើញក្រុមក្លឹបម៉ូតូធំ (BMW) ចូលរួម​សម្របសម្រួល នាំផ្លូវ ​សម្រាប់ការប្រកួតលើវិញ្ញាសាកង់គួក ព្រោះអីពួកគាត់ សុទ្ធសឹងតែជាកីឡាករប្រណាំងម៉ូតូ ដែលមានសមត្ថភាព និងកម្រិតជំនាញខ្លាំង មានបទពិសោធខ្ពស់ ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកង់ជើងឯកពិភពលោក ដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២០ ទៀតផង។

ដូច្នេះព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ គឺអនុវត្តទៅតាមផែនការយុត្តិសាស្ត្ររបស់សហព័ន្ធ ដោយមានការ​ឯកភាពពីលោក ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធកីឡាទោចក្រយាន ដែលបានដាក់ចេញ ដើម្បីពង្រឹងសមត្ថភាព គណៈកម្មការ​បច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ក្នុងដំណើរ ឈានឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយាន នៅលើឆាកអន្តរជាតិនាពេលខាងមុខទៀតផង។

ម្យ៉ាងវិញទៀត ក៏ជាការផ្ដល់ឱកាសទៅដល់កីឡាករ កីឡាការិនី ដែលមកពីតាមបណ្ដា​សមាគម រាជធានី​ខេត្ត បានបង្ហាញ​នូវទេព​កោសល្យ ចំណេះជំនាញ​ អភិវឌ្ឍសមត្ថភាព និងការវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ពួកគេផងដែរ។

សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏កំពុងតែស្វែងរកធនធាន កីឡាករ កីឡាការិនី ដែលមានសមត្ថភាព​ ដើម្បីបញ្ចូល​ក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ​តែងតែសម្លឹងមើលលើទេពកោសល្យ​របស់ពួកគាត់ ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេ ដើម្បីត្រៀមបញ្ចូលឈ្មោះកីឡាករ ក្នុងបញ្ជីប្រមូលផ្ដុំ ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕ អ៊ុំ សំអូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ