ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា និង ហែម​ថុ​ន វិ​ទិ​នី មិន​ទាន់​មាន​ដំណឹង​ផ្សះផ្សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ចាប់អារម្មណ៍​រឿង​ស្នេហា​ប្រេះឆា​រវាង​កីឡាករ ចាន់ វឌ្ឍនាកា និង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី ដែល​មិន​ទាន់​មាន​ដំណឹង​ថា​ពួក​គេ​បាន​ផ្សះផ្សា​ឈាន​ទៅ​រក​ការ​ត្រូវរ៉ូវ​គ្នា​វិញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ចាប់អារម្មណ៍​រឿង​ស្នេហា​ប្រេះឆា​រវាង​កីឡាករ ចាន់ វឌ្ឍនាកា និង​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី ដែល​មិន​ទាន់​មាន​ដំណឹង​ថា​ពួក​គេ​បាន​ផ្សះផ្សា​ឈាន​ទៅ​រក​ការ​ត្រូវរ៉ូវ​គ្នា​វិញ​ឬ​យ៉ាងណា​នៅឡើយ​ទេ ។ នៅ​លើ​គណនីហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ពួក​គេ​មិនឃើញ​បន្សល់​ទុក​នូវ​រូបថត​ដែល​បាន​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម​​ដូច​មុន​ទៀត​ទេ ក្រោយ​ពេល​ពួក​គេ​ប្រកាស​កាត់​ផ្ដាច់ចំណង​ស្នេហ៍​នឹង​គ្នា ។ មក​ទល់​ពេល​នេះ ភាគី​ទាំង​ពីរ​ហាក់​បន្ត​ស្ងប់ស្ងាត់​ធ្វើ​ឱ្យ​អ្នកខ្លះ​សង្ស័យ​ថា ពួក​គេ​សម្ងំ​ត្រូវរ៉ូវ​គ្នា​វិញ តែ​មិន​ហ៊ាន​បើកចំហ ។

ស្នេហា​កីឡាករ និង​កីឡាការិនី​ល្បីឈ្មោះ​មួយគូ​នេះ ក្នុង​ពេល​ប្រកាស​ឱ្យ​ដឹង​ថា​បាន​ស្រឡាញ់​គ្នា មានការ​អបអរ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ ជា​ពិសេស​អ្នក​ដែល​មានចិត្ត​ស្រឡាញ់​​ពេញចិត្ត​នឹង​អាជីព​កីឡា​របស់​ពួក​គេ ។ ម្នាក់​ៗ​បាន​ទាំង​ប្រដូច​ថា​ពួក​គេ​ជា​គូស្នេហ៍​វ័យក្មេង និង​ល្បីឈ្មោះ​សម​គ្នា​ណាស់ ដោយសារ​តែ​ចាន់ វឌ្ឍនាកា ជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ពិភព​បាល់ទាត់ ហើយ ហែម​ថុ​ន វិ​ទិ​នី ឯណោះ​វិញ ក៏​ល្បីឈ្មោះ​ក្នុង​ពិភព​ហែល​ទឹក ដែល​អ្នក​ទាំង​ពីរ​បាន​បង្កើត​ចំណង​ស្នេហ៍​ក្រោយ​ពី​មានឱកាស​ថត​ស្ព​ត​បង្ហាញ​ពី​វិស័យ​កីឡា​ជាមួយ​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ក្រោយមក​ក៏​មាន​សកម្មភាព​ចូលរួម​កីឡា​ថ្នាក់​ជាតិ​រួម​គ្នា ។ ចំណង​ស្នេហ៍​របស់​ពួក​គេ​មិន​ត្រឹមតែ​បើកចំហ​តាម​រយៈ​មិត្តភក្តិ​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ត្រូវ​បាន​លាតត្រដាង​ផង​ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​កោតសរសើរ​គឺ​អ្នក​ទាំង​ពីរ​បាន​ប្រកាស​ដោយ​បើកចំហ​តែ​ម្ដង​ថា ខ្លួន​ពិតជា​ស្រឡាញ់ និង​ពេញចិត្ត​គ្នា​ប្រាកដ​មែន នៅ​ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ថា ពិតជា​គូស្នេហ៍​សម​គ្នា ។

យ៉ាងណាមិញ ចំណង​ស្នេហ៍​នេះ ត្រូវ​បាន​គេ​ដឹង​ឮ​មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពេល​បើកចំហ​ផង ក៏​ត្រូវ​ភាគី​ខាង​ស្រី​គឺ​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ប្រកាស​ឆាចោល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​នាង​និយាយ​ថា មិន​អាច​បន្ត​ទំនាក់ទំនង​ស្នេហា​ជាមួយ ចាន់ វឌ្ឍនាកា ទៀត​បាន​ទេ​។

បើ​ទោះជា​នាង​រមែង​បដិសេធ​បញ្ជាក់​ពី​ការ​បែកបាក់​លម្អិត​ឱ្យ​បានដឹង​ច្បាស់ ប៉ុន្តែ​នាង​បាន​ស្ដែង​ចេញ​យ៉ាង​ច្បាស់​ថា​ជីវិត​ស្នេហា​មិន​អាច​បន្ត​បាន​ឡើយ តាម​រយៈ​ការ​ឈប់​បង្ហោះ​​សកម្មភាព​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា ដោយ​សូ​ម្បី​តែ​រូបថត​ចាស់​ៗ​ដែល​បាន​បង្ហោះ​ក្នុង​ពេល​ល្អូកល្អិន ក៏​ត្រូវ​លុប​ចោល​ដែរ ។ មក​ទល់​ពេល​នេះ នាង​មិន​ទាន់​បក​ស្រាយ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ស្នេហា​របស់​ខ្លួន​បែកបាក់​ទេ ខណៈ​ដែល​ភាគី​ខាង​ប្រុស​ក៏​ទទួល​សា្គ​ល់​ថា បែកបាក់ ប៉ុន្តែ​មិន​បង្ហាញ​រឿងរ៉ាវ​លម្អិត ។ ប្រភព​ដែល​កោះ​សន្ដិ​ភាព​ទទួល​បាន គឺ​ស្នេហា​មួយគូ​នេះ ប្រហែល​មិន​អាច​ផ្សះផ្សា​បាន​ទេ ដោយសារ​តែ​ក្នុង​ពេល​នេះ​លោក ចាន់ វឌ្ឍនាកា ដែល​មាន​ឪពុក​ជា​ចៅហ្វាយខេត្ត​ម្នាក់​ផង ហាក់​ឡើង​កូដ​ខ្លាំង ហើយ​មាន​នារី​ចោមរោម​ច្រើន​សម្រាប់​ការ​ផ្ដល់​ជម្រើស​ខុស​ប្លែក​ពី​មុន ។ មិន​ខុស​គ្នា​ដែរ​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ឯណោះ​វិញ ក៏​មិន​អន់​ដែរ ដោយសារ​តែ​នាង​ជា​កីឡាការិនី​ស្រស់​ស្អាត ហើយ​ល្បីឈ្មោះ​ទៀត ក៏​មាន​កន្លង់​ចោមរោម​ចែចង់​លែបខាយ​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ៗ​មិន​ខ្វល់​ពី​ការ​ផ្សះផ្សា​ស្នេហា ។

ប្រភព​ដែល​អាច​ទុកចិត្ត​បាន​អះអាង​ថា លោក ចាន់ វឌ្ឍនាកា និង ហែម​ថុ​ន វិ​ទី​នី កំពុង​លេងឫក​ដាក់​គ្នា ទើប​បណ្ដាល​ឱ្យ​ភាគី​ទាំង​ពីរ​មិន​ទាន់​មានឱកាស​ចរចា​ស្នេហា​ណា​មួយ ក្រោយ​ពី​បាន​ប្រកាស​ចែកផ្លូវ​គ្នា​។ ប៉ុន្តែ​ចំណង​ស្នេហ៍​មួយគូ​នេះ ក៏​អាច​វិល​ជួប​វិល​បែក​ដូច​គ្នា​នឹង​គូស្នេហ៍​ទាំងឡាយ​នោះ​ដែរ ប្រសិនបើ​ពួក​គេ​បន្ទន់ចិត្ត​ដាក់​គ្នា ។ ម្នាក់​ៗ​បាន​លើក​ឡើង​ថា ក្នុង​អំឡុង​នៃ​ការ​ផ្ដើម​ស្នេហ៍​កំលោះ​ក្រមុំ​មួយគូ​បាន​សាង​នូវ​អនុស្សាវរីយ៍​ស្អិត​ល្មួត និង​ល្អូកល្អិន​មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ទើបតែ​ចូល​រោងការ​ទាំងឡាយ​ឡើយ ទើប​​បណ្ដាល​ឱ្យ​ស្នេហ៍​ដែល​បាន​កើតឡើង​ហាក់​ទទួល​បាន​នូវ​ជោគជ័យ និង​មាន​ស្នាម​ស្នេហ៍​បន្សល់​ទុក​រាប់​មិន​អស់ ដែល​ពិបាកធ្វើ​ឱ្យ​ពួក​គេ​បំភ្លេច​គ្នា​ងាយ​ៗ​។ បើ​ទោះជា​ក្នុង​ពេល​នេះ ម្នាក់​ៗ​នៅ​តែ​បន្ត​សម្ដែង​ឫក​មិន​ទាន់​ចង់​ត្រូវ​គ្នា ប៉ុន្តែ​បើ​ពួក​គេ​ចង់​ត្រូវ​គ្នា​វិញ គឺ​មិន​ពិបាក​នោះ​ទេ ដោយ​សំអាង​ថា ភាគី​ទាំង​សងខាង​សុទ្ធតែ​មាន​ស្នាម​ចង​ចាំ​គ្នា​ច្រើន​អនេក​ក្នុង​ពេល​មិន​ទាន់​បែក​។ អ៊ីចឹង​ហើយ​ទើប​នៅ​តែ​មានការ​សង្ស័យ​ថា កីឡាករ និង​កីឡាការិនី​ទាំង​ពីរ​អាច​នឹង​សម្ងំ​ត្រូវរ៉ូវ​គ្នា​វិញ​ក៏​ថា​បាន​ក្នុង​ពេល​ភាគី​ម្ខាង​ៗ​មិន​ចេញ​មុខ​បញ្ជាក់​បន្ថែម​ពី​ការ​បែកបាក់ ស្រប​ពេល​ដែល​ម្នាក់​ៗ​ក៏​មិន​ទាន់​ឃើញ​រំលេច​ពី​ស្នេហា​ថ្មី​បែប​នេះ​។

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​ម្នាក់​ៗ​ខ្វល់​តែ​រឿង​បង្អួត​ស្នាដៃ និង​សកម្ម​ជាមួយ​ការងារ​រៀងខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្តែ​យូរ​ៗ​ម្ដង​គេ​ឃើញ​គូស្នេហ៍​មួយគូ​នេះ បង្ហោះ​សារ​ឌឺ​គ្នា​ដែល​មិន​ខុស​ពី​នៅ​តាមដាន​រាល់​សកម្មភាព​របស់​គ្នា​។ ប្រភព​មួយ​និយាយ​ថា ហែម​ថុ​ន វិ​ទិ​នី ប្រចណ្ឌ​ខ្លាំង ប៉ុន្តែ​ប្រភព​ដដែល​ក៏​បាន​បង្ហាញ​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​ពូកែ​ទាំង​ស៊ុត​បាល់ និង​ពូកែ​ទាំង​ឌឺ​ចំពោះ​គូស្នេហ៍​ផង​ដែរ​។ គេ​នៅ​តែ​ជឿ​ថា អ្នក​ទាំង​ពីរ​នឹង​ឈាន​ទៅ​ត្រូវរ៉ូវ​គ្នា​វិញ ប្រសិនបើ​ពួក​គេ​មាន​បំណង​ឱ្យ​ស្នេហា​មួយ​នេះ​ត្រឡប់​ដូច​ដើម ៕